មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកន្លែងបញ្ចុះសព Yayway Cemetery នៅជាយក្រុងយ៉ាងហ្គន (Yangon) កាលពីល្ងាចថ្ងៃចន្ទ ដើម្បីសម្តែងការគោរពដល់វិញ្ញាណក្ខន្ធលោក Ko Ni ដែលលោកជាមេធាវីមានឈ្មោះបោះសំឡេងមួយរូបនៅប្រទេសមីយ៉ាន់ម៉ា និងជាទីប្រឹក្សាគណបក្សកាន់អំណាចរបស់លោកស្រីអង់សាន ស៊ូជី។ លោក Ko Ni ត្រូវបានគេធ្វើឃាតនៅព្រលានយន្តហោះក្រុងយ៉ាងហ្គន កាលពីល្ងាចថ្ងៃអាទិត្យ។
ពិធីបុណ្យសពលោកមេធាវី Ko Ni គឺពោរពេញទៅដោយភាពសោកសង្រេង និងតឹងតែងក្នុងចិត្តពីសំណាក់សាធារណជន។ បុរសមូស្លីមរាប់រយនាក់បានស្រែកបន្ទរនូវឃ្លាឃ្លងបញ្ជាក់ឡើងពីជំនឿសាសនារបស់ខ្លួន ស្របពេលដែលពួកគេលើកមជ្ឈូសលោក Ko Ni ចេញពីវិហារឥស្លាម ទៅកាន់រណ្តៅកប់សពនៅជិតនោះ ខណៈដែលហ្វូងមនុស្សយ៉ាងធំមួយឈរសម្លឹងមើល។ បន្ទាប់មក មនុស្សមួយចំនួនបានឈរតម្រង់ជួរដើម្បីយកខ្សាច់មួយក្តាប់ដៃស្រោចទៅលើរណ្តៅសពរបស់លោកមេធាវី។
លោកមេធាវី Nyan Win និងសមាជិកជាន់ខ្ពស់ដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានមកចូលរួមពិធីបុណ្យសព ដើម្បីជាការគោរព។
សេចក្តីថ្លែងការណ៍មួយរបស់គណបក្សបានឲ្យដឹងថា ការស្លាប់របស់លោក Kon Ni គឺជា «ការបាត់បង់មិនអាចស្រោចស្រង់ឡើងវិញបាន» សម្រាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ ស្របពេលនេះដែរ ខុទ្ទកាល័យលោកប្រធានាធិបតីក៏បានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើឃាតលោក Kon Ni មានបំណងធ្វើឲ្យប្រទេសទាំងមូល «ជ្រួលច្របល់»។ ប្រមុខប្រឹក្សារដ្ឋលោកស្រីអង់សាន ស៊ូជី មិនទាន់បង្ហាញប្រតិកម្មណាមួយទៅនឹងករណីឃាតកម្មនេះនៅឡើយទេ។
លោក Soe Lwin ជាសមាជិកម្នាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាជនមូស្លីមមួយរូបមកពីសង្កាត់ Hlaing ក្រុងយ៉ាងហ្គន។ លោកបានចូលរួមពិធីបុណ្យសព និងបានមានប្រសាសន៍ថា «មនុស្សគ្រប់គ្នាមានភាពសោកសៅ និងរន្ធត់ចិត្តយ៉ាងខ្លាំង។ ពួកយើងព្រួយបារម្ភថាតើនឹងមានអ្នកដែលមានសមត្ថភាពផ្នែកច្បាប់ដូចរូបគាត់ទៀតដែរឬយ៉ាងណាទេ»។
លោកត្រូវបានគេធ្វើឃាតនៅអាកាសយាន្តដ្ឋាន
លោក Ko Ni ត្រូវបានខ្មាន់កាំភ្លើងដើរមកបាញ់ចំក្បាលផ្នែកខាងក្រោយ ខណៈដែលលោកកំពុងពរចៅប្រុសនៅឯព្រលានយន្តហោះ។ ឃាតករនោះក៏បានបាញ់សម្លាប់អ្នករត់តាក់ស៊ីម្នាក់ ដែលព្យាយាមឃាត់ផ្លូវខ្លួនកុំឲ្យរត់គេច ប៉ុន្តែចុងក្រោយត្រូវបានប៉ូលិស និងអ្នករត់តាក់ស៊ីដទៃទៀតចាប់ខ្លួន។ ពេលនោះ អ្នករត់តាក់ស៊ីពីរនាក់នៅក្នុងចំណោមនោះក៏បានរងរបួសផងដែរ។
លោក Ko Ni គឺជា មេធាវីគាំទ្រលិទ្ធិប្រជាធិបតេយ្យមួយរូប ហើយលោកបានបំពេញការងារជាមេធាវីខាងច្បាប់ធម្មនុញ្ញ ដែលបានផ្តល់ប្រឹក្សាដល់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យផ្នែកកំណែទម្រង់រដ្ឋធម្មនុញ្ញ។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានបង្កើតនូវរដ្ឋាភិបាលជ្រើសតាំងដោយការបោះឆ្នោតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះកាលពីខែមេសាឆ្នាំមុន ប៉ុន្តែអំណាចរបស់គណបក្សនេះនៅតែរងការរឹតត្បិតយ៉ាងខ្លាំងដោយរដ្ឋធម្មនុញ្ញរៀបរៀងឡើងដោយយោធាក្នុងឆ្នាំ២០០៨។
លោកក៏ជាសមាជិកមួយរូបនៃជនភាគតិចមូស្លីមផងដែរ។ ក្រៅពីការលើកឡើងពីកំណែទម្រង់រដ្ឋធម្មនុញ្ញ លោកមេធាវីក៏បានប្រឆាំងនឹងភាពតានតឹងក្នុងសហគមន៍ជាមួយនឹងជនកាន់ពុទ្ធសាសនាមួយភាគធំ និងការងើបឡើងនៃចលនាជាតិនិយមបែបពុទ្ធសាសនាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅថ្ងៃអាទិត្យ លោក Ko Ni បានវិលត្រលប់មកពីប្រទេសឥណ្ឌូនេស៊ីវិញជាមួយនឹងគណៈប្រតិភូមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានសមាជិកគណៈរដ្ឋមន្រ្តី មេដឹកនាំសាសនាព្រះពុទ្ធនៅរដ្ឋ Rakhine និងមេដឹកនាំជនមូស្លីមកុលសម្ព័ន្ធរ៉ូហ៊ីងយ៉ា (Rohingya)។ ពួកលោកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវគ្គសិក្សាពីដំណើរការដោះស្រាយជម្លោះសហគមន៍នៅឥណ្ឌូនេស៊ី ដើម្បីជួយជ្រោមជ្រែងដោះស្រាយវិបត្តិនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។ វិបត្តិនេះបានធ្វើឲ្យជនរ៉ូហ៊ីងយ៉ារាប់សិបពាន់នាក់បាត់បង់ទីជម្រកនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ប៉ូលិសមិនបានផ្តល់ដំណឹងពីមូលហេតុនៅពីក្រោយការសម្លាប់នោះទេ ប៉ុន្តែត្រូវបានរាយការណ៍ថា បានលើកឡើងថា ខ្មាន់កាំភ្លើងនោះធ្លាប់ជាប់ពន្ធនាគារក្រុង Mandalay មុនពេលត្រូវបានដោះលែងក្នុងការលើកលែងទោសកាលពីឆ្នាំ២០១៤។
កាលពីថ្ងៃចន្ទ ជនមូស្លីមចូលរួមរំលែកទុក្ខមួយភាគធំ ដែលត្រូវបានសម្ភាសន៍ ជឿថា លោក Ko Ni ត្រូវបានធ្វើឃាតដោយសារកិច្ចការរបស់លោកក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ មិនមែនដោយសារតែភាពតានតឹងរវាងសហគមន៍និងសហគមន៍នោះទេ។
សមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោក Soe Lwin បាននិយាយថា «លោក U Ko Ni ធ្លាប់បាននិយាយយ៉ាងបើកចំហ និងយ៉ាងលម្អិតពីរដ្ឋធម្មនុញ្ញ ដូចនេះសាធារណជនត្រូវតែយល់ដឹងពីអ្វីដែលខុសឆ្គងជាមួយនឹងរដ្ឋធម្មនុញ្ញ»។ លោកបានបន្តថា «វាគ្មានពាក់ព័ន្ធអ្វីជាមួយនឹងសាសនា ឬជម្លោះរវាងពុទ្ធសាសនិក និងជនមូស្លីមទេ ហេតុតែមួយនោះគឺថា មានអ្នកចង់បញ្ឈប់លោក»។
លោក Tun Kyi សកម្មជនមូស្លីមពីអង្គការសហគមន៍អតីតអ្នកទោសនយោបាយ (Former Political Prisoners Society) ដែលបានជួយរៀបចំពិធីបុណ្យសពលោកមេធាវី Ko Ni បាននិយាយថា «លោក Ko Ni ដឹងយ៉ាងច្បាស់ពីច្បាប់ និងរបៀបរៀបចំរដ្ឋធម្មនុញ្ញ។ នៅក្នុងប្រទេសរបស់យើង មនុស្សមួយចំនួនមិនចង់ផ្លាស់ប្តូររដ្ឋធម្មនុញ្ញទេ។ នេះហើយជាហេតុផល (ដែលគាត់ត្រូវបានគេសម្លាប់)»។
លោកបានលើកឡើងថា ការឆ្លើយតបរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យទៅនឹងរឿងឃាតកម្មនេះមានភាពប្រសើរមកទល់ពេលនេះ ហើយលោកបានសង្កត់ធ្ងន់ថា ត្រូវមានការស៊ើបអង្កេតពេញលេញទៅលើករណីឃាតកម្មលោកមេធាវី Ko Ni។
លោក Bo Bo Oo តំណាងរាស្រ្តពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងរដ្ឋលេខាធិការគណៈកម្មាការទំនាក់ទំនងការបរទេសនៃសភាជាន់ទាប បានប្រាប់ VOA ថា មិនទាន់ច្បាស់នៅឡើយទេ ថាតើសភានឹងកោះហៅឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដោយបន្ថែមថា ប៉ូលិសកំពុងតែត្រួតពិនិត្យរឿងក្តីនេះ។
ទាមទារឲ្យមានការស៊ើបអង្កេត
អង្គការការពារសិទ្ធិអន្តរជាតិ អង្គការសហប្រជាជាតិ និងតំណាងស្ថានទូតនានានៅក្រុងយ៉ាងហ្គន ដែលមួយចំនួនពីមុនមកធ្លាប់បានពិគ្រោះយោបល់ជាមួយនឹងលោក Ko Ni ជុំវិញបញ្ហាផ្លូវច្បាប់ និងនយោបាយ បានអំពាវនាវយ៉ាងខ្លាំងសុំឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងឯករាជ្យទៅលើករណីឃាតកម្មនោះ។
អង្គការដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group) បានឲ្យដឹងថា ករណីឃាតកម្មនោះ«មានគ្រប់សណ្ឋាននៃរឿងឧក្រិដ្ឋកម្មដោយសារភាពសម្អប់» និង «សង្កត់ធ្ងន់យ៉ាងខ្លាំងឲ្យមានការសហការការគ្នារវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងសង្គមទាំងមូល ដើម្បីថ្កោលទោសគ្រប់សណ្ឋាននៃការបោះសម្តីបណ្តុះឲ្យមានភាពសម្អប់»។
រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិតេយ្យមានភាពស្ងៀមស្ងាត់អំពីកំណើននៃការរើសអើងប្រឆាំងនឹងជនមូស្លីម និងបានដកថយពីការដាក់បេក្ខជនតំណាងជាជនមូស្លីមនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ ដែលនេះប្រហែលដោយសារការភ័យខ្លាចពីការរីកដុះដាលចលនាជាតិនិយមពីក្រុមជនកាន់សាសនាព្រះពុទ្ធនាគ្រានោះ។
លោក Soe Tint មេធាវីប្រចាំតុលាការកំពូល និងជាមិត្តភក្តិជិតដិតនឹងលោក Ko Ni បានឈរមើលពិធីបុណ្យសពពីចម្ងាយកាលពីចន្ទ។ លោកបដិសេធមិនផ្សារភ្ជាប់រឿងនេះទៅនឹងបញ្ហាសាសនា ហើយបាននិយាយថា «លោក U Ko Ni បានធ្វើអ្វីគ្រប់យ៉ាងតាមតែខ្លួនអាចធ្វើបានសម្រាប់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេស ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន»។
លោកបានបន្តថា «វាពិបាកនឹងនិយាយឲ្យត្រូវ (ពីរឿងឃាតកម្មនោះ) ប៉ុន្តែប្រហែលជាមានមេក្លោងនៅពីក្រោយ។ ខ្ញុំគិតថា មានការមិនពេញចិត្តខ្លះទាក់ទងនឹងការរួមចំណែករបស់លោកទៅកាន់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងដំណើរការនយោបាយមកទល់ពេលនេះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា