ជនស៊ីវិលនិងពួកឧទ្ទាមស៊ីរីរាប់ពាន់នាក់ដែលជាប់គាំងកំពុងស្វែងរកបន្តការជម្លៀសនៅក្នុងទីក្រុង Aleppo ដែលហែកហួរដោយសង្គ្រាមនៅថ្ងៃអាទិត្យនេះ។ លោកស្រី Elodie Schindler អ្នកនាំពាក្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនៅតែមានក្តីសង្ឃឹមសម្រាប់ពួកគេនៅថ្ងៃអាទិត្យនេះនៅពេលដែលលោកស្រីបាននិយាយថា អង្គការរបស់លោកស្រីបានប្រុងប្រៀបជាស្រេចហើយដើម្បីបន្តជម្លៀសមនុស្សចេញពីទីក្រុង Aleppo ភាគខាងកើតដែលសង្ឃឹមថានឹងធ្វើឡើងនៅព្រឹកនេះ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិត្រូវគេរំពឹងនឹងបោះឆ្នោតនៅថ្ងៃអាទិត្យនេះថាតើនឹងបញ្ជូនអ្នកឃ្លាំមើលទៅកាន់ទីក្រុងដែលហែកហួរដោយសង្គ្រាមដើម្បីពិនិត្យមើលការជម្លៀសមនុស្សចេញហើយនឹងជួយផ្តល់កិច្ចការពារជនស៊ីវិលដែលស្ថិតនៅទីនោះ។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនឹងពិចារណាសំណើព្រាងរបស់ប្រទេសបារាំងដែលសំដែងនូវការភ្ញាក់ផ្អើលពីវិបត្តិមនុស្សធម៌ដែលកំពុងកាន់តែយ៉ាប់យ៉ឺនឡើងនៅខាងក្នុងនិងជិតទីក្រុង ហើយនឹងមនុស្សរាប់ពាន់នាក់ទៀតដែលស្ថិតនៅក្នុងទីក្រុងដែលឡោមព័ទ្ធនេះដែលត្រូវជម្លៀសចេញនេះ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដូចជាសំណើឈប់បាញ់គ្នារាប់សិបទៀតដែលត្រូវបានពិចារណាដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅឆ្នាំនេះ ត្រូវគេរំពឹងនឹងទទួលបានការរិះគន់ពីប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីដែលបានបោះឆ្នោតវ៉េតូសំណើឈប់បាញ់គ្នាកាលពីដំបូងៗ។
ពួកអ្នកឃ្លាំមើលនិយាយថា ជនស៊ីវិលនិងក្រុមអ្នកប្រយុទ្ធឧទ្ទាមដែលនៅសេសសល់ចុងក្រោយយ៉ាងច្រើនរហូតដល់៤ម៉ឺននាក់បានរង់ចាំសម្រាប់កិច្ចប្រតិបត្តិការដឹកជញ្ជូនដែលបានបន្តកាលពីថ្ងៃសៅរ៍បន្ទាប់ពីការពន្យាពេលកាលពីថ្ងៃសុក្រដោយរដ្ឋាភិបាលស៊ីរី។ ការពន្យាពេលជម្លៀសនោះបានកើតមានឡើងបន្ទាប់ពីកងទ័ពដែលគាំទ្ររដ្ឋាភិបាលទាមទារឲ្យជម្លៀសភូមិនិកាយស៊ីអ៊ីដ២ដែលស្ថិតនៅក្រោមការកាន់កាប់ដោយរដ្ឋាភិបាល៕