ផែនការដើម្បីជម្លៀសជនស៊ីវិល និងពួកឧទ្ទាមពីទីក្រុង Aleppo នៃប្រទេសស៊ីរីបានត្រូវពន្យារពេលនៅថ្ងៃពុធនេះ។ ហើយបទឈប់បាញ់គ្នាមួយនៅក្នុងទីក្រុងដ៏ខ្ទេចខ្ទីនេះបានទទួលបរាជ័យ ដោយមានការបន្តការប្រយុទ្ធនៅក្នុងផ្នែកដែលនៅសេសសល់ចុងក្រោយ ដែលកាន់កាប់ដោយពួកឧទ្ទាម។
មានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីបញ្ឈប់ការប្រយុទ្ធនៅក្នុងទីក្រុង Aleppoដើម្បីយកជំនួយទៅឲ្យមនុស្សរាប់ពាន់នាក់ ដែលត្រូវការម្ហូបអាហារនិងថ្នាំពេទ្យ។ ក៏ប៉ុន្តែកិច្ចផ្តួចផ្តើមទាំងនោះ រួមមានបទឈប់បាញ់គ្នា ដែលសម្របសម្រួលដោយប្រទេសនានាដូចជារុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសតួកគី បានទទួលបរាជ័យ។
កិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះ ត្រូវប្រកាសកាលពីថ្ងៃអង្គារ ដោយមានការជម្លៀសមនុស្សលើកដំបូងត្រូវគេរំពឹងចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ។ នៅពាក់កណ្តាលថ្ងៃពុធ ក្រុមសកម្មជនរាយការណ៍ថា មានការបាញ់ផ្តក់ថ្មីក្នុងតំបន់នានានៃទីក្រុង Aleppo ភាគខាងកើតដែលកាន់កាប់ដោយពួកឧទ្ទាមហើយរុស្ស៊ីបានស្តីបន្ទោសយុទ្ធជនរបស់ក្រុមប្រឆាំងពីការរំលោភបទឈប់បាញ់គ្នា ដោយធ្វើការវាយប្រហារទៅលើទីតាំងរដ្ឋាភិបាលស៊ីរី។ គ្មានការជម្លៀសមនុស្សត្រូវបានធ្វើឡើងទេ។
យោងទៅតាមលោក Vitaly Churkin ឯកអគ្គរដ្ឋទូតប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ផែនការនោះភាគច្រើនសម្រាប់ការរត់គេចខ្លួនរបស់យុទ្ធជនក្រុមប្រឆាំង ដើម្បីទៅកាន់ទីក្រុង Idlib ជាទីក្រុងមួយ ដែលមានពលរដ្ឋ១សែន៦ម៉ឺន៥ពាន់នាក់ ស្ថិតនៅផ្នែកនារតីនៃទីក្រុង Aleppo។
លោក Churkin បានពណ៌នាកិច្ចព្រមព្រៀងនោះថា ជាការបញ្ចប់សករាជដ៏ពិបាកបំផុតសម្រាប់ទីក្រុង Aleppo ហើយលោកបាននិយាយទៀតថា រដ្ឋាភិបាលរបស់លោកសង្ឃឹមថា ការណ៍នេះនឹងនាំឲ្យមានការចាប់ផ្តើមការចរចាខាងនយោបាយឡើងវិញ៕