រថយន្តដឹកអ្នកដំណើរ និងរថយន្តសង្គ្រោះបន្ទាន់បានប្រុងប្រៀបរៀបចំជម្លៀសមនុស្សចេញពីតំបន់នានាដែលនៅសេសសល់នៃទីក្រុង Aleppo នៃប្រទេសស៊ីរីដែលកាន់កាប់ដោយពួកឧទ្ទាមនៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែនៅថ្ងៃទី២ជាប់ៗគ្នាមានភាពមិនប្រាកដប្រជាថាតើផែនការនេះនឹងដំណើរការទៅតាមការព្រមព្រៀងគ្នាដែរឬទេ។
អ្នកដែលត្រូវការជំនួយថ្នាំសង្កូវត្រូវបានគេដឹកជញ្ជូនចេញពីទីក្រុង Aleppoខាងកើតមុនដែលពួកប្រឆាំងបានកាន់កាប់នៅឆ្នាំ២០១២។ ជនស៊ីវិល និងពួកអ្នកប្រយុទ្ធឧទ្ទាមផ្សេងទៀតនឹងជម្លៀសចេញនៅពេលក្រោយ។
ពួកសកម្មជន និងមន្រ្តីសុខាភិបាលមូលដ្ឋានបាននិយាយថា កងទ័ពដែលគាំទ្ររដ្ឋាភិបាលបានបាញ់រថយន្តសង្គ្រោះបន្ទាន់ដែលបានព្យាយាមចាកចេញពីទឹកដីដែលកាន់កាប់ដោយពួកឧទ្ទាម ដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៣នាក់ដែររងរបួស។
អំពើហិង្សាដែលបន្តមានឡើងជាផ្នែកមួយនៃហេតុផលនៃការជម្លៀសបានត្រូវពន្យារពេលនៅពេលចាប់ផ្តើមកាលពីថ្ងៃពុធ នៅពេលដែលភាគីទាំង២នៃជម្លោះបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភការឈប់បាញ់គ្នាដែលសម្របសម្រួលដោយប្រទេសរុស្ស៊ី និងតួកគី។
ការចាកចេញចុងក្រោយបង្អស់របស់ពួកឧទ្ទាមចេញពីទីក្រុង Aleppo នឹងកត់សម្គាល់ពីជ័យជម្នះដ៏ធំមួយសម្រាប់ប្រធានាធិបតី Bashar al-Assad។ កងទ័ពរបស់លោកបានដាក់គំនាបយុទ្ធនាការខាងយោធាដែលគាំទ្រដោយប្រទេសរុស្ស៊ីដែលបានបង្កើនល្បឿនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលពួកគេដណ្តើមទឹកដីកាន់តែច្រើនឡើងពីពួកប្រឆាំង៕