ការជម្លៀសខ្លួនប្រជាពលរដ្ឋចេញពីទីក្រុង Aleppo ត្រូវបានផ្អាកមួយរយៈ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ជាប់មិនអាចចេញរួច។ ការផ្ទុះបានលាន់ឮនៅថ្ងៃសុក្រនេះក្បែរក្បួនរថយន្ត ដែលជម្លៀសមនុស្សចេញពីទីក្រុង។
បណ្តាញផ្សាយព័ត៌មានរដ្ឋ រាយការណ៍ថាពួកឧទ្ទាមបានបំពានលើបទឈប់បាញ់ជាមួយរដ្ឋាភិបាល។ គេមិនដឹងច្បាស់ថាតើការជម្លៀសនឹងធ្វើឡើងវិញនៅពេលណាទេ។
កាលពីពេលមុននេះលោកប្រធានាធិបតីរុស្ស៊ីបានថ្លែងថាប្រទេសរបស់លោកកំពុងធ្វើការជាមួយប្រទេសតួកគីដើម្បីចាប់ផ្តើមការចរចាស្វែងរកសន្តិភាពជាថ្មីស្តីពីប្រទេសស៊ីរី ដោយមានគោលបំណងស្វែងរកបទឈប់បាញ់ទូទាំងប្រទេស។
ថ្លែងនៅថ្ងៃសុក្រនេះ ក្នុងអំឡុងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន លោក Vladimir Putin និយាយថា លោក និងលោកប្រធានាធិបតី Recep Tayyip Erdogan ស្នើឲ្យមានការចរចារវាងរដ្ឋាភិបាលស៊ីរី និងបក្សប្រឆាំង ដែលអាចធ្វើឡើងនៅក្នុងរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថាន៕