កងកម្លាំងរុស្ស៊ី បានបាញ់ផ្តក់ដាក់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រនុយក្លេ អ៊ែរដ៏ធំបង្អស់មួយរបស់អ៊ុយក្រែន ហើយបានបណ្តាលឲ្យឆេះអគារនៅក្នុងបរិវេណរោងចក្រនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននៅថ្ងៃសុក្រនេះ។
កាលពីដំបូង អភិបាលក្រុង Enerhoda ដែលជាក្រុងនៅក្បែនោះ បាននិយាយថា រោងចក្រនោះបានឆេះ។ ក៏ប៉ុន្តែ ភ្លាមៗក្រោយមក នាយករោងចក្រនោះ បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ ២៤ ថា អគ្គិភ័យបានចាប់ផ្តើមឆេះខាងក្រៅអាគារហើយថា សន្តិសុខហាក់ដូចជាត្រូវបានស្តាររោងចក្រនោះឡើងវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Enerhoda ជាទីក្រុងផលិតថាមពលដ៏សំខាន់មួយនៅទន្លេ Dnieper ដែលមានប្រវែងជិត ៧០០ គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានីកៀវ។ រោងចក្រនោះ ផលិតថាមពលប្រហែលចំនួន ២៥% សម្រាប់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ហើយបានទទួលព័ត៌មានថ្មីៗស្តីពីការឆេះរោងចក្រនុយក្លេអ៊ែរនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមានដែលបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា លោកប្រធានាធិបតី Biden និងលោកប្រធានាធិបតី Zelenskyy បានជំរុញឲ្យ «រុស្ស៊ីបញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់នោះហើយអនុញ្ញាតឲ្យក្រុមអ្នកពន្លត់អគ្គិភ័យនិងអ្នកសង្គ្រោះបន្ទាន់ចូលទៅកាន់ទីកន្លែងនោះ»។
សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ទៀតថា លោកប្រធានាធិបតី Biden ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក Jill Hruby អនុរដ្ឋមន្ត្រីសន្តិសុខនុយក្លេអ៊ែរនៃក្រសួងថាមពលនិងរដ្ឋបាលសន្តិសុខជាតិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយបានទទួលព័ត៌មានថ្មីៗស្តីពីស្ថានភាពនៅរោងចក្រនោះ។
សេចក្តីថ្លែងការណ៍ពីលោកស្រី Shalanda Young នាយកស្តីទីនៃការិយាល័យគ្រប់គ្រងនិងថវិកា បានបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានស្នើថវិកាបន្ថែម ១០ ពាន់លានដុល្លារពីសភាដើម្បី«ផ្តល់ការជួយឧបត្ថម្ភបន្ថែមខាងមនុស្សធម៌ សន្តិសុខនិងសេដ្ឋកិច្ច»នៅក្នុងប្រទេសអ៊ុយក្រែននិងតំបន់ជិតខាងក្នុងរយៈពេលប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខនេះ។
លោកស្រី បានមានប្រសាសន៍ថា ថវិកានោះ នឹងចំណាយលើកិច្ចការការពារប្រទេស ជំនួយម្ហូបអាហារគ្រាអាសន្ន ការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកនៅបណ្តាប្រ ទេសជិតខាងអ៊ុយក្រែននិងការពង្រឹងការដាក់ទណ្ឌកម្មឲ្យកាន់តែខ្លាំងឡើង។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរ រដ្ឋាភិបាលអាមេរិកបានបង្កើនការដាក់ទណ្ឌកម្មលើក្រុមអភិជនដែលជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters