ប្រទេសមហាអំណាចនៅលើពិភពលោកគួរតែកំណត់នូវ «លក្ខខណ្ឌតឹងតែងច្បាស់លាស់» ជាមួយនឹងប្រទេសរុស្ស៊ី ហើយត្រូវពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូនៅពេលដែលលក្ខខណ្ឌទាំងនេះត្រូវបានបំពាន។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន CBS របស់សហរដ្ឋអាមេរិក។
លោក Macron បានថ្លែងនៅក្នុងបទសម្ភាសន៍ជាវីដេអូមួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា៖ «យើងត្រូវកំណត់លក្ខខណ្ឌតឹងតែងច្បាស់លាស់ជាមួយនឹងរុស្ស៊ី»។
លោកនិយាយដូច្នេះថា៖ «នេះគឺជាវិធីតែមួយគត់ដើម្បីធ្វើឲ្យមានការជឿជាក់។ ទណ្ឌកម្មតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែទណ្ឌកម្មគឺជាផ្នែកមួយនៃលក្ខខណ្ឌទាំងមូល»។
លោកបានបន្ថែមថា លោកក៏យល់ស្របផងដែរជាមួយនឹងឆន្ទៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងការបើកការពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងអំឡុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងនេះ។
ការលើកឡើងរបស់លោក Macron ដូចនេះ គឺជាការងាកចេញពីគោលជំហរពីមុនរបស់រដ្ឋាភិបាលបារាំងលើប្រទេសរុស្ស៊ី និងបានធ្វើឲ្យបារាំងងាកកាន់តែជិតទៅរកសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ចាប់តាំងពីបានឡើងកាន់អំណាចជាប្រធានាធិបតីបារាំងនៅក្នុងឆ្នាំ ២០១៧ មក លោក Macron បានព្យាយាមកាត់បន្ថយភាពមិនជឿទុកចិត្តគ្នារវាងរុស្ស៊ីនិងបស្ចិមប្រទេស ដោយលោកសង្ឃឹមថារុស្ស៊ីនឹងអាចជួយដោះស្រាយវិបត្តិតឹងតែងបំផុតនានានៅលើពិភពលោក។
លោក Macron បានលើកឡើងដូចខាងលើនេះ នៅចំពេលមានការមិនចុះសម្រុងគ្នាខ្លាំងបំផុតរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់តាំងពីពេលបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ ១៩៨៩ មក។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមួយចំនួនលើរុស្ស៊ី ដែលក្នុងនោះរួមមានទាំងការដាក់កំហិតលើទីផ្សារបំណុលរដ្ឋរបស់រុស្ស៊ីផងដែរ។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនេះត្រូវបានធ្វើឡើងដោយសារតែការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ការលួចវាយប្រហាររបស់រុស្ស៊ីតាមប្រព័ន្ធអ៊ីនធឺណិត ការយាយីប្រទេសអ៊ុយក្រែន និងទង្វើអាក្រក់ផ្សេងៗទៀត៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា