ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​និង​អាល្លឺម៉ង់​បិទ​ប្រទេស​ជា​ថ្មី​​​រយៈពេល​១​ខែ ​​ក្រោយ​​ការ​ឆ្លង​កូវីដ១៩​កើន​ឡើង​​ខ្លាំង


បដាសាធារណៈមួយរំឭកឲ្យពលរដ្ឋអាល្លឺម៉ង់ពាក់ម៉ាស់ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
បដាសាធារណៈមួយរំឭកឲ្យពលរដ្ឋអាល្លឺម៉ង់ពាក់ម៉ាស់ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ការ​កើន​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​បាន​បង្ខំឲ្យ​មេដឹក​នាំ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ចាត់​វិធានការ​បិទ​ប្រទេស​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩ ​នេះ។​

ក្នុងសុន្ទរកថា​ដែល​ផ្សាយតាមទូរទស្សន៍ នៅ​ថ្ងៃ​ពុធ​ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ប្រកាស​ពី​ការ​បិទ​សកម្មភាពប្រទេស​ទាំង​មូល​ ក្នុង​រយៈពេល​មួយ​ខែ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពីថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា នេះ​តទៅ។​

លោក​បញ្ជាក់​ថា​ភោជនីយដ្ឋាន​ បារ​កម្សាន្ត​ ហាង​កាហ្វេ​ និង​ហាង​ជំនួញ​មិន​ចាំ​បាច់​នានា ​នឹង​ត្រូវ​បិទ​ទ្វារ ​ក្នុង​រយៈ​ពេល​នេះ។​ ពលរដ្ឋ​បារាំង​នឹង​ត្រូវ​គេ​អនុញ្ញាតឲ្យ​ចេញ​ពី​ផ្ទះ ក្នុង​ករណីទៅ​ធ្វើ​ការ​ទៅ​ផ្សារ​ និង​ទៅ​ពិនិត្យ​ជំងឺ​តែ​ប៉ុណ្ណោះ។ ​

ដោយ​ឡែក ​ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​ អធិការបតីអាល្លឺម៉ង់លោក​ស្រី​ Angela Merkel បាន​ចាត់​វិធានការ​ប្រហាក់ប្រហែលនឹង​ប្រទេស​បារាំងផង​ដែរ​ ដោយនៅ​ថ្ងៃ​ពុធ​ បានបញ្ជា​ឲ្យ​បិទ​សកម្មភាពប្រទេស​ក្នុង​រយៈ​ពេល​មួយ​ខែ បន្ទាប់​ពី​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋទាំង​ ១៦ ​ក្នុង​សហព័ន្ធ​របស់​អាល្លឺម៉ង់​រួច​មក។

បន្ថែម​ទៅ​លើ​ភោជនីយដ្ឋាន​និង​បារ រាល់​កន្លែង​ហាត់​ប្រាណ​ រោង​ភាពយន្ត និង​រោង​មហោស្រព​ទាំង​អស់ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ទ្វារ​ដែល​ត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ចន្ទ​ ទី​២ ខែ​វិច្ឆិកា​ ខណៈ​ពេល​ដែល​ហាង​ជំនួញ​ភាគ​ច្រើនផ្សារ​ និង​ហាង​សម្អាង​ត្រូវ​បាន​អនុញ្ញាតឲ្យ​នៅ​បើក​ទ្វារ​ដដែល។​

សាលា​រៀន​ក្នុង​ប្រទេស​ទាំង​ពីរ​ ក៏​នៅ​ដំណើរ​ការ​ធម្មតា​ដែរ ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស​នេះ។​

ការ​ដាក់ចេញ​នូវ​វិធានការ​បិទ​ប្រទេសទាំង​ពីរ​នេះ​កើត​មាន​ឡើង ​ខណៈ​បារាំង​និង​អាល្លឺម៉ង់ កំពុង​ប្រឈម​យ៉ាង​លំបាក​ទៅនឹង​ការរាតត្បាត​ និង​ការ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ដោយនៅ​អាល្លឺម៉ង់​ ក្នុង​ថ្ងៃ​ពុធ មាន​អ្នក​ឆ្លង​ថ្មី​ជិត ១៥.០០០ ​នាក់ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ កាន់​តែជិត​ដល់ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។

នៅ​ជុំវិញ​ពិភពលោក ​គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​អ្នក​ឆ្លង​កូវីដ១៩​ សរុប​ជាង ​៤៤,៤ ​លាន​នាក់ និង​អ្នក​ស្លាប់ ជាង ​១,១ លាន​នាក់។ ប្រទេស​ឥណ្ឌា​ ក៏​ទើប​មាន​អ្នក​ឆ្លង​កើន​លើស ​៨​ លាន​នាក់​ផង​ដែរ៕

XS
SM
MD
LG