ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​និង​អ្នក​សារព័ត៌មាន​​​បារម្ភ​ថា ច្បាប់​ថ្មី​មួយ​​របស់​បារាំង​អាច​នឹង​រឹតត្បិត​សេរីភាព​របស់​ពួកគេ


រូបឯកសារ៖ ក្រុម​បាតុករ​ដែល​មាន​ពាក់​ម៉ាស់​នាំ​គ្នា​តវ៉ា ខណៈ​ដែល​សភា​បារាំង​ចាប់​ផ្ដើម​ពិភាក្សា​អំពី​សំណើ​ច្បាប់​សន្ដិសុខ​ថ្មីមួយ ដែល​ពួកគេ​បារម្ភថា​អាច​នឹង​រឹតត្បិត​សេរីភាព​របស់​ពួកគេ ក្រុង Nantes ប្រទេស​បារាំង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រុម​បាតុករ​ដែល​មាន​ពាក់​ម៉ាស់​នាំ​គ្នា​តវ៉ា ខណៈ​ដែល​សភា​បារាំង​ចាប់​ផ្ដើម​ពិភាក្សា​អំពី​សំណើ​ច្បាប់​សន្ដិសុខ​ថ្មីមួយ ដែល​ពួកគេ​បារម្ភថា​អាច​នឹង​រឹតត្បិត​សេរីភាព​របស់​ពួកគេ ក្រុង Nantes ប្រទេស​បារាំង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

សំណើ​ច្បាប់​សន្តិសុខ​សាកល​គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​សម្រាប់​អាជ្ញាធរ​បារាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ក្រោយ​នេះ។ សំណើ​ច្បាប់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​នៅ​តាម​ផ្លូវ និង​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សិទ្ធិ​មនុស្ស​ ដែលបាន​ចោទប្រកាន់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmanuel Macron ពី​ការ​ជំរុញ​ឱ្យ​មាន​វិធានការ​រឹតត្បិត​សេរីភាព​ដែល​ស្រដៀង​ទៅ​នឹង​ប្រទេសដែល​នៅ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទន់​ខ្សោយ។ ​

សំណើ​ច្បាប់​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បទប្បញ្ញត្តិ​សម្រាប់​ការ​ប្រើប្រាស់​ដ្រូន និង​ម៉ាស៊ីនថត​បំពាក់​នៅ​លើ​កងកម្លាំង​សន្តិសុខ។ សំណើ​ច្បាប់​នេះ​ក៏​បាន​បង្កើត​វិធាន​ថ្មី​សម្រាប់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន និង​សិទ្ធិ​ពិសេស​ថ្មី​សម្រាប់​ប៉ូលិស​មូលដ្ឋាន។ ប៉ុន្តែ​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​មាន​ក្តី​បារម្ភ​អំពី​ខ្លឹមសារមួយ​ចំនួន​នៃ​ច្បាប់​នេះ។​

លោក Nicolas Krameyer ជា​នាយក​កម្មវិធី​នៅ​ក្នុង​ប្រទេស​បារាំង​របស់​អង្គការ Amnesty International។

លោក​បាន​និយាយ​ថា វា​ជា​ក្តី​បារម្ភ​ថា​ ខ្លឹមសារ​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ឃ្លាំមើល​ខ្លាំង​លើ​ប្រជាជន​ ដោយ​ការ​បំពាក់​ម៉ាស៊ីន​ថត​នៅ​លើ​ប៉ូលិស និង​ការ​ប្រើប្រាស់​ដ្រូន​ដើម្បី​តាមដាន​ជនស៊ីវិល​ក្នុង​ពេល​តវ៉ា។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​រួម​ទាំង​អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន (Reporters Without Borders) ដែល​ជា​អង្គការ​តស៊ូ​មតិ​សម្រាប់​សេរីភាព​សារព័ត៌មាន​ បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ច្បាប់​នេះ ជាពិសេស​គឺ​មាត្រា​២៤ ដែល​កំណត់​ថា​ ជា​បទល្មើស​ព្រហ្មទណ្ឌ​សម្រាប់​បុគ្គល​ណា​ដែល​ចែកចាយ​រូបភាព ដែល​អាច «ប៉ះពាល់​ដល់​បូរណភាព​រាងកាយ ឬ​ផ្លូវ​ចិត្ត» របស់​មន្ត្រី​ប៉ូលិស នេះ​បើ​យោង​ទៅ​តាម​អត្ថបទ​ច្បាប់​នេះ។ បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​អាច​នឹង​ជាប់​ពន្ធនាគារ​ ១​ឆ្នាំ ឬ​រង​ការ​ពិន័យ​រហូត​ដល់​៥៣.០០០​ដុល្លារ។

នៅ​ក្នុង​ការ​រិះគន់​ដ៏​កម្រ​មួយ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​នៅ​ដើម​សប្តាហ៍​មុន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រូវ​តែ​អាច​ធ្វើ​ការ​បាន​ដោយ​សេរី។

លោក Jean Castex នាយករដ្ឋមន្ត្រី​បារាំង​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​ទាំង​នេះ​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​អ្នក​តំណាងរាស្ត្រ​បារាំង​កាលពីខែវិច្ឆិកា។

លោក Castex បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ដែល​ចង់​រឹតត្បិត​សេរីភាព​សារព័ត៌មាន ឬ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ យោង​តាម​លោក​នាយករដ្ឋមន្ត្រី​បារាំង​រូប​នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ថត និង​ចែកចាយ​វីដេអូ​ពាក់ព័ន្ធ​នឹង​ប៉ូលិស​នោះ​ទេ។ លោក Castex បាន​និយាយ​ថា មាត្រា​២៤​មាន​បំណង​ការពារ​កងកម្លាំង​សន្តិសុខ។

អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​បារាំង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ ហើយ​ពួកគេ​ជាច្រើន​ជឿ​ថា សំណើ​ច្បាប់​នេះ​អាច​នឹង​រារាំង​ពួកគេ​មិន​ឱ្យ​រាយការណ៍​ពី​ករណី​រំលោភបំពាន​របស់​ប៉ូលិស។

លោក Krameyer និយាយ​ថា អ្នក​កាសែត​មាន​ការ​លំបាក​ក្នុង​ការ​រាយការណ៍​ពីបាតុកម្មតវ៉ានានា​ក្នុង​រយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក​និយាយ​ថា ជាមួយ​នឹង​ច្បាប់​នេះ ផ្ទុយ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​លើក​ឡើង អ្នក​កាសែត ឬ​ប្រជាជន​ណា​ម្នាក់អាច​នឹង​មាន​បញ្ហា​ ប្រសិន​បើ​ពួកគេ​រាយការណ៍ ថត ឬ​ចែកចាយ​វីដេអូ​ពាក់ព័ន្ធ​នឹង​ប៉ូលិស។ លោក Krameyer និយាយ​ថា លោក​ព្រួយបារម្ភ​ថា ច្បាប់​នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាននីតិវិធី​តាម​ទំនើង​ចិត្ត​របស់​កងកម្លាំង​សន្តិសុខ។

ព្រឹទ្ធសភា​បារាំង​នឹង​បោះឆ្នោត​លើសំណើ​ច្បាប់​សន្តិសុខ​សាកលនេះ​នៅ​ខែ​មករា​ខាង​មុខ។ លោក Castex បាន​សន្យា​ថា លោក​នឹង​ស្នើសុំ​ឱ្យ​តុលាការ​ជាន់​ខ្ពស់​បារាំង​ពិនិត្យ​មើល​ ហើយ​អាច​នឹង​ប្រឆាំង​នឹង​ច្បាប់​នេះ៕

XS
SM
MD
LG