ប្រទេសបារាំងនិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមយន្តហោះជាលើកទីមួយលើពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យលោកប្រធានាធិបតីបារាំង Francois Hollande និយាយថា ការវាយប្រហារនោះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានរៀបចំឡើងជាមួយបណ្តាដៃគូរបស់បារាំងក្នុងតំបន់។
កាលពីដើមខែនេះ បារាំងបានចាប់ផ្តើមធ្វើការហោះហើរឈ្លបយកការណ៍លើប្រទេសស៊ីរី។ សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Hollande និយាយថា ព័ត៌មានទាក់ទងនឹងគោលដៅនៃការវាយប្រហារនៅថ្ងៃអាទិត្យនេះ ប្រមូលបានពីការហោះឈ្លបយកការណ៍នោះ។
សេចក្តីថ្លែងការណ៍នេះនិយាយថា «ការទម្លាក់គ្រាប់បែកនេះបញ្ជាក់នូវការតាំងចិត្តយ៉ាងរឹងមាំរបស់ប្រទេសយើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងភេរវកម្មរបស់ពួករដ្ឋអ៊ីស្លាម។ យើងនឹងធ្វើការវាយប្រហារគ្រប់ពេលដែលមានការគំរាមកំហែងដល់សន្តិសុខជាតិយើង»។
សេចក្តីថ្លែងការណ៍នេះបន្តថា យើងចាំបាច់ត្រូវការពារពលរដ្ឋយើងប្រឆាំងនឹងអំពើហិង្សាគ្រប់បែបយ៉ាងរបស់ពួករដ្ឋអ៊ីស្លាម និងក្រុមភេរវជនទាំងអស់ ព្រមទាំងប្រឆាំងនឹងការទម្លាក់គ្រាប់បែកយ៉ាងប្រល័យរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad៕