ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សន្និសីទ​ស្តី​ពី​សន្តិភាព​នៅ​មជ្ឈិម​បូព៌ាដោយ​គ្មាន​ភាគី​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន


ក្រុម​​មន្ត្រី​ពិភពលោក​សំខាន់ៗ​ដែល​ចូល​រួម​ក្នុង​សន្និសីទ​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស។
ក្រុម​​មន្ត្រី​ពិភពលោក​សំខាន់ៗ​ដែល​ចូល​រួម​ក្នុង​សន្និសីទ​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស។

ប្រទេស​បារាំង​កំពុង​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​លើក​កម្ពស់​ដំណោះ​ស្រាយ​រដ្ឋពីរ​ គឺ​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ដើម្បី​សន្តិភាព​នៅ​មជ្ឈិម​បូព៌ា។ ​

លោក ​Jean-Marc Ayrault ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បាន​និយាយ​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ទំនួល​ខុស​ត្រូវ​រួម​របស់​យើង​គឺ​ជួយ​ឲ្យ​អ៊ីស្រាអែល​និង​ប៉ាលេស្ទីន​ត្រឡប់​មក​រក​តុ​ចរចា​គ្នា​វិញ។ យើង​ដឹង​ថា​វា​ពិបាក ប៉ុន្តែ​តើ​យើង​មាន​ជម្រើស​ផ្សេង​ពី​នេះ​ឬ​ទេ?»

គណៈ​ប្រតិភូ​មក​ពី​ជាង​៧០​ប្រទេស​កំពុង​តែ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស ​ដើម្បី​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដែល​ប្រឆាំង​ទៅ​នឹង​ការ​តាំង​ទី​លំនៅ​របស់​អ៊ីស្រាអែល​ក្នុង​ដែនដី​ប៉ាលេស្ទីន​ដែល​អ៊ីស្រាអែល​កំពុង​កាន់​កាប់ ក្នុង​នោះ​រួម​មាន​ទាំង​ប៉ែក​ខាង​កើត​ទីក្រុង​ហ្ស៊េរុយ​សាឡិម ផង​ដែរ។

ទាំង​អ្នក​តំណាង​អ៊ីស្រាអែល ​និង​អ្នក​តំណាង​ប៉ាលេស្ទីន​មិន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​នោះ​ទេ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ Benjamin Netanyahu ​និយាយ​ថា​ កិច្ច​ប្រជុំ​ទីក្រុង​ប៉ារីស​នេះ ​«ឥត​ប្រយោជន៍»​ និង​មិន​សុចរិត​នោះ​ទេ។

កាល​ពី​ខែ​មុន ​សហរដ្ឋ​អាមេរិក​បាន​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ ដោយ​ធ្វើ​អនុប្បវាទ​មិន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោល​ទោស​អ៊ីស្រាអែល​ចំពោះ​ការ​សាង​សង់​លំនៅដ្ឋាន​ក្នុង​ដែនដី​ប៉ាលេស្ទីន​នោះ​ទេ។

កាល​ពី​ឆ្នាំ​មុនៗ​ ចំពោះ​សេចក្តី​សម្រេច​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ សហរដ្ឋ​អាមេរិក​តែង​តែ​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ច្រាន​ចោល​វិធានការ​នេះ។

ដំណើរ​វិវឌ្ឍន៍​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សេចក្តី​សម្រេច​របស់​សេតវិមាន ក្នុង​ការ​បង្ហាញ​ពី​ជំហរ​របស់​អាមេរិក​ចំពោះ​មជ្ឈិមបូព៌ា ​ខណៈ​ដែល​រដ្ឋបាល​របស់​លោក អូបាម៉ា ​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​រយៈ​ពេល​៨​ឆ្នាំ​របស់​ខ្លួន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ៕

XS
SM
MD
LG