ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារាំង​និង​កម្ពុជា​​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ស្ត្រី​ជនជាតិបារាំង​​​​ពី​​ឆ្នាំ២០១៣

  • ហេង រស្មី

ភូមិមួយក្នុងខេត្តកំពតដែលរុំព័ទ្ធដោយវាលស្រែបៃតងខ្ចីក្នុងរដូវវស្សា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជានិង​ក្រុម​សមត្ថកិច្ចកម្ពុជា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​រួម​គ្នា​ដើម្បី​បំបែក​សំណុំ​រឿង​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​មួយ​ទៅ​លើស្រ្តីទេស​ចរណ៍​ជន​ជាតិ​បារាំង​ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ខេត្ត​កំពត។​

​អ្នក​ទេសចរណ៍​ជន​ជាតិ​បារាំង គឺ​អ្នក​ស្រី អូហេ្វលី ​បេកនី​ (Ophelie Bagnis) ដែល​មាន​អាយុ​២៥​ឆ្នាំ​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៣។ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​លើ​ទឹក​ព្រែក​មួយ​នៃ​ខេត្ត​កំពត​ដោយ​គ្មាន​សម្លៀក​បំពាក់​ ចំណែក​ផ្ទៃមុខនិង​ក្បាលជន​រង​គ្រោះ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង។​

មុន​ពេល​ត្រូវ​គេ​សម្លាប់​ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ​ឈ្មោះ​ដើម​ស្វាយ​ ឬ​ឈ្មោះជាភាសា​អង់​គ្លេស​ថា Mango Tree។​

ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ចកម្ពុជា​ធ្លាប់​បាន​សន្និដ្ឋាន​កន្លង​មក​ថា ​ករណី​នេះ​ជា​រឿងឃាតកម្មគិត​ទុក​ជាមុន។​ ក៏ប៉ុន្តែ​ ពួគ​គេមិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ឈានទៅដល់​ការ​សម្លាប់​ជន​រង​គ្រោះ​ទេ​ ហើយ​ក៏មិន​ទាន់បញ្ជាក់ពីអត្តសញ្ញាណ​ជន​សង្ស័យ​ណាមួយ​ពិត​ប្រាកដ​នៅ​ឡើយ​ដែរ។​

ទោះយ៉ាងណា​ ក្រុម​សមត្ថ​កិច្ចខេត្ត​កំពត​កន្លង​មក​ធ្លាប់​បាន​ចាប់​ជនសង្ស័យដែល​ជា​ជនជាតិ​ប៊ែលហ្សិក​មួយ​រូប ​យក​មក​ឃុំ​ឃាំង​ដោយ​សារ​តែ​ជន​សង្ស័យ​រូបនេះ​បាន​ជិះ​កង់​របស់​ជនរង​គ្រោះ។ តែ​ក្រោយ​មក ជន​សង្ស័យ​ត្រូវបាន​ដោះលែង​កាល​ពី៥​ខែ​មុន ​បន្ទាប់​ពីក្រុម​សមត្ថកិច្ច​រក​ឃើញ​ថា ​លោកមិន​ជាប់​ពាក់ព័ន្ធ​នឹងករណី​ឃាតកម្ម​នេះ​ទេ។​

លោក ​ថ្លាង ភិរិន​ ស្នង​ការ​ប៉ូលិស​ខេត្ត​កំពត​មិន​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចុង​ក្រោយ​ទៅ​លើ​ឃាតកម្ម​ស្រ្តី​ជនជាតិ​បារាំងនេះ​ទេ​ ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើប​អង្កេត។​ លោក​និយាយ​ថា៖​ «យើង​មិន​ទាន់​ឃើញ​អ្វី​ទេ។​ មិន​ទាន់​មាន​ពន្លឺ​អ្វី​ទៀត​ទេ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងលោក ​ម៉ក់ ជីតូ​ ប្រធាន​នាយក​ដ្ឋានយុត្តិធម៌​កណ្តាលដើម្បី​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ តែមិន​អាច​ទាក់ទង​បាន​ទេ។​

ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ខ្លួន​កំពុងយក​ចិត្ត​ទុក​ដាក់​ចំពោះ​ករណី​ឃាតកម្ម​នេះ។​

អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជាលោក ​នីកូឡា ប៊ូដ្វាំង ​Nicolas Baudouin ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​រយៈអ៊ីមែល​ថា​ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ ពិស្តារ​ទេអំពី​បញ្ហា​នេះ។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ក្នុង​ដំណាក់​កាល​នេះ​ ប្រទេស​បារាំង​ និង​កម្ពុជា​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ព្រមទាំងបន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ជា​ដរាប។​

មន្ត្រី​ឃ្លាំមើល​ផ្នែក​ទេសចរណ៍​មាន​ការ​បារម្មណ៍​ថា ការ​សម្លាប់​អ្នក​ទេស​ចរណ៍​បរទេស ​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​មាន​បំណង​មក​ទស្សនា​ប្រទេស​កម្ពុជា។​

លោក​ ហូ វ៉ាន់ឌី​ សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​ប៉ះ​ពាល់​ទៅ​លើ​ផ្នែក​ទេស​ចរណ៍​គឺ​វា​អាស្រ័យ​ទៅ​លើ​មូល​ហេតុនៃករណី​ឃាតកម្ម​នេះ។​

លោក​និយាយ​ថា៖​ «មិន​មែន​ទូទៅ​ទេ។ ​ជួន​កាល​អ្នក​ខ្លះ​ទៅ ​ឃើញ​ហើយ​គ្រប់​ប្រទេស​ទាំង​អស់​ អ្នក​ខ្លះ​ទៅ​ គាត់​មក​លេង​ក្រុម​គ្រួសារ​គាត់។​ គាត់​មក​លេង​សង្សារ​គាត់។​ អ្នក​ខ្លះ​មក​លេប​ថ្នាំ​សម្លាប់ខ្លួន។​ អ្នក​ខ្លះ​ទៅ​មក​ចង​ក​សម្លាប់ខ្លួន។ ​អ្នក​ខ្លះ​ទៅ​ គេងៗ​ គាត់​មាន​រោគ​កាយ ​គាត់​ក៏​ស្លាប់​ទៅ»។​

ក្នុង​រយៈពេល​៩​ខែ​ក្នុងឆ្នាំ​នេះ​ ចំនួន​ភ្ញៀវ​ទេស​ចរណ៍​ប្រមាណ​៣​លាន​និង​៦​សែន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជាមាន​ករណី​ឃាតកម្ម​ខ្លះ​បាន​កើត​ឡើង​ទៅ​លើ​ជន​បរទេសក៏​ដោយ។​

ក្នុង​ចំណោម​ជន​បរទេស​ទាំង​អស់​ដែល​មក​ប្រទេស​កម្ពុជា ជន​ជាតិ​វៀតណាមឈរ​លំដាប់​លេខ​មួយ​ ហើយ​ភ្ញៀវ​ទេស​ចរណ៍ចិន​ឈរ​លំដាប់​ថ្នាក់​លេខ​ពីរ៕

XS
SM
MD
LG