ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​តាម​រក​ស្ត្រី​ទេសចរ​ម្នាក់​សង្ស័យ​បំផ្លាញ​ព្រះពុទ្ធ​បដិមា​នៅ​បា្រសាទ​បាយ័ន


អ្នក​ទេសចរ​​បរទេស​ថត​រូប​នៅ​ប្រាសាទ​បាយ័ន​នៅ​​តំបន់​សៀមរាប​អង្គរ​ ខេត្ត​សៀមរាប។
អ្នក​ទេសចរ​​បរទេស​ថត​រូប​នៅ​ប្រាសាទ​បាយ័ន​នៅ​​តំបន់​សៀមរាប​អង្គរ​ ខេត្ត​សៀមរាប។

ស្ត្រី​ទេសចរ​បរទេស​ម្នាក់​ត្រូវ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​រូបព្រះ​ពុទ្ធ​បដិមា​មួយ​អង្គ​នៅ​ប្រាសាទ​បាយ័ន​ក្នុង​ខេត្តសៀមរាប។ ក្រុម​មន្ត្រី​កម្ពុជា​ចោទ​ប្រកាន់​ថា​នេះ​គឺជា​ចេតនា​បំផ្លាញ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ។​

ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គ​នេះ​ចំណាស់​៩០០​ឆ្នាំ​ក្នុង​ខេត្ត​សៀមរាបបាន​បែក​បាក់​ធ្លាក់​មក​ដី​ទំនង​ជា​ទទួល​រង​ការ​វាយ​បំផ្លាញ។ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​អប្សារា​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ភារកិច្ច​អភិរក្ស​ប្រាង្គ​ប្រាសាទ​ចំណាស់ៗបាន​ភ្ជាប់​ការ​សង្ស័យ​លើ​ស្ត្រីជនជាតិ​ នូវ៉ែលហ្ស៊េឡង់ ​វ័យ​៤០​ឆ្នាំ​ម្នាក់​ដែល​ទំនង​ជា​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ភា្លមៗ​ក្រោយ​ពី​កង​ប៉ូលិស​បាន​ប្រទះ​ឃើញ​ការ​បែក​បាក់​របស់​ព្រះពុទ្ធ​បដិមា​នេះ។

រូប​បដិមា​នេះមាន​ព្រះកេស​ធ្វើ​ពី​ស៊ីម៉ង់តិ៍​និង​តួ​ព្រះ​កាយ​ផ្គុំ​ពី​បំណែក​ថ្មភក់​ចំនួន​បួន​ផ្ទាំង។​ ព្រះ​ពុទ្ធដិមាគង់​លើ​ព្រះ​ភ្នែន​នៅ​ចំ​ប្រាង្គ​ប៉ោម​កណ្តាលនៃប្រាសាទ​បា​យ័ន។ ព្រះពុទ្ធ​រូប​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ប្រកាន់​ជំនឿ​គោរព​បូជា​ក្នុង​អំឡុង​ពេល​ទស្សនា។​ ប៉ូលិស​សង្ស័យ​ថា​ព្រះពុទ្ធរូប​ត្រូវ​គេរុញ​ច្រាន​ហើយ​បាន​ធ្លាក់​បែក​ជា​បួន​កំណាត់​ រួម​ទាំង​ព្រះកេសបែកទាំង​ស្រុង។

​លោក ​ម៉ាន់ ឈឿន ​ប្រធាន​ការិយាល័យ​នគរបាល​បេតិកភណ្ឌ​ខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា​ប៉ូលិស​សង្ស័យ​លើ​ស្ត្រី​ជនជាតិ​នូវ៉ែលហ្ស៊េឡង់​ដែល​បាន​បាត់ខ្លួន​ក្នុង​បរិវេណ​ប្រាសាទ​ដែល​មាន​ទំហំ​៣​គីឡូ​ម៉ែត្រ​បួន​ជ្រុង​នេះ។

«យើង​ចាប់​អារម្មណ៍​មុខ​សញ្ញា​សង្ស័យ​មាន​តែ​មួយ​ទេ​ដែល​យើង​ត្រូវ​ស្រាវជ្រាវ​តែ​យើង​មិន​ទាន់​ចោទ​ប្រកាន់​គេ​ជា​អ្នក​ច្រាន​នោះ​ទេ។ តាម​ការ​ត្រួត​ពិនិត្យ​របស់​ខ្ញុំ​គឺ​មនុស្ស​នេះ​បាន​ច្រាន​ដោយ​ចេតនា។​មិន​អាច​ស្ងៀមៗ​ធ្លាក់​មក​ដោយ​ធម្មជាតិ​នោះ​ទេ»។

​រឿង​ហេតុ​បាន​កើត​ឡើងកាល​ពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ រីឯ​ស្ត្រី​នូវ៉ែលហ្ស៊េឡង់ ​បាន​បាត់​ខ្លួន​នៅ​នៅ​ពេល​ដែល​ដល់​ពេលផុត​កំណត់​អនុញ្ញាត​ឲ្យ​ទស្សនា​ ហើយ ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​បាន​រាយការណ៍​ជូន​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​ការ​នៅ​តំបន់​វត្ត​ព្រះអង្គ​គោក​ធ្លក ក្បែរ​ប្រាសាទ​បាយ័ននោះ​ថា ​ស្ត្រី​ទេសចរ​ខាង​លើមិន​បាន​វិល​ត្រឡប់​មក​វិញ​តាម​ពេល​វេលាកំណត់​ដើម្បី​វិល​ទៅ​កាន់​ផ្ទះ​សំណាក់​វិញ​ទេ។

យោង​តាម​របាយការណ៍​នគរបាល​បេតិកភណ្ឌ​ឲ្យ​ដឹង​ថា​ស្ត្រី​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​ប្រាសាទ​បាយ័ន​ដដែល​នោះ​នៅវេលា​ទៀប​ភ្លឺ​ហើយ​ក្រុម​នគរ​បាល​បាន​សាក​សួរ​ព័ត៌មាន​មួយ​ចំនួន​មុន​នឹង​ហៅ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​មក​ដឹក​ស្ត្រី​ទេសចរ​រូប​នេះ​ទៅ​កាន់​បន្ទប់​ស្នាក់​នៅ​វិញ។ លុះ​ក្រោយ​ពី​ស្ត្រី​នោះ​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​រួច​ហើយ​ទើ​ប​ក្រុម​ប៉ូលិស ​បាន​ប្រទះ​ឃើញ​រូប​ព្រះពុទ្ធ​បដិមា​បាន​ដួល​បែក​បាក់។

លោក​ ម៉ាន់ ឈឿន ​បញ្ជាក់​ថា ​ក្រុម​នគរ​បាល​បាន​ស្វែងរក​ស្រ្តី​ជាប់សង្ស័យ​ភ្លាមៗ​ដែរ​ប៉ុន្តែ​ស្ត្រី​នោះ​បាន​ចាក​ចេញ​ពី​កន្លែង​ស្នាក់​មុនពេល​កង​នគរបាល​ទៅ​ដល់។

មន្ត្រី​នៃ​អាជ្ញាធរ​អប្សារា​ជឿជាក់​ថា​ស្ត្រីទេសចរ​បានចេញ​ដំណើរ​ទៅកាន់​ប្រទេសថៃ​រួច​ទៅហើយ។

លោកប៊ុន ណារិទ្ធ ​អគ្គនាយក​អាជ្ញាធរ​អប្សារា​បញ្ជាក់​ថា​ព្រះ​ពុទ្ធ​បដិមា​នោះ​មិន​មែនព្រះ​បដិមា​ដែល​សាងសង់​ក្នុងសតវត្សរ៍​ទី១២ ​នៃ​ការ​សាងសង់​ប្រាសាទ​បាយ័ន​នេះ​ទេ។​បា្រសាទ​បាយ័ន​និង​ប្រាសាទ​អង្គរ​ស្ថិត​ក្នុង​រជ្ជកាល​នៃ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧។

ប៉ុន្តែ​គឺជា​រូប​បដិមា​ដែល​ផ្គុំ​ដោយ​ថ្មភក់​ពី​សម័យ​បុរាណដូចជា​ផ្នែក​ដង​ខ្លួន​ទាំង​បួន​បំណែក​និង​ព្រះភ្នែន​ហើយ​ផ្សារភ្ជាប់​គ្នា​ដោយ​ស៊ីម៉ង់តិ៍​បូក​រួម​ទាំង​ព្រះកេស​ផងដែរ។

​លោក ​ប៊ុន ណារិទ្ធ ​បញ្ជាក់​ថា​ការ​ខូច​ខាត​នេះ​បណ្តាល​មក​ពី​ចេតនា​នៃ​ការ​បំផ្លាញ​បេតិកភណ្ឌ​របស់​កម្ពុជា។​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​ជន​សង្ស័យ​ពិត​បា្រកដ​បាន​នៅ​ឡើយ។

«នេះ​គឺជា​ចេតនា​ធ្វើ​ឲ្យ​ខូច​ហើយ។ ​ដែល​ហៅ​ថា​បំផ្លាញ​បេតិ​កភណ្ឌ​ហើយ។​ ហើយ​យើង​កំពុង​ស្រាវជ្រាវ​ថា​អ្នក​ណា​អ្នក​បង្កើត​រឿង​នេះ»។

លោក​ង៉ូវ សេងកាក់ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ មិនធ្វើ​សេចក្តី​អត្ថាធិប្បាយ​លើ​បញ្ហានេះ​ទេ។ យ៉ាង​ណា​ក៏ដោយ​ក្រុម​ប៉ូលិស​អះអាង​ថាការ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​កំពុង​បន្ត៕

XS
SM
MD
LG