ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ហៅ​ការ​ចោទ​ប្រកាន់​អំពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​ថា​ជា​ការ ​«មិន​អាច​ទទួល​បាន​ទេ»


ប្រធានាធិបតី​បារាំង Francois Hollande (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ហាញ​របស់ WikiLeaks ថា​ស.រ.អា.​តាម​ដាន​ប្រធានាធិបតី​បារាំង នៅ​ឯ​អគារ Elysee Palace ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៥។
ប្រធានាធិបតី​បារាំង Francois Hollande (រូប​កណ្តាល) ចូលរួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​បង្ហាញ​របស់ WikiLeaks ថា​ស.រ.អា.​តាម​ដាន​ប្រធានាធិបតី​បារាំង នៅ​ឯ​អគារ Elysee Palace ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៥។

ការិយាល័យ​លោក​ប្រធានាធិបតី​ប្រទេស​បារាំង​ Francois​ Hollande​ បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ដែល​ថា ​ស.រ.អា.​បាន​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​ និង​អ្នក​កាន់​តំណែង​មុន​លោក​ពីរ​នាក់​ទៀត ​«ជា​ការ​មិន​អាច​ទទួល​បាន​ទេ»​ ហើយ​បន្ថែម​ថា​ ប្រទេស​បារាំង​មិន​អត់​អោន​ដល់​អ្វី​ដែល​គំរាម​ទៅ​លើ​សន្តិសុខ​របស់​ខ្លួន​ទេ។​

លោក​ Hollande​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ការពារ​ប្រទេស​របស់​លោក​ ដើម្បី​ពិភាក្សា​អំពី​ការ​លួច​បញ្ចេញ​ឯកសារ​ដោយ​ Wikileaks​ ដែល​និយាយ​ថា​ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ស.រ.អា.​ NSA​ បាន​ធ្វើ​ចារកម្ម​លើ​ប្រធានាធិបតី​បី​រូប​ចុង​ក្រោយ​របស់​បារាំង។​

មន្រ្តី​និយាយ​ថា​ ការិយាល័យ​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​ Lauren​ Fabius​ បាន​កោះ​ហៅ​លោក​ស្រី​ Jane​ Hartley​ ឯក​អគ្គ​រដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​ប្រទេស​បារាំង​ទៅ​ពិភាក្សា​អំពី​បញ្ហា​នេះ។​

ឯកសារ​របស់​បណ្តាញ​ Wikileaks​ បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​បារាំង​ Liberation​ និង​គេហទំព័រ​ស៊ើប​អង្កេត​ឈ្មោះ​ Mediapart។​ តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ភ្លាមៗ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ឯកសារ​របស់​ Wikileaks​ នៅ​ឡើយ​ទេ។​

សេតវិមាន​មិន​បាន​និយាយ​ថា​ ស.រ.អា.​បាន​តាម​ស្តាប់​ទូរស័ព្ទ​របស់​លោក​ Hollande​ និង​អ្នក​កាន់​តំណែង​មុន​លោក​ទេ​ តែ​បាន​បញ្ជាក់​ថា​ ស.រ.អា.​មិន​បាន​តាម​ដាន​គមនាគមន៍​របស់​លោក​ Hollande​ ទេ​ ហើយ​នឹង​មិន​ធ្វើ​ដូច្នេះ​ទៅ​អនាគត​ទេ៕​

XS
SM
MD
LG