សកម្មជនតាមប្រព័ន្ធអ៊ីនធឺណិត គឺវីឃីលីក បានបន្តបញ្ចេញឯកសារសម្ងាត់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បើទោះបីជាគេហទំព័រនេះស្ថិតនៅក្រោមការវាយប្រហារពីគូសត្រូវរបស់ខ្លួនយ៉ាងណាក៏ដោយហើយក្រុមសារព័ត៌មានដែលសហការជាដៃគូជាមួយនឹងក្រុមនេះបានបន្តផ្សព្វផ្សាយឯកសារសម្ងាត់ទាំងនោះជាបន្តបន្ទាប់។ ក្រុមអ្នកវិភាគយល់ឃើញថា ការបញ្ចេញឯកសារដែលលេចធ្លាយជាបន្តបន្ទាប់ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ វីឃីលីក ក្នុងការរក្សាសាច់រឿងនេះឱ្យនៅរស់រវើកនៅក្នុងបណ្តាញសារព័ត៌មាន។
នេះគឺជាលើកទីបីហើយ ដែលគេហទំព័រ វីឃីលីក បានបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល។ ប៉ុន្តែ នៅក្នុងការបញ្ចេញឯកសារពីរលើកដំបូង ដែលទាក់ទងទៅនឹងសង្រ្គាមនៅក្នុងប្រទេស អាហ្គានីស្ថាន និង អ៊ីរ៉ាក់ វីឃីលីក បានបញ្ចេញឯកសារទាំងអស់ក្នុងពេលតែមួយ។ ឥឡូវនេះ គេហទំព័រនេះបានអនុវត្តនូវយុទ្ធសាស្រ្តផ្សេងមួយទៀត។
មានតែផ្នែកតូចមួយនៃឯកសារ ដែលត្រូវបានរាយការណ៍មកថាមានចំនួន២សែន៥ម៉ឺនទំព័រដែលស្ថិតនៅក្នុងការកាន់កាប់របស់អង្គការនេះត្រូវបានបញ្ចេញនិងបោះពុម្ពផ្សាយគឺតិចជាងមួយភាគរយប៉ុណ្ណោះ។ នៅក្នុងការពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតមួយ កាលពីសប្តាហ៍មុននៅលើគេហទំព័ររបស់កាសែត The Guardian ដែលជាកាសែតរបស់អង់គ្លេសមួយកំពុងសហការជាមួយនឹងក្រុមនេះ ស្ថាបនិករបស់ វីឃីលីក លោក ជូលៀន អាស្សាន (Julian Assange) បាននិយាយថា គេហទំព័ររបស់លោកចេញផ្សាយឯកសារនៅលើប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីឯកសារទាំងនេះត្រូវបានបោះពុម្ពជាលើកដំបូង ដោយអ្វីដែលលោកហៅថា «បណ្តាញដៃគូរសារព័ត៌មាន»។
អតីតនាយកគ្រប់គ្រងកាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ លោក ហ្វីល ប៊េនណេត (Phil Bennett) ដែលបច្ចុប្បន្ននេះបង្រៀនផ្នែកសារព័ត៌មានវិទ្យានៅឯសាកលវិទ្យាល័យ ឌូក និយាយថា លោក អាសាន បានបញ្ចេញឯកសារជាបំណែកតូចៗពីព្រោះលោកមានការមិនពេញចិត្តដោយសាររឿងរ៉ាវទាក់ទងទៅនឹងឯកសារមុនៗ ត្រូវបានរសាយពីចំណាប់អារម្មណ៍របស់សាធារណជនលឿនពេក។
«គាត់មិនសប្បាយចិត្តចំពោះរយៈពេលដែលសាច់រឿងនោះត្រូវបានសារព័ត៌មានចុះផ្សាយ ហើយចង់បានឱ្យមានការបង្កើនការបន្តតាមដានឱ្យបានយូ។ ហើយខ្ញុំគិតថា វាមិនមានអ្វីដែលគួរឱ្យឆ្ងល់នោះទេ ដែលថាពួកគេបញ្ចេញព័ត៌មានជាបំណែកតូចៗក្នុងរបៀបមួយដើម្បីរក្សាសាច់រឿងឱ្យនៅស្ថិតស្ថេរ និងរក្សាការចាប់អារម្មណ៍ទៅលើសាច់រឿងទាំងនេះ»។
ការបញ្ចេញសារទូរលេខសម្ងាត់ជាបំណែកតូចៗនេះបានបង្កបញ្ហាដល់ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក។
អតីតនាយករងនៃទីភ្នាក់ស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក លោក ចន ម៉ាក់ ឡូលីន (John McLaughlin) មានប្រសាសន៍ថាក្រុមមន្រ្តីមិនចង់បានការភ្ញាក់ផ្អើលនោះទេហើយពួកគេទទួលបានការភ្ញាក់ផ្អើលថ្មីៗជារៀងរាល់ថ្ងៃ។
«ការពិតដែលថារឿងនេះចេញមកបន្តិចម្តងៗហើយប្រសិនបើអ្នកនៅក្នុងរដ្ឋាភិបាលឥឡូវនេះអ្នកនឹងមានការចង់ដឹងថាតើអ្វីនឹងចេញមកបន្ទាប់ទៀត? ហើយអ្វីដែលខ្ញុំនឹងត្រូវធ្វើការដោះស្រាយ? ហើយវាអាចនឹងចេញមកក្នុងពេលវេលាមិនល្អណាមួយនៅពេលដែលអ្នកមានការងារមមាញឹកពេញដៃរួចទៅហើយ។ ដូច្នេះ វាគឺជាកត្តាដែលងាយនឹងឆាបឆេះមួយផ្សេងទៀតនៅក្នុងពិភពលោកមួយ ដែលងាយនឹងឆាបឆេះរួចទៅហើយ»។
ការរៀបចំរវាងគេហទំព័រ វីឃីលីក និងក្រុមអង្គការសារព័ត៌មានក្នុងការបោះពុម្ពផ្សាយឯកសារទាំងនេះដែលរួមមានកាសែត Le Monde នៅក្នុងប្រទេសបារាំង El Pais ក្នុងប្រទេសអេស្ប៉ាញ The Guardian ក្នុងប្រទេសអង់គ្លេស និង Der Spiegel ក្នុងប្រទេសអាល្លឺម៉ង់ គឺមានភាពខុសប្រក្រតី។ វាបានផ្សាភ្ជាប់ក្រុមអង្គការសារព័ត៌មានទៅនឹងក្រុមមួយដែលនៅក្រោមអ្វីដែលលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក អេរិក ហូលឌឺ (Eric Holder) ហៅថា ស្ថិតក្រោម«ការស៊ើបអង្កេតយ៉ាងសកម្ម កំពុងតែបន្ត និងហ្មត់ចត់»។
ប៉ុន្តែ ក្រុមកាសែតទាំងនោះមិនបោះពុម្ពផ្សាយនូវរាល់ឯកសារទាំងអស់ទេគឺផ្តោតតែទៅលើអ្វីដែលគេគិតថាមានការចាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ ឯកសារមួយដែលរាយទីតាំងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅជុំវិញពិភពលោក ដែលសហរដ្ឋអាមេរិកមើលឃើញថាមានសារៈសំខាន់ ត្រូវបានចេញផ្សាយដោយគេហទំព័រ វីឃីលីក ប៉ុន្តែមិនមែនតាមរយៈប្រព័ន្ធព័ត៌មានទាំងនោះទេ។
លោក ជូលៀន អាសាន និយាយថា លោកកំពុងដើរតួនាទីជាអ្នកកាសែតមួយរូប ហើយគេហទំព័រ វីឃីលីក គឺជាស្ថាប័នសារព័ត៌មានមួយ។ នៅក្នុងការចេញផ្សាយមួយនៅក្នុងសប្តាហ៍នេះ នៅលើគេហទំព័រដែលមានឈ្មោះជាភាសាអង់គ្លេសថា CommonDreams លោក អាស្សាន បាននិយាយថា វីឃីលីក បានបង្កើតឡើងនូវការរាយការណ៍ព័ត៌មានប្រភេទថ្មីមួយទៀត ដែលលោកហៅថា «សារព័ត៌មានវិទ្យាបែបវិទ្យាសាស្រ្ត» ដែលអ្នកអានអាចអានព័ត៌មានមួយ ហើយចុចចូលទៅក្នុងអ៊ីនធឺណិតដើម្បីមើលឯកសារដើមរបស់វា។
ប៉ុន្តែ អ្នកកាសែត ហ្វីល ប៊េណេត និយាយថា វីឃីលីក ធ្វើការដោយអាថ៌កំបាំង ដែលធ្វើឱ្យការអះអាងរបស់ អាស្សាន អំពីឋានៈសារព័ត៌មានរបស់គេហទំព័រនេះមានការពិបាកក្នុងការបង្ហាញពីភាពត្រឹមត្រូវ។
«វាមិនមានតម្លាភាពច្រើននោះទេ អំពីរបៀបដែលឯកសារទាំងនោះត្រូវបានគ្រប់គ្រង។ ហើយនេះគឺជាផ្នែកមួយនៃបញ្ហា នៅក្នុងការវាយតម្លៃថាតើ អង្គការ វីឃីលីក គឺជាប្រភេទអង្គការអ្វី អង្គការនេះមានគោលបំណងអ្វីខ្លះ និងថាតើអង្គការនេះបានអនុវត្តទៅតាមស្តង់ដាសារព័ត៌មានពិតប្រាកដ នៅក្នុងការវាយតម្លៃ ការត្រួតពិនិត្យ និងការពិភាក្សាអំពីរបៀបក្នុងការបោះពុម្ពផ្សាយព័ត៌មានទាំងនេះ»។
គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើការចេញផ្សាយប្រចាំថ្ងៃនៃឯកសារផ្នែកការទូតរបស់សហរដ្ឋអាមេរិក នឹងត្រូវបន្តរហូតដល់ពេលណា៕
ប្រែសម្រួលដោយ ឌី ខាំបូលី