រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្កោលទោសចំពោះការបញ្ចេញព័ត៌មានសម្ងាត់ដែលធ្លាយពីស្ថានទូតរបស់ខ្លួនប្រចាំក្រុងភ្នំពេញ លើគេហទំព័រវីគីលីកស៍ (Wikileaks) ហើយព្រមានថា ការបង្ហាញព័ត៌មានបែបនេះគ្រោះថ្នាក់ណាស់។ ការទម្លាយព័ត៌មានសម្ងាត់ធ្វើឲ្យក្រសួងការបរទេសកម្ពុជាកោះហៅមន្ដ្រីទូតអាមេរិកឲ្យចូលបំភ្លឺភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែ កក្កដា ឆ្នាំ២០១១នេះ។
ចាប់តាំងពីថ្ងៃអង្គារមកគេហទំព័រវីគីលីកស៍បានបញ្ចេញឯកសារដែលជាទូរសារសម្ងាត់ធ្លាយចេញពីស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងភ្នំពេញសរុបចំនួន៧៧៧ឯកសារ។ ឯកសារទាំងនោះផ្តោតលើការដឹកនាំ និងរបត់នយោបាយរបស់កម្ពុជា។ ឯកសារទាំងនេះទាក់ទងច្រើនទៅនឹងបញ្ហាសេដ្ឋកិច្ច នយោបាយ បញ្ហានៃការឡើងស្នងរាជ្យ ការលូកដៃរបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាចូលក្នុងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ឃាតកម្មលើមេដឹកនាំសហជីពសេរីកម្មករ និងតំណាងកម្មករដែលមិនអាចរកឃាតករពិតប្រាកដឃើញ។ ក្រៅពីនោះវីគីលីកស៍ ក៏បានទម្លាយចេញនូវទូរសារដែលបរិយាយទំនាក់ទំនងកម្ពុជាក្នុងសមាគមអាស៊ាន បញ្ហាសាលាក្ដីខ្មែរក្រហម និងទស្សនវិស័យកម្ពុជាចំពោះមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅភូមាជាដើម។
លោក ម៉ាក វិនិហ្ក (Mark Wenig) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បាននិយាយក្នុងសារអេឡេចត្រូនិក កាលពីថ្ងៃព្រហស្បតិ៍ថា «សហរដ្ឋអាមេរិកថ្កោលទោសការបញ្ចេញព័ត៌មានរបស់រដ្ឋាភិបាលអាមេរិកដោយមានការគិតទុកជាមុន និងដោយមិនមានការអនុញ្ញាត»។
មន្រ្ដីអ្នកនាំពាក្យដដែលថ្លែងថា ការបញ្ចេញព័ត៌មានបែបនេះធ្វើប្រជាពលរដ្ឋរស់ក្នុងគ្រោះថ្នាក់ ជាការគម្រាមដល់សន្ដិសុខជាតិ និងធ្វើឲ្យអន្ដរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការងារជាមួយបណ្ដាប្រទេសនានាដើម្បីដោះស្រាយបញ្ហារួម និងជម្រុញការរីកចម្រើនក្នុងគោលដៅរួម។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយមួយរបស់កម្ពុជា។ ក្រៅពីជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលសហរដ្ឋអាមេរិកក៏បានជួយគាំទ្រកម្ពុជាក្នុងវិស័យយោធាមួយចំនួន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
សារសម្ងាត់ដែលត្រូវបានផ្សាយដោយវីគីលីកស៍ ចាប់ពីខែមិនា ឆ្នាំ១៩៩២ ដល់ខែកុម្ភៈឆ្នាំ ២០១០បង្ហាញថា សហរដ្ឋអាមរិកបានព្យាយាមស្វែងរកតុល្យភាពជាមួយចិន នៅកម្ពុជា ដោយសហរដ្ឋអាមេរិកព្រួយបារម្ភពីការរីកកាន់តែធំនូវអំណាចរបស់សាធារណៈរដ្ឋប្រជាមានិតចិន។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកលោក ម៉ាក វិនិហ្ក ចាត់ទុកថា ការទម្លាយព័ត៌មាននេះមិនមែនគ្រាន់តែជាការវាយប្រហារផលប្រយោជន៍នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការវាយប្រហារសហគមអន្តរជាតិ សម្ពន្ធ័ភាព និងភាពជាដៃគូក្នុងការការពារសន្ដិសុខរួម ការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការជំរុញការលូតលាស់សេដ្ឋកិច្ចទៀតផង។
ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានកោះហៅ ភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិក លោក ចេហ្វ ដេហ្កល (Jeff Daigle) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីស្នើឲ្យមានការពន្យល់ពាក់ព័ន្ធនឹងការធ្លាយសារសម្ងាត់តាមគេហទំព័រវិគីលីកស៍នេះ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យការបរទេសមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្ដីជាន់ខ្ពស់ទូតអាមេរិកបានបញ្ជាក់ថា ការបញ្ចេញព័ត៌មាននោះមិនមែនជាជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ហើយព័ត៌មាននោះមិនពិតទាំងស្រុងទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានកោះហៅភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិកដើម្បីមកបំភ្លឺបញ្ហាខ្លះ។ ក្នុងជំនួបនោះភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានបញ្ជាក់ច្បាស់ថា ព័ត៌មានតាមវីឃីលីកស៍នោះភាគច្រើនជាព័ត៌មានបុគ្គល។ មិនបានបង្ហាញពីជំហរ ឬនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ»។
វីគីលីកស៍ជាបណ្ដាញព័ត៌មានមួយត្រូវបានអះអាងថា មានឯកសារសម្ងាត់របស់ប្រទេសមួយចំនួនក្នុងពិភពលោកជាងមួយលានឯកសារដែលក្នុងនោះក៏មានឯកសារផ្ទៃក្នុងរបស់អាមេរិកផងដែរ។ វីគីលីកស៍បានស្រង់ការបរិយាយរបស់មន្ដ្រីការទូតអាមេរិកនៅរាជធានីភ្នំពេញស្តីអំពីការដឹកនាំរបស់លោក ហោ ណាំហុងនៅគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ គេហទំព័រនោះក៏បង្ហាញអំពីដំណើរការចរចារវាងកម្ពុជា និងថៃលើការកំណត់ព្រំដែនទឹក និងគោកឆ្នាំ ២០០៧។ លើសពីនេះ គេហទំព័រវីគីលីកស៍ ក៏បានលើកឡើងអំពីជម្លោះផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជារវាងភាគីលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជម្លោះរវាងលោកហេង ពៅ អតីតស្នងការនគបាលក្រុងភ្នំពេញដែលត្រូវតុលាការរបស់រដ្ឋបាលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន កាត់ទោសឲ្យជាប់ពន្ធនាគារ និងលោកហុក ឡងឌី អតីតអគ្គស្នងការនគបាលជាតិដែលបានទទួលមរណភាពក្នុងឧបទ្ទវហតុធ្លាក់ឧត្ថម្ភាគចក្រប៉ុន្មានឆ្នាំមុននេះ។ គេហទំព័រវិគីលីកស៍ក៏បានលាតត្រដាងផងដែរពីជម្លោះដីធ្លីរវាងក្រុមប្រជាពរដ្ឋក្រីក្រទល់នឹងអ្នកមានអំណាច និងអ្នកមានលុយនៅកម្ពុជាដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា១២ភាគរយ ហើយជម្លោះកាន់តែកើនឡើង។
ទោះជាមានការធ្លាយព័ត៌មាននេះក្តី ទាំងខាងភាគីកម្ពុជា និងភាគីសហរដ្ឋអាមេរិកមិនបានអះអាងពីភាពល្អក់កករផ្នែកការទូតទេ។
លោក កុយ គួង បញ្ជាក់ថា ក្រោយពីជំនួបរវាងលោកហោ ណាំហុង ជាមួយនឹងភារធារីស្ដីទីស្ថានទូតសហរដ្ឋអាមេរិកមក ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនល្អរបស់ខ្លួន។ លោកថ្លែងថា៖
«ភាគីទាំងពីរបានឯកភាពគ្នា ហើយថាមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ ដែលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែរីកចម្រើនមានលក្ខណៈទូលំទូលាយ»៕