ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បារាំង​ពង្រឹង​សន្តិសុខ​នៅ​តំបន់​រសើប​បន្ទាប់​ពី​មាន​ការ​ប្រហារ


មន្រ្តី​ប៉ូលីស​ជិះ​កង់​ល្បាត​នៅ​តាម​ផ្លូវ Rue des Rosiers នៅ​ចំ​​ចំនុច​កណ្តាល​ក្នុង​តំបន់​របស់​ជនជាតិ​ជ្វីវ​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១២ ខែ​មករា​ ឆ្នាំ​២០១៥។​

បារាំង​កំពុង​ដាក់​ពង្រាយ​កងទ័ព​១​ម៉ឺន​នាក់​ដើម្បីបង្កើន​សន្តិសុខ​នៅ​តំបន់​ដែល​រសើប ​បន្ទាប់​ពី​មាន​ការវាយ​ប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​កាល​ពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ប៉ារីស។

លោក Jean-Yves Le Drian ​រដ្ឋ​មន្រ្តី​ក្រសួងការពារ​ជាតិ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាននៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​កងទ័ព​នឹង​ស្ថិត​នៅ​ទី​កន្លែង​នោះ​នៅ​រសៀល​ថ្ងៃ​អង្គារ។​លោក Bernard Cazeneuve រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា កងទ័ព​ចំនួន​ពាក់​កណ្តាល​នឹង​ការពារ​សាលារៀនជន​ជាតិ​ជ្វីវ​ចំនួន​៧១៧​នៅ​ក្នុង​ប្រទេស​បារាំង។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​ប្រកាស​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ព្រហស្បត៍​និង​ថ្ងៃ​សុក្រ ​ដើម្បី​ពិភាក្សា​ស្តី​ពីការ​ប្រឆាំង​នឹង​អ្នក​ហឹង្សា​ជ្រុល​និយម។ លោករដ្ឋមន្រ្តី​ការបរទេស​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទី​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​និង​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ ​កំពុង​សម្រប​សម្រួល​ជាមួយ​ក្រុម​អ្នក​ស៊ើប​អង្កេត​បារាំង។

ក្រុម​អាជ្ញា​ធរ​នៅ​តែ​កំពុង​ស្វែងរក​ Hayat Boumeddiene ​ជា​ដៃ​គូ​របស់​ខ្មាន់​កាំភ្លើង Amedy Coulibaly ​ដែល​ប៉ូលីស​និយាយ​ថា ​បាន​សម្លាប់​មន្រ្តី​ប៉ូលីស​ម្នាក់​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន ហើយ​និង​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​៤​នាក់​ បន្ទាប់​ពី​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ហាង​លក់​គ្រឿង​ទេស​សម្រាប់អាហារ​ជន​ជាតិ​ជ្វីវ។

ទីភ្នាក់ងារ​សារព័ត៌មាន​ Anatolia គ្រប់​គ្រង​ដោយ​រដ្ឋ​តួកគី ​បាន​ស្រង់​សម្តី​លោកMevlut Cavusoglu ​រដ្ឋ​មន្រ្តី​ការបរទេស​ប្រទេស​តួកគី​ថា Boumeddiene ​បាន​ជិះ​យន្តហោះ​ចេញ​ពី​ទីក្រុង Madrid នៃ​ប្រទេស​អេស្ប៉ាញ​ទៅ​កាន់​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មករា​ ហើយ​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃ​ទី​៨ ​ខែ​មករា។

កាសែត​វីដេអូ​បាន​បង្ហាញពី​បុរស​ម្នាក់​ដែល​ប៉ូលីស​និយាយ​ថា​អាច​ជា Coulibaly ​បាន​លេច​ចេញ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គមកាល​ពី​ថ្ងៃ​អាទិត្យ​ ២ថ្ងៃ​ក្រោយ​ពី​ជន​នោះ​ត្រូវ​បាន​សម្លាប់។ ក្នុង​វីដេអូ​នោះ​បាន​ហៅ​ការ​សម្លាប់​នៅ​ក្នុង​ទីក្រុង​ប៉ារីសថា​ ជា​ការសងសឹកប្រទេស​បារាំង​ចំពោះ​ការចូល​រួម​របស់​ខ្លួននៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាមក្នុង​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់។

សហគមន៍​អន្តរជាតិ​បាន​បង្ហាញនូវ​ការគាំទ្រ​យ៉ាង​ខ្លាំងក្លា ​ចាប់​តាំង​ពី​មាន​ការបាញ់​ប្រហារ​នោះ។

មេ​ដឹក​នាំ​ពិភពលោក​ជាង​៤០​ប្រទេស​ បាន​ចូលរួម​ជាមួយ​លោកប្រធានាធិបតី​បារាំង ហូឡង់ (Hollande) និង​មាន​មនុស្ស​ជាង​១​លាន៦សែន​នាក់​ នៅ​ក្នុង​ការប្រមូល​ផ្តុំ​ដ៏​ធំ​មួយ​នៃ​សាមគ្គីភាព​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​ប៉ារីស។

មេដឹកនាំ​ពិភពលោក​ទាំង​នោះ ​រួមមាន​លោកស្រី Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ លោកនាយក​រដ្ឋមន្រ្តី​អង់គ្លេស David Cameron ​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី Sergei Lavrov ​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល​ Benjamin Netanyahu និង​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas៕

XS
SM
MD
LG