ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ទី​បួន​លាលែង​ពី​សាលាក្តី​ខ្មែរ​ក្រហម


រូប​ឯកសារ៖ សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១១។
រូប​ឯកសារ៖ សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០១១។

ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​លោក​ ម៉ាក ហាម៉ុន (Mark Harmon) បាន​ដាក់​ពាក្យ​សុំ​លាលែង​ក្នុង​ខណៈ​ពេល​ដែល​មាន​ព័ត៌មាន​ស្តី​ពី​អាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​ធ្វើ​ព្រងើយ​កន្តើយ​មិន​ចាត់​ការ​លើ​ដីកា​ចាប់​ខ្លួន​ទី​ពីរ​ដែល​ឱ្យ​ចាប់ខ្លួន​អតីត​មេបញ្ជាការ​ខ្មែរក្រហម​ម្នាក់។

ចៅក្រម​សញ្ជាតិ​អាមេរិកាំង ម៉ាក ហាម៉ុន គឺ​ជា​ចៅក្រម​ទី​បួន​ដែល​បាន​លាលែងជាបន្តបន្ទាប់​ពី​សាលាក្តី​កូនកាត់​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក ​ហាម៉ុន​ បាន​លើក​ហេតុផល​ថា៖

«ជាមួយ​នឹង​ការ​សោកស្តាយ​ដ៏​ជ្រាលជ្រៅ​បំផុត​ដែល​ខ្ញុំ​បាន​ដាក់​សំណើ​សុំ​លាលែង​ពី​តំណែង​របស់​ខ្ញុំ​ ដោយសារ​តែ​មូលហេតុ​ផ្ទាល់​ខ្លួន​មួយ​គត់ ហើយ​ការ​លាលែង​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​ចៅក្រម​ដែល​ត្រូវ​ជំនួស​ខ្ញុំ​ធ្វើ​ពិធី​សម្បថ​ចូល​កាន់​តំណែង‍»។​

លោក​បាន​បន្ថែម​ថា៖

«វា​ពិត​ជា​កិត្តិយស​ណាស់ ដែល​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​បម្រើ​ការងារ​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហើយ​មាន​បុព្វសិទ្ធិ​ជាមួយ​នឹង​សហការី​អន្តរជាតិ​និង​កម្ពុជា​ដទៃ​ទៀតដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​នាម​ជនរងគ្រោះ​ជាច្រើន​ដែល​បាន​ទទួល​រងទុក្ខ​វេទនា​នៅ​ក្រោម​កណ្តាប់​ដៃ​នៃ​របប​ខ្មែរ​ក្រហម‍»។​

លោក​ចៅក្រម ម៉ាក ហាម៉ុន បាន​ធ្វើ​ពិធី​សម្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ២០១២។ នៅ​ពេល​នោះ​លោក​បាន​ប្តេជ្ញា​ថា ​បន្ត​ការងារ​លើ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស ​០០៣ និង​០០៤ ជាមួយ​នឹង​លោក​សហចៅក្រម​ស៊ើបអង្កេត​ជាតិ យូ ប៊ុនឡេង ប៉ុន្តែ​យោង​តាម​ឯកសារ​របស់​សាលាក្តី​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​បង្ហាញ​ថា ​អាជ្ញាធរ​ប៉ូលិស​បាន​ធ្វើ​ព្រងើយកន្តើយ​មិន​ចាត់​ការ​លើ​ដីកា​ចាប់​ខ្លួនអតីត​មេបញ្ជាការ​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម​ មាស មុត ដែល​ចេញ​ជា​លើក​ទីពីរ​ដោយ​ការិយាល័យ​របស់​លោក​ទេ។

ចៅក្រម​ដែល​បាន​លាលែង​ចេញ​ពី​តំណែង​មុនៗ​គឺ​ ចៅក្រម ម៉ាកសែល ឡឺម៉ុង ​ចៅក្រម Siegfried Blunkនិង​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរជាតិ Laurent Kasper-Ansermet៕

លោក​ចៅក្រម​សញ្ជាតិ​អាមេរិក​រូប​នេះ​បាន​បំពេញ​ការងារ​ជា​មេធាវី​ជាន់ខ្ពស់​មួយ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី​ (ICTY) ​អស់​រយៈពេល ​១៧ ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG