ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​រំលត់​បណ្តឹង​អាជ្ញា​ចំពោះ​ជនសង្ស័យ​សំណុំ​រឿង​បន្ថែម​ម្នាក់


សហ​ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ស៊ូ ម៉េត ​ដែល​ជា​ជន​សង្ស័យ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ក្នុង​សំណុំ​រឿង​បន្ថែម​ ០០៣​ដ៏ចម្រូងចម្រាស​ ក្រោយពេល​ជន​សង្ស័យ​​រូបនេះ​បាន​ស្លាប់។
សហ​ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ស៊ូ ម៉េត ​ដែល​ជា​ជន​សង្ស័យ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ក្នុង​សំណុំ​រឿង​បន្ថែម​ ០០៣​ដ៏ចម្រូងចម្រាស​ ក្រោយពេល​ជន​សង្ស័យ​​រូបនេះ​បាន​ស្លាប់។

សាលាក្តី​ខ្មែរក្រហម​បាន​រំលត់​បណ្តឹង​អាជ្ញា​ចំពោះ​ជនសង្ស័យម្នាក់​ក្នុង​សំណុំរឿង​បន្ថែម​ ក្រោយ​ពេល​ដែលជន​សង្ស័យ​ក្នុងសំណុំ​រឿង​ដែល​មានការ​រិះគន់​ខ្លាំង​នេះ​ បាន​ស្លាប់​ជិត​២​ឆ្នាំ​ទៅ​ហើយ​នោះ។​

សហ​ចៅក្រម​ស៊ើបអង្កេត​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ស៊ូ ម៉េត ​ដែល​ជា​ជន​សង្ស័យ​និង​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ក្នុង​សំណុំ​រឿង​បន្ថែម​ ០០៣​ដ៏ចម្រូងចម្រាស​ ក្រោយពេល​ជនសង្ស័យ​រូបនេះ​បាន​ស្លាប់។​ នេះ​បើ​តាម​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.ដែល​ VOA ទទួល​បាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

ការ​លើកលែង​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​ស៊ូ ម៉េត​នេះ​បាន​កើត​ឡើង​នៅថ្ងៃ​ទី២​ខែ​មិថុនា ​ក្រោយពីជន​សង្ស័យ​រូបនេះ​បានស្លាប់​ដោយ​សារ​ជំងឺ​កាល​ពីថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៣។​

លោក​ ស៊ូ ម៉េត ​ជា​អតីត​មេ​បញ្ជាការ​កងទ័ព​អាកាស​ម្នាក់​ក្នុង​សម័យ​ខ្មែរក្រហម​ ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​នៃ​សំណុំ​រឿង​០០៣​ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ជា​ច្រើន​ក្នុង​ទស​វត្សរ៍​១៩៧០​ ​អំពី​ឧក្រិដ្ឋកម្ម​ជាច្រើន​រួមទាំង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានឲ្យ​ដឹង​ថា៖​«សហ​ចៅក្រម​ស៊ើប​អង្កេត​សន្និដ្ឋាន​ថា​ មរណភាព​របស់​ ស៊ូ ម៉េត​ បាន​បញ្ចប់​ការ​ចោទ​ប្រកាន់ពីបទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​រូបគាត់។​ ការ​កំណត់​អំពី​ការ​ទទួលខុស​ត្រូវ​ព្រហ្មទណ្ឌ​ ចំពោះ​បទ​ល្មើស​ ដែល​ត្រូវ​បានចោទ​ប្រកាន់​ក្នុង​ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ ស៊ើប​សួរ​នឹងត្រូវ​ធ្វើឡើង​នៅ​ក្នុង​ពេល​ចេញ​ដីការ​ដំណោះ​ស្រាយ​អនុលោម​តាម​វិធាន​៦៧​នៃ​វិធាន​ផ្ទៃ​ក្នុង»។​

សំណុំ​រឿង​០០៣​ ​និង​០០៤​ត្រូវ​គេ​គិត​ថា​ ជា​សំណុំ​រឿង​ចុងក្រោយ​ ដែល​មាន​ ជន​សង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់​កណ្តាល​៥​នាក់។ ​សំណុំ​រឿង​ ទាំង​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​ខ្លាំង​ថា​ បាន​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​និង​បាន​រារាំង​មិន​ឲ្យមាន​ដំណើរការ​ទៅ​មុខ។​

សំណុំ​រឿង​ទាំងពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​ជាតិ​និង​ អន្តរជាតិ ​និង​ស្ថិត​ក្នុង​ដំណាក់​កាល​ដែល​គ្មាន​កិច្ច​សហ​ប្រតិបត្តិការ​ពី​ភាគី​កម្ពុជា​ ដើម្បី​នាំខ្លួន​ជន​សង្ស័យ​ទាំងនោះ​មក​ឃុំខ្លួន​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​តុលាការ។​

សាលាក្តី​ខ្មែរក្រហម​ពេល​នេះ​ កំពុង​បន្ត​កាត់ទោស​សំណុំ​រឿង​០០២ ​វគ្គទី២​ ដែល​ មាន​ជន​ជាប់ចោទ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរ​រូបគឺ​នួន ជា ​បង​ធំ​ទី២ ​និង​ខៀវ សំផន​ជា​ប្រមុខ​រដ្ឋ​ទាក់ទង​នឹង​បទចោទ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕

XS
SM
MD
LG