៤០ឆ្នាំក្រោយការឡើងកាន់កាប់អំណាចរបស់ចលនាខ្មែរក្រហម ការយល់ដឹងអំពីសម័យនោះនៅមានគម្លាតធំនៅឡើយរវាងអ្នកដែលបានឆ្លងកាត់សម័យឃោរឃៅនេះ ហើយនិងអ្នកដែលបានកើតក្រោយរបបនេះ។
ក៏ប៉ុន្តែវេទិកាអប់រំថ្នាក់សហគមន៍អាចជាមធ្យោបាយល្អមួយដើម្បីជួយជំរុញការពិភាក្សាអន្តរជំនាន់ ឬឆ្លងជំនាន់រវាងជំនាន់ខុសគ្នាទាំងពីរ។ នេះបើតាមការអះអាងរបស់លោក ផេង ពង្សរ៉ាស៊ី ប្រធានក្រុមនៃកម្មវិធីសិក្សាអំពីប្រល័យពូជសាសន៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ពង្សរ៉ាស៊ី បានថ្លែងក្នុងកម្មវិធី«សំឡេងជំនាន់ថ្មី»កាលពីថ្ងៃច័ន្ទទី១៨ ខែឧសភាថាការពិភាក្សាអន្តរជំនាន់អាចមានទម្រង់ផ្សេងគ្នាតែមានគោលដៅដូចគ្នា៖
«នៅក្នុងគ្រួសារក៏មានការពិភាក្សាឆ្លងជំនាន់ គឺអន្តរជំនាន់ដែរ ពីឪពុកមកកូន ហើយ នៅក្នុង(វេទិកា)ទីសារធារណៈក៏ជាអន្តរជំនាន់ដែរ ពីចាស់ៗមកក្មេងៗ ពីក្មេងៗដែលរៀនពីលោកគ្រូអ្នកគ្រូ ពិភាក្សាគ្នា ជុំគ្នាដោះស្រាយនូវរឿងមួយដែលបានកើតឡើងពីអតីតកាល។»
ថ្មីបើរបបខ្មែរក្រហមបានដួលរំលំអស់ច្រើនទសវត្សមកហើយក្តី ក៏នៅតែមិនមានមធ្យោបាយណាមួយពិតប្រាកដសម្រាប់ឲ្យជនរងគ្រោះអាចចែករំលែកបទពិសោធន៍នៃការឆ្លងកាត់សម័យវាលពិឃាតនោះទេ។ ចំណែកកូនខ្មែរដែលបានកើតនៅក្រោយរបបខ្មែរក្រហមវិញ មានការលំបាកក្នុងការយល់អំពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួននិងអារម្មណ៍បាក់ស្បាតរបស់ឪពុកម្តាយពួកគេ។ (ចុចមើលការស្ទង់មតិរបស់ VOA)
លោក ផេង ពង្សរ៉ាស៊ី ថ្លែងថា វេទិកាអប់រំសាធារណៈទាំងនេះដើរតួជាស្ពានទំនាក់ទំនងរវាងជំនាន់ទាំងពីរ ហើយត្រូវសម្របសម្រួលដោយអ្នកជំនាញច្បាស់លាស់។ លោកបន្តថា វេទិកាអប់រំសាធារណៈជាព្រឹត្តិការណ៍មិនផ្លូវការដែលប្រមូលផ្តុំជនរងគ្រោះ ជនល្មើស សិស្សានុសិស្ស និងគ្រូបង្រៀន ហើយអាចជួយជំរុញបន្ថែមការពិភាក្សអន្តរជំនាន់ដែលកើតមានឡើងរួចទៅហើយនៅក្នុងគ្រួសារ ក៏ដូចជាបន្ថែមលើការរៀនប្រវត្តិសាស្ត្រខ្មែរក្រហមតាមកម្មវិធីសិក្សានៅវិទ្យាល័យ ដែលត្រូវបានបញ្ចូលកាលពីឆ្នាំ២០១១។
លោក កក្កដា ប្រិយមិត្ត VOA មួយរូបពីខេត្តបាត់ដំបងដែលបានទូរស័ព្ទចូល ថ្លែងថា លោកមិនដែលធ្លាប់បានចូលរួមនៅក្នុងវេទិកាអប់រំសាធារណៈបែបនេះទេ ប៉ុន្តែលោកថា កូនក្មួយរបស់លោកតែងសាកសួរលោកអំពីដំណើរជីវិតក្នុងរបបខ្មែរក្រហម។
លោក ផេង ពង្សរ៉ាស៊ី ឆ្លើយតបថា វេទិកាអប់រំសាធារណៈអំពីរបបខ្មែរក្រហម ធ្វើឡើងជាទ្រង់ទ្រាយធំកម្រិតសហគមន៍ ដោយជួយអប់រំយុវជនជំនាន់ក្រោយផងនិងអាចជួយព្យាបាលសុខភាពផ្លូវចិត្តរបស់ជនរងគ្រោះពីរបបខ្មែរក្រហម។
«ដូចលោក(កក្កដា)ធ្លាប់ឆ្លងកាត់របបខ្មែរក្រហមអញ្ចឹង លោកបាននិយាយរឿងរ៉ាវប្រាប់ទៅកូនរបស់លោក កូនរបស់លោកសួរដេញដោយទៅវិញទៅមក លោកមានអារម្មណ៍ធូរណាស់ព្រោះថា រឿងរ៉ាវរបស់លោកត្រូវបានកូនឬក៏អ្នកដទៃទៀតស្តាប់ ហើយគេយកចិត្តទុកដាក់។»
លោកពង្សរ៉ាស៊ីថ្លែងថា ការពិភាក្សាអន្តរជំនាន់នេះអាចជួយកាត់បន្ថយអារម្មណ៍ភាពនៅតែឯង (isolation) របស់ជនរងគ្រោះសម័យខ្មែរក្រហម។
ចាប់តាំងពីឆ្នាំ២០១០មក មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំវេទិកាអប់រំសាធារណៈបែបនេះចំនួន២៨រួមមកហើយនៅទូទាំងប្រទេស។ លោក ពង្សរ៉ាស៊ី ថ្លែងថា មានសិស្សចាប់តាំងពីថ្នាក់ទី៧បានចូលរួមវេទិកាទាំងនេះ ហើយពួកគេតែងតែបានសាកសួរសំណួរល្អដល់អ្នកចូលរួមជាជនរងគ្រោះ។
អ្នកស្រាវជ្រាវរូបនោះថ្លែងថាមជ្ឈមណ្ឌលនេះមានគម្រោងនឹងរៀបចំវេទិកាអប់រំសាធារណៈចំនួន១២ទៀតនៅក្នុងឆ្នាំនេះ ហើយនឹងចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកាតាមអ៊ីនធឺណិតនៅចុងខែឧសភានេះដើម្បីគាំទ្រគម្រោងនេះ៕
លោកអ្នកអាចផ្តល់វិភាគទានដល់ការរៃអង្គាសនេះត្រង់ទំព័រ Kickstarter នេះ។
------------------
សម្គាល់៖ កម្មវិធី«សំឡេងជំនាន់ថ្មី»តម្រូវឲ្យភ្ញៀវកិត្តិយសណែនាំសៀវភៅឬឯកសារសិក្សាល្អៗណាមួយសម្រាប់ប្រិយមិត្ត ហើយលោក ផេង ពង្សរ៉ាស៊ី បានណែនាំសៀវភៅមួយអំពីការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដែលមានចំណងជើងថា The Leader's Guide to Influence: How to Use Soft Skills to Get Hard Resultsនិពន្ធដោយ Mike Brent និង Fiona Dent។ ចំពោះទ្រឹស្តីផ្ទាល់ខ្លួនអំពីជោគជ័យក្នុងជីវិតវិញ លោកបានណែនាំថា៖ «ស្តាប់ឲ្យច្រើនជាងនិយាយ» ដែលជាជំនាញមួយក្នុងទំនាក់ទំនងសង្គម។ ប្រិយមិត្តអាចស្តាប់កម្មវិធីទាំងស្រុងឡើងវិញត្រង់នេះ។