មានមនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយក្រុមឧទ្ទាមកាន់សាសនាឥស្លាមក្នុងពិធីបុណ្យណូអែលនៅតាមភូមិរបស់ប្រជាពលរដ្ឋដែលកាន់សាសនាគ្រិស្តនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា អ្នកដែលបានស្លាប់បាត់បង់ជីវិតរួមមាន ពលរដ្ឋដែលកាន់សាសនាគ្រិស្តចំនួន៩នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយក្រុមឧទ្ទាមដែលមានឈ្មោះថា អ្នកប្រយុទ្ធដើម្បីសេរីភាពឥស្លាម Bangsamoro ហើយសមាជិក៥នាក់របស់ក្រុមឧទ្ទាមនេះក៏បានស្លាប់ ដោយការបាញ់ប្រហារពីសំណាក់កងកម្លាំងរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលជាថ្ងៃបុណ្យណូអែល។
លោកស្រីមេបញ្ជាការ Joan Petinglay អ្នកនាំពាក្យឲ្យយោធាក្នុងតំបន់ បានមានប្រសាសន៍ថា ការវាយប្រហារគ្នានេះបានកើតឡើងនៅក្នុងខេត្តចំនួន៣ខុសៗគ្នា នៅលើកោះ Mindanao។ ហើយក្នុងរយៈពេល២ថ្ងៃនោះ សមាជិកក្រុមឧទ្ទាមប្រមាណ២០០នាក់បានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារយ៉ាងហោចណាស់ចំនួន៨លើក។
លោកស្រីបានឲ្យដឹងថា៖ «យើងបានដឹងថា ក្រុមសកម្មប្រយុទ្ធ Bangsamoro មានគម្រោងវាយប្រហារលើប្រជាពលរដ្ឋ និងក្រុមផ្តាច់ខ្លួនរបស់យើង។ ដូច្នេះយើងធ្វើការប្រុងប្រយ័ត្នយ៉ាងខ្លាំងតាំងពីមុនថ្ងៃបុណ្យណូអែល។ ការប្រុងប្រយ័ត្ននេះបានរារាំងមិនឲ្យក្រុមឧទ្ទាមវាយប្រហារតាមភូមិ និងបង្កគ្រោះថ្នាក់កាន់តែច្រើន»។
កោះ Mindanao ដែលមានប្រជាជនសរុបប្រមាណ២០លាននាក់ គឺជាតំបន់ដែលមានប្រជាជនដែលកាន់សាសនាឥស្លាមមួយចំនួនធំ។ ហើយក្រុមឧទ្ទាម Bangsamoro បានផ្តាច់ខ្លួនចេញពីអង្គភាពឧទ្ទាមឥស្លាមដ៏ធំមួយនៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១១ ដោយប្រកាសថាក្រុមរបស់ខ្លួននឹងប្រយុទ្ធដើម្បីបង្កើតរដ្ឋឥស្លាមមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលប្រជាជននៅទីនោះភាគច្រើនកាន់សាសនាគ្រិស្តនិកាយកាតូលិក (Catholic) ហើយថា ខ្លួននឹងបដិសេធរាល់ការបញ្ចុះបញ្ចូលរបស់រដ្ឋាភិបាលដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនោះ។
ជនឧទ្ទាមមួយចំនួនដែលបានពាក់ព័ន្ធនឹងការវាយប្រហារនានាក្នុងសប្តាហ៍នេះ បានសន្យាស្មោះស្ម័គ្រនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងវីដេអូមួយបានបង្ហោះលើគេហទំព័រ YouTube ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាក្រុមឧទ្ទាមនៅហ្វីលីពីនមានជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនោះទេ៕