ប្រទេស ភូមា (Burma) ទទួលបានការកោតសរសើរចំពោះការចុះហត្ថលេខាទៅលើបទឈប់បាញ់គ្នាមួយចំនួន ជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាព។ ប៉ុន្តែ ជម្លោះដែលកើតឡើងសារជាថ្មីជាមួយក្រុមមួយ ដែលមានឈ្មោះថា កងទ័ពគាំទ្រឯករាជ្យភាព កាជីន (Kachin Independence Army) ឬហៅកាត់ជាភាសាអង់គ្លេសថា KIA កំពុងគំរាមកំហែងសន្តិភាពនៅតាមតំបន់ព្រំដែនសំខាន់ៗជាមួយប្រទេស ចិន (China)។ ដើម្បីជួយដោះស្រាយសភាពការណ៍នេះ ចិន បានធ្វើជាម្ចាស់ផ្ទះយ៉ាងស្ងាត់ៗ ចំពោះការចរចាសន្តិភាពរវាងអាជ្ញាធរ ភូមា និងក្រុមឧទ្ទាម។
រដ្ឋ កាជីន (Kachin) ភាគខាងជើងដែលសម្បូរទៅដោយធនធានរបស់ ភូមា បានក្លាយជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងរប៉េះរប៉ោះ ចាប់តាំងពីខែមិថុនា នៅពេលដែលបទឈប់បាញ់រយៈពេល១៧ឆ្នាំ បានបញ្ចប់ទៅដោយមានការប៉ះទង្គិចគ្នាដ៏ហិង្សា។
ចាប់តាំងពីពេលនោះមក អ្នកភូមិរាប់ពាន់នាក់ បានភៀសខ្លួនឆ្លងព្រំដែន ចូលទៅក្នុងប្រទេសចិន។
លោក ប្រាយអិន អ៊ីរិកសុន (Brian Erikson) ធ្វើការជាមួយ អង្គការដៃគូជួយសង្រ្គោះនិងអភិវឌ្ឍន៍ (Partners in Relief and Development)។ លោក ប៉ាន់ស្មានថា ប្រជាពលរដ្ឋជាង៦ម៉ឺននាក់ បានបាត់បង់ទីជម្រកនិងរស់នៅតាមតំបន់ព្រំដែន។ លោក អ៊ីរិកសុន និយាយថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសភូមា ខ្វះខាតចំណីអាហារ ហើយប្រជាពលរដ្ឋជាច្រើនកំពុងរងគ្រោះពីជំងឺឆ្លងតាមផ្លូវដង្ហើម ដោយសារអាកាសធាតុត្រជាក់។
«ពិតជាមានប្រជាពលរដ្ឋដែលមានចំនួនរាប់ពាន់នាក់ ដែលបានភៀសខ្លួនពីវាយប្រយុទ្ធគ្នាដោយផ្ទាល់ ជាមួយកងទ័ពភូមា ដែលបានភៀសខ្លួនចេញពីការប្រឈមមុខផ្ទាល់ៗ ដែលកងកម្លាំងប្រដាប់អាវុធ បានទាមទារយកតំបន់នោះ ទ្រព្យសម្បត្តិ និងជូនកាល ប្រជាពលរដ្ឋ ដោយបង្ខំទៀតផង។ ដូច្នេះ ប្រជាពលរដ្ឋ បានភៀសខ្លួន ចំពេលមានបាញ់ប្រហារដោយប្រើគ្រាប់កាំភ្លើងពិត។ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើន បានគេចចេញ ដោយសារការភ័យខ្លាចនៃសភាពការណ៍នេះ»។
សភាពការណ៍នោះ ពិបាកបញ្ជាក់ឲ្យបានច្បាស់លាស់ណាស់ ដោយសារតែអង្គការអន្តរជាតិនិងអ្នកកាសែត កម្រទទួលបានការអនុញ្ញាត និងដាក់កម្រិតចំពោះការធ្វើដំណើរចូលទៅកាន់រដ្ឋ កាជីន។
ចំណែកឯ សភាពការណ៍នៅខាងប្រទេស ចិន ក៏មិនច្បាស់លាស់ដែរ។ អាជ្ញាធរ ចិន មិនបានទទួលស្គាល់វិបត្តិជនភៀសខ្លួនណាមួយទេ ប៉ុន្តែ ពួកគេបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្តល់តំបន់អព្យាក្រិតសម្រាប់ភាគីទាំងសងខាង ដើម្បីធ្វើការចរចា កាលពីខែមុន និងនៅក្នុងខែវិច្ឆិកា។
ជម្លោះប្រហាក់ប្រហែលគ្នារវាងកងទ័ពភូមានិងក្រុមជីវពល ជនជាតិកូកាន (Kokan) នៅក្នុងរដ្ឋ ស្សាន (Shan) កាលពីឆ្នាំ២០០៩ បានរំខានដល់ពាណិជ្ជកម្មនិងបណ្តាលឲ្យជនភៀសខ្លួនរាប់ពាន់នាក់ រត់ភៀសខ្លួនទៅក្នុងប្រទេស ចិន។
លោក រ៉ាវីប្រាសាដ ណារ៉ាយ៉ាណាន (Raviprasad Narayanan) ជាអ្នកស្រាវជ្រាវមួយរូបនៅឯសាកលវិទ្យល័យជាតិ ចេងជី របស់តៃវ៉ាន់ (National Chengchi University)។ លោក និយាយថា តួនាទីរបស់ ចិន ក្នុងនាមជាម្ចាស់ផ្ទះ គឺដោយសារជម្លោះនោះតែម្តង។
«ចំណាប់អារម្មណ៍សាជាថ្មីនេះដែលទីក្រុង ប៉េកាំង (Beijing) បានបង្ហាញថា ខ្ញុំចង់និយាយថា ចំណាប់អារម្មណ៍នោះបានលេចឡើងបន្ទាប់ពីជម្លោះជាមួយនឹងក្រុមជនជាតិ កូកាង (Kokang) កាលពីខែសីហាឆ្នាំ២០០៩។ ឥឡូវនេះ អ្នកជួបវិបត្តិជនភៀសខ្លួនដែលស្ថិតនៅតាមព្រំដែនរបស់ ចិន។ វិបត្តិនេះ បានបង្កើតបញ្ហាតូចតាចជាច្រើន ដែលមិនមែនត្រឹមតែសម្រាប់ថ្នាក់ដឹកនាំខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកដែលកំពុងអង្គុយនៅទីក្រុង ប៉េកាំង ទៀតផង។ ដូច្នេះ ពួកគេមានអារម្មណ៍ថា ពួកគេមិនគួរចាកឆ្ងាយពីវិបត្តិនេះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ដោយបារម្ភថា ពួកគេ អាចត្រូវកត់សម្គាល់ថាមិនបានតាមឃ្លាំមើលកិច្ចការនេះ»។
ការប្រយុទ្ធដែលនៅតែបន្ត កំពុងគំរាមកំហែងដល់សន្តិភាពផង និងទឹកប្រាក់រាប់ពាន់លានដុល្លា ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគទុនរបស់ចិនទៀតផង។
ភាពប្រទូសរ៉ាយនៅក្នុងរដ្ឋ កាជិន បានផ្ទុះឡើងក្បែរការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាសដែលគាំទ្រដោយចិន។
បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅក្បែរគម្រោងសាងសង់ទំនប់ មីអ៊ីតសុន (Myitsone) ដែលមានតម្លៃបីពាន់លានដុល្លាកន្លះ ប្រធានាធិបតី ភូមា លោក ថេន សេន (Thein Sein) បានបញ្ជាឱ្យផ្អាកការសាងសង់ ដែលបានធ្វើឱ្យ ចិន មានការភ្ញាក់ផ្អើលនិងមិនសប្បាយចិត្ត។
ទីក្រុង ប៉េកាំង មានកិច្ចព្រមព្រៀងដើម្បីសាងសង់ទំនប់វារីអគ្គីសនីចំនួន៧កន្លែងនៅក្នុងរដ្ឋ កាជីន ដែលថាមពលអគ្គីសនីយ៉ាងច្រើននឹងត្រូវបញ្ជូនទៅប្រទេសចិន។
លោក អ៊ុង យ៉ាវ ហ្ស៊ូវ (Aung Kyaw Zaw) ជាអ្នកវិភាគអំពីប្រទេស ភូមា ដែលមូលដ្ឋាននៅតំបន់ រ៉ួលី (Ruili)។ លោក ថ្លែងថា ចិន កំពុងធ្វើជាម្ចាស់ផ្ទះនៃការចរចាសន្តិភាពនេះ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។
«នៅភាគខាងជើងតំបន់ កាជីន ជាពិសេសតំបន់ដែលគ្រប់គ្រងដោយកងទ័ព KIA មានមូលធនរបស់រដ្ឋាភិបាលចិនជាច្រើន លុយវិនិយោគជាច្រើន និងគម្រោងជាច្រើន។ ពួកគេត្រូវការសន្តិភាព»។
ក្រុមអ្នកវិភាគ និយាយថា បំពង់បង្ហូរប្រេងនិងឧស្ម័ន ដែលប្រទេស ចិន និង ភូមា កំពុងតែដាក់រាយកាត់ផ្ទៃប្រទេស កាន់តែមានសារសំខាន់ជាងនេះទៅទៀត។
នៅពេលដែលបំពង់បង្ហូរប្រេងនេះ សាងសង់រួច បំពង់ទាំងនេះនឹងលាតសន្ធឹងពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេស ភូមា និងចូលទៅក្នុងតំបន់ រ៉ួលី (Ruili) របស់ចិន ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ កាជីន និងមិនឆ្ងាយប៉ុន្មានទេពីតំបន់មានការវាយប្រយុទ្ធគ្នា កាលពីពេលថ្មីៗនេះ។
បំពង់បង្ហូរប្រេងទាំងនេះ នឹងផ្តល់ផ្លូវយុទ្ធសាស្រ្តផ្សេងមួយទៀតសម្រាប់ការបង្ហូរប្រេងពីទ្វីប អាហ្រ្វិក (Africa) និងតំបន់ មជ្ឈិមបូព៌ា (Middle East) ទៅកាន់ប្រទេស ចិន ដោយគេចចេញពីច្រកសមុទ្រនៃជ្រោយម៉ាឡាកា (Malacca) ដែលពោរពេញទៅដោយអំពើប្លន់តាមសមុទ្រ។
លោក ម៉ួង ហ្សានី (Maung Zarni) ដែលជាអ្នកស្រាវជ្រាវមួយរូបនៅឯសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ (London School of Economics) និយាយថា បំពង់បង្ហូរប្រេងនេះ បានប្រែក្លាយសន្តិភាពរវាងប្រទេស ភូមា និងកងទ័ពឧទ្ទាម ទៅជាកម្មវត្ថុយុទ្ធសាស្រ្តសម្រាប់ប្រទេស ចិន។
«រដ្ឋ កាជីន មានសារសំខាន់យ៉ាងខ្លាំងបំផុតសម្រាប់ទាំងរបបយោធា ភូមា និងរដ្ឋាភិបាលទីក្រុង ប៉េកាំង ទាក់ទងទៅនឹងការផ្តល់ឱ្យនិងការការពារសន្តិសុខសម្រាប់បំពង់បង្ហូរប្រេង ក៏ដូចជាតំបន់ពាណិជ្ជកម្មឆ្លងព្រំដែន»។
ចិន ទិញនិងវិនិយោគទៅលើធនធានរ៉ែ ត្បូងមានតម្លៃ និងការកាប់ឈើ នៅតាមព្រំដែន ក្នុងប្រទេស ភូមា ដែលមិនមែនស្របច្បាប់ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ចិន លក់ផលិតផលកែច្នៃក្នុងតម្លៃថោក។
ក្រុមអ្នកវិភាគយោធា និយាយថា ចិន គឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេបង្អស់ទៅឱ្យកងទ័ពរួបរួមរដ្ឋ វ៉ា (United Wa State Army)។
កងទ័ព វ៉ា (Wa) គឺជាក្រុមកងទ័ពធំជាងគេបង្អស់ ដែលត្រូវបានប៉ាន់ស្មានថាមានកងកម្លាំងប្រយុទ្ធរហូតដល់ទៅ៣ម៉ឺននាក់ និងត្រូវបានចាត់ទុកថាជាបណ្តាញជួញដូរថ្នាំញៀន ណារកូទិន (Narcotics) ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ (Southeast Asia)ផងដែរ។
ដើម្បីធ្វើឱ្យមានតុល្យភាពនៃផលប្រយោជន៍របស់ខ្លួន ចិន ក៏បានលក់គ្រឿងសព្វាអាវុធទៅឱ្យរដ្ឋាភិបាលយោធា ភូមា។
ប៉ុន្តែ អ្នកស្រាវជ្រាវ ហ្សានី និយាយថា ដោយសេដ្ឋកិច្ចរបស់ភូមា បានបើកចំហរ ការយកចិត្តទុកដាក់របស់ប្រទេស ចិន ត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងរដ្ឋធានី ណាយ៉ីពយីដាយ (Nayipyidaw)នេះតែម្តង។
«ខណៈដែល ចិន ត្រូវការបំពេញផលប្រយោជន៍របស់ខ្លួន ប្រទេសនេះ នឹងដាក់សម្ពាធទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមមូលដ្ឋាន ជាពិសេសក្រុមជនជាតិ វ៉ា (Wa) ហើយអ្នកដឹងទេ ខ្ញុំគិតថា ក្រុមជនជាតិ កាជីន ក៏ដូចគ្នាដែរ។ ប៉ុន្តែ ខ្ញុំមិនដឹងថា តើកិច្ចប្រឹងប្រែងរបស់ពួកគេមានលក្ខណៈស្ថាបនាឬមានភាពលម្អៀង ក្នុងកម្រិតណានោះឡើយ ដើម្បីគាំទ្រផលប្រយោជន៍របស់ ភូមា។ នៅត្រឹមចំណុចនេះ ដោយសារ ចិន កំពុងតែចាប់ត្រីធំជាងនេះនៅក្នុងទីក្រុង ណាយីបយីដាយ៍ (Naypyidaw) ជាជាងចាប់ត្រីនៅតាមបណ្តោយព្រំដែនជាមួយនឹងក្រុមជនជាតិភាគតិចនៅតាមមូលដ្ឋាន»។
ការបញ្ចប់ការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម គឺជាការទាមទារដ៏សំខាន់មួយរបស់ប្រទេសមហាអំណាចលោកខាងលិច ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយ ភូមា បន្ទាប់ពីរយៈពេលច្រើនឆ្នាំនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចមក។
កន្លងមក រដ្ឋាភិបាល បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមជនជាតិ វ៉ា (Wa) ការ៉ែននី (Karenni) ស្សាន (Shan) ជីន (Chin) និងបទឈប់បាញ់គ្នាជាប្រវត្តិសាស្រ្តជាមួយជនជាតិ ការ៉ែន (Karen) ដែលបានប្រយុទ្ធប្រឆាំងនឹងកងយោធារបស់ប្រទេស ភូមា អស់រយៈពេល៦ទសវត្សរ៍មកហើយ៕