ជំនួយការរបស់លោកអតីតប្រធានាធិបតីយ៉េមែន Abed Rabbo Mansour Hadi បានចាកចេញពីរដ្ឋធានីសាណា ហើយបន្ទាប់ពីក្រុមឧទ្ទាមស៊ីអ៊ីត ដោះលែងរូបគាត់ក្រោយពីលោកត្រូវបានឃុំឃាំងនៅក្នុងលំនៅដ្ឋានអស់ជាច្រើនសប្តាហ៍។
ជំនួយការនោះបានប្រាប់ដល់បណ្តាញសារព័ត៌មានលោកខាងលិចកាលពីថ្ងៃសៅរ៍ថាលោកហាឌី បានធ្វើដំណើរទៅទីក្រុងអាដេន ដែលនៅភាគខាងត្បូងប្រទេស និងជាទីក្រុងកំណើតរបស់លោក។
អតីតប្រធានាធិបតីនេះត្រូវបានឃុំឃាំងនៅក្នុងលំនៅដ្ឋានបន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែមុនជាមួយនឹងរដ្ឋមន្ត្រីជាច្រើនរូបរបស់លោក នៅពេលដែលក្រុមឧទ្ទាមហ៊ូទីដែលកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតបានផ្តួលរំលំរដ្ឋាភិបាលយ៉េមែន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីដើមសប្តាហ៍នេះ ដោយទាមទារឲ្យក្រុមឧទ្ទាមហ៊ូទី ប្រគល់អំណាចមកលោកហាឌីនិងរដ្ឋាភិបាលវិញ។ លោកហាឌី ត្រូវបានសហរដ្ឋអាមេរិកគាំទ្រ។
ប្រទេសយ៉េមែន បានហ៊ុំព័ទ្ធដោយចលាចលនយោបាយចាប់តាំងពីក្រុមឧទ្ទាមហ៊ូទីកាន់កាប់ទីក្រុងសាណាកាលពីខែកញ្ញាឆ្នាំមុន៕