លោក Jim Webb អតីតសមាជិកព្រឹទ្ធសភាស.រ.អា.បាននិយាយថា លោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីស.រ.អា.ក្នុងឆ្នាំ២០១៦ ហើយលោកក្លាយទៅជាសមាជិកទីបួននៃគណបក្សប្រជាធិបតេយ្យដែលប្រកួតប្រជែងនឹងលោកស្រី Hillary Clinton អ្នកនាំមុខគេនៅក្នុងការប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
លោក Webb ដែលតំណាងរដ្ឋ Virginia នៅក្នុងព្រឹទ្ធសភាស.រ.អា.ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៣បានបង្កើតគណៈកម្មាធិការស្ទាបស្ទង់តំណែងប្រធានាធិបតីមួយកាលពីខែវិច្ឆិកា ហើយបានអំពាវនាវឱ្យមាន «ភាពជាមេដឹកនាំប្រកបដោយភាពវិជ្ជមាន និងមានទស្សនៈវិស័យ» នៅក្នុងស.រ.អា.។
លោក Webb បានប្រកាសអំពីបេក្ខភាពរបស់លោកក្នុងគេហទំព័ររបស់លោក ហើយលោកបាននិយាយថា លោកបានធ្វើសេចក្តីសម្រេចចិត្តឈរឈ្មោះ «នៅក្រោយមានការពិចារណា និងការពិភាក្សាជាច្រើនខែមកហើយ»។
នៅពេលលោកបម្រើការនៅក្នុងសភាស.រ.អា. លោក Webb បានធ្វើដំណើរទៅកាន់ប្រទេសភូមា ហើយលោកបានជួយឱ្យមានការដោះលែងលោក John Yettaw ដែលជាជនជាតិអាមេរិកាំងលបចូលទៅក្នុងប្រទេសភូមា។ លោកបាននាំលោក Yettaw តាមយន្តហោះទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងរាជធានីបាងកកនៃប្រទេសថៃ។
លោក Webb ដែលជាវីរបុរសក្នុងសង្គ្រាមបានទទួលមេដាយនៅពេលលោកបម្រើការក្នុងសង្គ្រាមវៀតណាមត្រូវបានគេស្គាល់ដោយសារការរិះគន់របស់លោកដល់គោលនយោបាយការបរទេសស.រ.អា. និងយុទ្ធសាស្ត្រយោធារបស់អាមេរិកាំង និងការគាំទ្ររបស់លោកដល់ក្រុមទាហានស.រ.អា.ដែលបម្រើការនៅក្រៅប្រទេស។
លោក Webb បាននិយាយថា កិច្ចការពារប្រទេស កំណែទម្រង់យុត្តិធម៌ ឧក្រិដ្ឋកម្ម និងបញ្ហាសេដ្ឋកិច្ចដែលផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំងឋានៈកណ្តាលនឹងក្លាយទៅជាការផ្តោតការយកចិត្តទុកដាក់នៅក្នុងការឃោសនាបោះឆ្នោតរបស់លោក។
បេក្ខជនឯទៀតៗខាងគណបក្សប្រជាធិបតេយ្យដែលប្រកួតប្រជែងនឹងលោកស្រី Hillary Clinton មានលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont លោក Lincoln Chafee អភិបាលរដ្ឋ Rhodes Island និងលោក Martin O'Malley អតីតអភិបាលរដ្ឋ Maryland៕