ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Hillary Clinton ថ្លែង​សារ​ដល់​ការ​ប្រជុំ​មហាជន​ដ៏​ធំ​ជាលើក​ដំបូង


លោកស្រី​ Hillary Clinton ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ពេល​ដែល​លោកស្រី​មក​ថ្លែង​សុន្ទរកថា​នៅ​កោះ Roosevelt ក្នុង​រដ្ឋ​ញូវយ៉ក នៅ​ក្នុង​យុទ្ធនាការ​មហាជន​ដ៏​ធំ​ជា​លើក​ដំបូង​សម្រាប់​បេក្ខភាព​ប្រធានាធិបតី កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥។

លោកស្រី​ Hillary Clinton បាន​ធ្វើ​ការ​ប្រជុំ​មហា​ជន​ធំ​មួយ​ជា​លើក​ដំបូង​នៃ​ការ​ឈរ​ឈ្មោះ​របស់​លោកស្រី​សម្រាប់​តំណែង​ជាន់ខ្ពស់​ក្នុង​សេតវិមាន​ដោយ​លោកស្រី​បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​មាន​ភាព​អ៊ឹកធឹក ​បែបកំប្លែង ​និង​មាន​ភាព​ផ្ទាល់​ខ្លួន​ដោយ​បា​នគូស​បញ្ជាក់​របៀបវារៈ​ជឿន​លឿន​មួយ​ព្រម​ទាំង​បាន​សន្យា​ថា​នឹង​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មាន​ឱកាស​ស្មើ​គ្នា​ និង​ធ្វើ​ការ​ប្រយុទ្ធ​ដើម្បី​ប្រជារាស្ត្រ​អាមេរិកាំង​ថ្នាក់​កណ្តាល​ដែល​មាន​ការ​លំបាក​ច្រើន។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​នៅ​ឯកោះ​ Roosevelt ក្នុង​រដ្ឋ New York លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោកស្រី​រាប់ពាន់​នាក់​ថា ​លោកស្រី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​ប្រជារាស្ត្រ​អាមេរិកាំង​ទាំង​អស់​គ្នា​ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុមជន​ដែល​បាន​ទុក​ចោល នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​មិន​មាន​ដំណើរ​ការ​ល្អ។

លោកស្រី​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​អបអរសាទរ ​និង​ស្រែក​បន្ទរ​ថា «Hillary Hillary» ដោយ​លោក​ស្រី​បាន​ថ្លែងថា «ប្រទេស​អាមេរិក​មិន​អាច​មាន​ជោគជ័យ​បាន​ទេ​លុះ​ត្រាតែ​លោកអ្នក​មានជោគជ័យ ព្រោះ​ហេតុនេះ​ហើយ​បាន​ជា​ខ្ញុំ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ស.រ.អា.»។

លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​ថា «ភាព​សំបូរ​រុង​រឿង​មិន​មែនស​ម្រាប់តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ និងអ្នក​វិនិយោគ​នោះ​ទេ។ ​លទ្ធិ​ប្រជាធិបតេយ្យ​មិន​មែន​សម្រាប់​តែ​អ្នក​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទេ។​ ភាព​សំបូរ​រុងរឿង​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ផ្នែក​នៃ​ការ​ត​ថ្លៃ​ជា​មូលដ្ឋាន​របស់​លោកអ្នក​ដែរ»៕

XS
SM
MD
LG