អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបានបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយក្នុងទីក្រុង Houston រដ្ឋ Texas។ ឥឡូវនេះលោកកំពុងតែសម្រាក ក្រោយពីគ្រូពេទ្យបានធ្វើប្រតិបត្តិការការពារនិងសម្អាតផ្លូវដង្ហើមរបស់លោក។ នេះបើយោងតាមលោក Jim McGrath ដែលជាអ្នកនាំពាក្យរបស់ក្រុមគ្រួសារលោក Bush។ អ្នកនាំពាក្យរូបនេះក៏បាននិយាយថា ស្ថានភាពសុខភាពរបស់លោក Bush មានភាពនឹងនរ ហើយលោកត្រូវស្ថិតក្នុងបន្ទប់ ICU ដើម្បីឲ្យគ្រូពេទ្យតាមដានតទៅទៀត។
លោក McGrath ក៏បាននិយាយថា ភរិយារបស់លោក Bush លោកស្រី Barbara Bush ក៏ត្រូវទៅកាន់មន្ទីរពេទ្យដូចគ្នានេះដែរកាលពីថ្ងៃពុធ ដើម្បីពិនិត្យសុខភាព បន្ទាប់ពីលោកស្រីមានអាការៈអស់កម្លាំង និងក្អក។
ប្រធានាធិបតីទី៤១របស់អាមេរិករូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ដោយសារបញ្ហាពិបាកដកដង្ហើម។
លោក McGrath បាននិយាយថា លោក Bush ក្នុងវ័យ៩២ឆ្នាំមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ដោយសារតែជំងឺសួត ហើយដំណើរការវះកាត់ដែលលោក Bush បានឆ្លងកាត់តម្រូវឲ្យការដាក់ថ្នាំសណ្តំផងដែរ។
នៅក្នុងសន្និសីទកាសែតចុងក្រោយបង្អស់កាលពីថ្ងៃពុធ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលនឹងត្រូវចប់អាណត្តិក៏បាននិយាយថា សេតវិមានបានទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់លោក Bush ជាប់រហូត។
លោក George H.W. Bush មានជំងឺ Parkinson's និងត្រូវប្រើរទេះជនពិការដើម្បីធ្វើដំណើរ៕