ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា និយាយ​ការពារ​ដល់​ការ​លើកលែង​ទោស នាង Manning ដែល​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​យោធា


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា អរគុណ​ដល់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ចាប់​ផ្តើម​សន្និសីទ​កាសែត​ក្នុង​នាម​ជា​ប្រធានាធិបតី​ចុងក្រោយ​របស់​លោក កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា អរគុណ​ដល់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ចាប់​ផ្តើម​សន្និសីទ​កាសែត​ក្នុង​នាម​ជា​ប្រធានាធិបតី​ចុងក្រោយ​របស់​លោក កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​លើកលែង​ទោស​ដ៏​ភ្ញាក់ផ្អើល​ដល់​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដល់​អ្នកវិភាគ​ស៊ើបការណ៍​សម្ងាត់​យោធា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​របស់​យោធា។ ​

លោក អូបាម៉ា ដែល​បាន​បើក​សន្និសីទ​កាសែត​ក្នុង​នាម​ជា​ប្រធានាធិបតី​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ បាន​មាន​ប្រសាសន៍​ថា នាង Chelsea Manning ជាប់​ទោស​យូរ​ជាង​អ្នក​ផ្សេង​ដែល​ធ្វើ​ឧក្រិដ្ឋកម្ម​ស្រដៀង​គ្នា​នេះ ហើយ​ថា នាង Manning បាន​ទទួល​ខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​របស់​នាង​ហើយ។

លោក អូបាម៉ា បាន​និយាយ​នៅ​ឯ​សេតវិមាន​ថា «ពិចារណា​ទៅ​លើ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ការ​លើកលែង​ទោស​ដល់​នាង​គឺ​ជា​រឿង​មួយ​ដ៏​សក្តិសម»។

លោក អូបាម៉ា បាន​ជូនពរ​ដល់​អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush និង​ភរិយា​របស់​លោក គឺ​លោកស្រី Barbara ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Houston រដ្ឋ​ Texas។

លោក អូបាម៉ា ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​ការ​បំពេញ​ការងារ​របស់​ខ្លួន​ផង​ដែរ។ ខណៈ​ដែល​លោក​មិន​សប្បាយ​ចិត្ត​នឹង​ព័ត៌មាន​គ្រប់​រឿង​ដែល​សរសេរ​ពី​រូប​លោក ប្រធានាធិបតី​នឹង​ត្រូវ​ចប់​អាណត្តិ​រូប​នេះ​បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បំពេញ​ការងារ​ដោយ​ត្រឹមត្រូវ​និង​មាន​តុល្យភាព។ លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​អាមេរិក។

លោក អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ ដោយ​ហៅ​លោក​មហាសេដ្ឋី​ចលនទ្រព្យ​ដែល​នឹង​ក្លាយ​ជា​អ្នក​នយោបាយ​ថា​មាន​លក្ខណៈ​ឆេវឆាវ​ដែល​មិន​សម​នឹង​ធ្វើ​ជា​មេដឹកនាំ​កំពូល​របស់​អាមេរិក​នោះ​ទេ។ ប៉ុន្តែ​ចាប់​តាំង​ពី​បោះឆ្នោត​រួច​មក លោក អូបាម៉ា បាន​ជួប​ជាមួយ​នឹង​លោក ត្រាំ និង​បាន​និយាយ​ជាមួយ​លោក​ក្នុង​កម្មវិធី​មួយ​ចំនួន ខណៈ​ដែល​ពួកគេ​សហការ​គ្នា​ដើម្បី​ធ្វើ​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី៕​

XS
SM
MD
LG