ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សុន្ទរកថា​​​លោក​ Obama ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​ជជែក​​​ដេញដោល​​​កាន់​​​តែ​​​តឹងតែង​ទាក់ទិន​នឹង​ការ​ពង្រឹង​សន្តិសុខ

  • Michael Bowman

លោក​​​ប្រធានាធិបតី​​​អូបាម៉ា​​​ថ្លែង​​​សុន្ទរកថា​​​ទៅ​​​កាន់​​​ប្រទេស​​​ជាតិ​​​ពី​​​​​​សេតវិមាន​​​នៅ​​​វ់៉ាស៊ីន​​​តោន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៦ ខែ​​​ធ្នូ ឆ្នាំ​​​២០១៦។

ការ​ជំរុញ​ទឹក​ចិត្ត​របស់​ក្រុម​រដ្ឋ​ឥស្លាម​​ឲ្យ​មាន​​​ការ​​​សម្លាប់​មនុស្ស​យ៉ាង​រង្គាល នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​នោះ​ គឺ​ជា​រឿង​​​មួយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​​ពលរដ្ឋ​អាមេរិក​​​​​​​​​​​​​មិន​​​អាច​​​នៅ​​​ស្ងប់​​​ចិត្ត​​​បាន។​

សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack Obama ទាក់ទិន​នឹង​ការ​បាញ់​ប្រហារ​កាល​ពី​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នៅ​ក្នុង​រដ្ឋ​ California​ នោះ​ កើត​ឡើង​ ខណ:​ដែល​បញ្ហា​សំខាន់​និង​ចម្រូង​ចម្រាស​ពីរ​ត្រូវ​បាន​គេ​រួម​បញ្ចូល​គ្នា​ និង​ដាក់​ត្រួត​គ្នា​ គឺ​បញ្ហា​ភេរវកម្ម​អន្តរជាតិ​ និង​ការ​គ្រប់​គ្រង​កាំភ្លើង។​ នៅ​សប្តាហ៍​នេះ​ យើង​នឹង​បាន​ឃើញ​សេចក្តី​ណែនាំ​ជា​ច្រើន​ទៅ​លើ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើ​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​ពលរដ្ឋ​របស់​ខ្លួន។​ ​

ការ​ជំរុញ​ទឹក​ចិត្ត​របស់​ក្រុម​រដ្ឋ​ឥស្លាមឲ្យ​មាន​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​នោះ​ គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យពលរដ្ឋ​អាមេរិក​មិន​អាច​នៅ​ស្ងប់​ចិត្ត​បាន។​

នាង April ពលរដ្ឋ​មក​ពី​រដ្ឋ​ California ថ្លែង​ថា៖ «វា​គួរ​ឲ្យ​ខ្លាច​ណាស់​ពី​ព្រោះ​ពួក​ ISIS មាន​គ្រាប់​បែក​និង​អ្វីៗ​គ្រប់​យ៉ាង។​ ហើយ​គ្រាប់​បែក​ទាំង​នោះ​អាច​កម្ទេច​ទី​ក្រុង​ទាំង​មូល​បាន»។​

នាង​ Erika ពលរដ្ឋ​មក​ពី​រដ្ឋ​ California និយាយ​ថា៖ «ពេល​ដែល​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ប៉ារីស​បាន​កើតឡើង​ ពួក​យើង​បាន​ឮ​ព័ត៌មាន​ថា​ អាមេរិក​ក៏​ជា​គោលដៅ​ដ៏​ជាក់​លាក់​មួយ​ផង​ដែរ»។​

លោក​ Donald Trump បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សសាធារណរដ្ឋថ្លែង​ថា៖ «ពួក​យើង​មាន​សត្រូវ​លាក់​មុខ។​ ពួកយើង​មាន​សត្រូវ​ដែល​មិន​ពាក់​ឯក​សណ្ឋាន។​ សត្រូវ​ដែល​សាហាវ​យង់ឃ្នង់​ ហិង្សា​ និង​អាក្រក់ណាស់។​ ពួក​យើង​ត្រូវ​តែ​កម្ចាត់​ពួក​ទាំង​នោះ​ចេញ​ពី​សហរដ្ឋ​អាមេរិក»។​

ការ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​គឺ​ជា​ចំណុច​មួយ​បក្ស​ទាំង​ពីរ​របស់​អាមេរិក​ព្រមព្រៀង​គ្នា។​

លោក​ស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតេយ្យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖​

«ពួក​គេ​ត្រូវ​តែ​ត្រូវ​បាន​កម្ចាត់​ចោល​ ហើយ​នេះ​មាន​ន័យ​ថា​ ត្រូវ​កម្ចាត់​ពួក​ទាំង​នោះ​ចេញ​ពី​រលក​ធាតុ​អាកាស​ កម្ចាត់​ពួក​គេ​ចេញ​ពី​ទឹក​ដី​ និង​កម្ចាត់​ពួក​គេ​ចេញ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត»។​

ប៉ុន្តែ​វិធីសាស្ត្រដែល​ត្រូវ​ធ្វើ​នោះ​បាន​លាត​ត្រដាង​ពី​ជម្រៅ​នៃ​ស្នាម​ប្រេះ​ឆា​របស់បក្ស​ទាំង​ពីរ។

លោក​ Bernie Sanders បេក្ខជន​ប្រធានាធិបតេយ្យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖ «ពួក​យើង​ត្រូវ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​អាវុធ​ជា​ថ្មី។​ ពួក​យើង​ត្រូវ​បញ្ចប់​ការ​លក់ឡត​កាំភ្លើងដាក់គ្រាប់បានច្រើន។​ ពួក​យើង​ត្រូវ​ដាក់​ឲ្យ​ការរត់ពន្ធ​កាំភ្លើង​ជា​ឧក្រិដ្ឋកម្ម​សហព័ន្ធ​មួយ»។​

លោក​ Ted Cruz បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖ «ប្រតិកម្ម​បន្ទាន់​របស់​ក្រុម​ឆ្វេង​និយម​ឬគណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​អំពើ​ភេរវកម្ម​របស់​ពួក​ឥស្លាម​ ដូច​កូន​ឆ្មា​បិទ​ភ្នែក​អញ្ជឹង​ គឺ​មិន​ព្រម​តាម​ចាប់​ឧក្រិដ្ឋករ​ទាំង​នោះ​ទេ​ ប៉ុន្តែ​ភ្លាម​នោះ​បែរ​ជា​ព្យាយាម​រឹប​អូស​កាំភ្លើង​ពី​ពលរដ្ឋ​ដែល​គោរព​ច្បាប់​ទៅ​វិញ»។​

សូម្បី​តែពាក្យ​ដែល​ប្រើ​សម្រាប់​ការ​ជជែក​ដេញ​ដោល​អំពី​អំពើ​ហិង្សា​និង​អំពើ​ភេរវកម្ម​នោះ​ ក៏គេ​មិនយល់ស្របគ្នាដែរ។​

លោក Jeb Bush បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋដែរ ថ្លែង​ថា៖

«ហៅ​ព្រឹត្តិការណ៍នេះ​តាម​ការណ៍​ពិត​នៃ​ព្រឹត្តិការណ៍​នេះ។​ ព្រឹត្តការណ៍​នេះ​គឺ​ជា​ការ​ប្រយុទ្ធ​គ្នា​ដើម្បីការពារអរិយធម៌​លោក​ខាង​លិច។​ ពួក​ក្រុម​រដ្ឋ​ឥស្លាម​បាន​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​យើង»។​

លោក​ស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតេយ្យ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ថា៖

«វា​ហាក់​ដូច​ជា​ពួក​យើង​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​សាសនា​មួយ​អញ្ជឹង។​ វា​ជួយ​បង្កើត​ទស្សនៈ​មួយ​ អំពី​ Clash of Civilization ឬ​ ការ​ប៉ះ​ទង្គិច​រវាង​អរិយធម៌​ ដែល​ជា​ឧបករណ៍​មួយ​ដែល​ក្រុម​ ISIS និង​ពួក​ជីហាត​ដទៃ​ទៀត​យក​មក​ប្រើ​ប្រាស់។​

សភា​ដែល​នាំ​មុខ​ដោយ​គណបក្ស​សាធារណរដ្ឋ​មាន​ពេល​រហូត​ដល់​ចុង​សប្តាហ៍​នេះ ​ដើម្បី​ពន្យារអំណាចក្នុង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​អាមេរិក​និង​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ផ្នែក។​ ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង​ San Bernardino និង​ការ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​របស់​លោក Obama ធានា​ថា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីវ៉ាស៊ីនតោន​នឹង​មាន​ការ​មិន​យល់​ស្រប​គ្នា​ច្រើន៕​

ប្រែសម្រួលដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG