លោក Michel Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសារភាពទទួលទោសកាលពីថ្ងៃសុក្រចំពោះការភូតកុហកពួកអ្នកស៊ើបអង្កេតសហព័ន្ធអំពីការទាក់ទងរបស់លោកជាមួយឯកអគ្គរដ្ឋទូតរបស់ប្រទេសរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក។
ការសារភាពទទួលទោសរបស់លោក Flynn កាលពីថ្ងៃសុក្រជាការចង្អុលបង្ហាញមួយទៀតថា អតីតទីប្រឹក្សាកំពុងសហប្រតិបត្តិការណ៍ជាមួយក្រុមប្រឹក្សាស៊ើបអង្កេតពិសេសក្នុងការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦ ហើយនិងពីលទ្ធភាពនៃការឃុបឃិតគ្នាជាមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការបង្ហាញខ្លួននៅតុលាការ លោក Flynn បាននិយាយថា៖ «សកម្មភាពដែលខ្ញុំបានទទួលស្គាល់ក្នុងតុលាការនៅថ្ងៃនេះជាកំហុសមួយ ហើយតាមរយៈព្រះជាម្ចាស់ ខ្ញុំនឹងធ្វើការដើម្បីកែតម្រូវកំហុសនេះ»។
លោក Flynn បានរងការចោទប្រកាន់ពីការភូតកុហកអំពីការសន្ទនាជាលក្ខណៈឯកជន២ដែលលោកបានធ្វើជាមួយលោក Sergey Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក ជាការចោទប្រកាន់មួយដែលអាចទទួលការជាប់គុករហូតដល់៥ឆ្នាំ។
ឯកសាររបស់តុលាការដែលបានចេញផ្សាយកាលពីថ្ងៃសុក្របង្ហាញថា ការសន្ទនានោះផ្តោតលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់លើប្រទេសរុស្ស៊ីដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា៕