ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ថ្លែង​ទៅ​កាន់​អ្នក​កាន់​សាសនា​គ្រិស្ត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ពី​ការ​ធ្វើ​សក្ខីកម្ម​របស់​លោក Comey


លោក​ប្រធានាធិបតី Donald Trump ថ្លែង​ទៅ​កាន់​សន្និសីទ Faith and Freedom Coalition នៅ​សណ្ឋាគារ Omni Shoreham កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រធានាធិបតី​ Donald Trump បាន​ព្រមាន​ដល់​ពួក​អ្នក​គាំទ្រ​គាត់​ដែល​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​បែប Evangelic ថា​ ពួក​គេ​ត្រូវ​តែ​ការពារ​ជំនឿ​សាសនា​របស់​ពួកគេ​ពី​ពួក​អ្នក​កាន់​អំណាច​នយោបាយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក Trump បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ចំពោះ​មុខ​ពួក​សមាជិក​នៃ​ក្រុម​ចម្រុះ​ខាង​ជំនឿ​សាសនា​ និង​សេរីភាព​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Faith and Freedom Coalition និង​ជា​ពួក​អភិរក្ស​និយម​ថា​ «យើង​កំពុង​ត្រូវ​ឡោមព័ទ្ធ»។ គាត់​បាន​ថ្លែង​បន្ថែម​ថា «ពួក​អ្នក​មាន​អត្ថប្រយោជន៍​ចាក់​ឬស និង​ពួក​អ្នក​មាន​សំឡេង​ជូរចត់​គ្មាន​ជោគជ័យ​នៅ​វ៉ាស៊ីនតោន​នឹង​ធ្វើអ្វី​ទាំង​អស់​ក្នុង​អំណាច​ពួក​គេ​ដើម្បី​ខិតខំ​ព្យាយាម​បញ្ឈប់​យើង​មិន​ឱ្យ​បំពេញ​តាម​បុព្វហេតុ​ត្រឹមត្រូវ​នេះ»។

ប្រធានាធិបតី​អាមេរិកកាំង​រូប​នេះ​បាន​ថ្លែង​សុន្ទរកថា​នៅ​ពេល​លោក James Comey អតីត​នាយក FBI បញ្ចប់​ការ​ថ្លែង​របស់​លោក​ជិត​បី​ម៉ោង​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ស.រ.អា.​ដែល​ជា​អត្ថាធិប្បាយ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​អំពី​ការ​ស​ន្ទនា​៩ដង​ដែល​លោក​បាន​និយាយ​ថា ​លោក​បាន​ធ្វើ​ជាមួយ​ Trump ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​ប្រធានាធិបតី​រូប​នេះ​បាន​ដក​លោក​ចេញ​ពី​តំណែង។​

លោក Trump បាន​ដក​លោក Comey ចេញ​ពី​តំណែង​កាលពី​ខែ​ឧសភា ដោយ​និយាយ​ថា «រឿង​ទាក់ទង​នឹង​រុស្ស៊ី​នេះ» ឋិត​នៅ​ក្នុង​ចិត្ត​គាត់​នៅ​ពេល​គាត់​សម្រេច​ដក​នាយក​នៃ​ទីភ្នាក់ងារ​កំពូល​ផ្នែក​ពង្រឹង​ច្បាប់​ចេញ​ពី​តំណែង​នៅ​ពេល​លោក​ Comey ដឹកនាំ​ការ​ស៊ើបអង្កេត​របស់ FBI អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ស.រ.អា.​កាលពី​ឆ្នាំ​ទៅ​មិញ។​

លោក Comey បាន​ធ្វើ​សក្ខីកម្ម​ថា​ លោក​បាន​ត្រូវ​រំខាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់ Trump ដើម្បី​បញ្ឈប់​ការ​ស៊ើបអង្កេត​អំពី​លោក Michael Flynn ដែល​ជា​ទី​ដៅ​នៃ​ការ​ស៊ើបអង្កេត​មួយ​ចំនួន​ស្តី​ពី​ចំណង​ទាក់ទង​របស់​លោក​ជាមួយ​ប្រទេស​រុស្ស៊ី ហើយ​លោក​ Comey បាន​មាន​ប្រសាសន៍​ប្រាប់ Trump បី​ដង​ថា​គាត់​មិន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ទេ៕

XS
SM
MD
LG