ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេធាវី​របស់​ប្រធានា​ធិបតី​ត្រាំ​និយាយ​ថា អាទិភាព​មុនដំបូង​គឺ​ការពារ​គ្រួ​សារ ​មិន​មែន​ប្រធានាធិបតី​ទេ


លោក Michael Cohen ដើរ​ចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៨។
លោក Michael Cohen ដើរ​ចេញ​ពី​តុលាការ​សហព័ន្ធ​នៅ​ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៨។

លោក Michael Cohen ដែល​កំពុង​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត​ខាង​ព្រហ្មទណ្ឌ​ចំ​ពោះ​តួនាទី​របស់​លោក​ដែល​កាល​ពី​ពេលមុនជា​មេធាវី​របស់​ប្រធានា​ធិបតី​អាមេរិក​ ដូ ណាល់ ត្រាំ ​បាន​និយាយកាល​ពី​ថ្ងៃ​ចន្ទ​ថា «អាទិភាព​ទីមួយ​របស់​លោក​គឺ​ការពារ​ក្រុម​គ្រួសារនិង​ប្រទេស​របស់​លោក ​មិនមែន​ប្រធានា​ធិបតី​ត្រាំ​ទេ»។

លោក Cohen ជា​មេធាវី​ក្រុង​ញូវយ៉ក​ដែល​កាល​ពីពេល​មុន​បាន​ពណ៌នា​ខ្លួន​លោក​ថាជា​មនុស្ស​ដែល​នឹង​ទទួល​គ្រាប់​កាំភ្លើង​ជំនួស​លោក​ត្រាំដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​ដែល​បាន​ក្លាយ​ទៅ​ជាអ្នក​នយោបាយ។ ក៏ប៉ុន្តែ ឥឡូវនេះគឺថា ​លោក Robert Mueller ស្មាក្តី​ពិសេស​កំពុង​ស៊ើបអង្កេត​ពីតួនាទី​របស់​លោក Cohen ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតីឆ្នាំ​២០១៦​របស់​លោកត្រាំ​និង​ពួក​រដ្ឋ​អាជ្ញា​របស់​ក្រុង​ញូវយ៉ក​ស៊ើបអង្កេត​ការ​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​របស់​លោក Cohen ដែល​លោក​បាន​និយាយ​ផ្សេង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ ABC។

​មេធាវី​អាយុ​៥១ឆ្នាំ​រូបនេះ​បាន​ផ្តល់​សញ្ញា​ពី​ឆន្ទៈ​របស់​លោក​ដើម្បី​ធ្វើកិច្ច​សហ​ប្រ​តិ​បត្តិការ​ជាមួយ​រដ្ឋ​អាជ្ញា​នៅ​ក្នុង​ការ​ស៊ើបអង្កេត​២ដោយ​បាន​និយាយថា «ខ្ញុំ​មាន​ភាព​ស្មោះត្រង់​ជាមុន​ចំពោះ​ភរិយា​របស់​ខ្ញុំ ​កូនស្រី​របស់​ខ្ញុំ​ហើយ​និង​កូនប្រុស​របស់​ខ្ញុំ។ ខ្ញុំ​នឹងស្មោះត្រង់ជាមួយ​ពួកគេ​ជានិច្ចកាល។ ខ្ញុំ​ផ្តល់​អាទិភាព​ដល់​គ្រួសារ​និង​ប្រទេស​របស់​ខ្ញុំ​មុន»។

រហូត​ដល់​ពេល​ថ្ម​ៗ​នេះ ​លោក Cohen ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុងការ​ធ្វើ​តំណាង​ឲ្យ​ប្រធានាធិបតី​ត្រាំ ​ទោះបី​លោក​មិន​មាន​តួនាទី​ផ្លូវ​ការ​នៅ​ក្នុង​សេតវិ​មាន​ក៏ដោយ។

លោក Cohen ​បាន​ផ្តល់​ប្រាក់​បំបិទ​មាត់​ចំនួន​១សែន៣ម៉ឺនដុល្លារ​ដល់​តារាភាព​យន្ត Stormy Daniels ​មិន​ដល់​២សប្តាហ៍មុន​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ដើម្បី​បំបិទ​មាត់​លោកស្រី​នៅពេល​ដែល​មានការ​ចោទ​ប្រកាន់​ពីទំនាក់​ទំនង​ផ្លូវ​ភេទ​មួយ​យប់​ដែល​លោកស្រី​បាន​អះអាង​ថា​មាន​ជាមួយ​លោកត្រាំ​នៅ​ឆ្នាំ​២០០៦ ភ្លាមៗ​បន្ទាប់​ពី​លោក​ស្រី Melania ដែល​ជាភរិយា​របស់​លោក​ត្រាំ​បានឆ្លង​ទន្លេ៕

XS
SM
MD
LG