ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ទោស​ប្រហារ​ជីវិត​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​លោក Musharraf


រូប​ឯកសារ៖ លោក Pervez Musharraf និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ផ្ទះ​របស់​លោក មុន​ពេល​លោក​ចាកចេញ​ទៅ​ក្រុង Karachi កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣។
រូប​ឯកសារ៖ លោក Pervez Musharraf និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ផ្ទះ​របស់​លោក មុន​ពេល​លោក​ចាកចេញ​ទៅ​ក្រុង Karachi កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣។

តុលាការ​ពិសេស​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃអង្គារ​នេះ​ បាន​រក​ឃើញ​ទោស​កំហុស​របស់​អតីត​ប្រធានាធិបតី​ និង​ជា​មេបញ្ជាការ​យោធា​លោក Pervez Musharraf ពី​បទក្បត់​ជាតិ​ធ្ងន់ធ្ងរ​ និង​បាន​កាត់ទោស​ប្រហារ​ជីវិត​លោក។ នេះ​គឺ​ជា​លើកដំបូង​ហើយ​ ដែល​មេដឹកនាំ​ផ្តាច់ការ​យោធា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។​

លោក Musharraf ដែល​បច្ចុប្បន្ន​កំពុង​ព្យាបាល​ជំងឺ​នៅក្នុង​ទីក្រុងឌូបៃ​ បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​នៅក្នុង​ឆ្នាំ១៩៩៩។ កាល​ពី​ឆ្នាំ២០០៧​លោក​បាន​ដាក់​រដ្ឋ​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ដែល​ជា​មូលហេតុ​បណ្តាល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូបលោក។

ករណី​ចោទប្រកាន់​នេះ​ត្រូវ​បាន​អូសបន្លាយ​នៅ​តុលាការ​ចាប់តាំង​ពី​ឆ្នាំ២០១៤មក នៅពេល​ដែល​លោក Musharraf ត្រូវ​បាន​ចោទ​ប្រកាន់។ នៅក្នុង​ឆ្នាំ២០១៦​ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ។ ការអនុញ្ញាត​ឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​នេះ​ គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ជឿ​ថា​ ដោយសារ​មាន​សម្ពាធ​ពី​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស។

លោក​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ត្រឡប់​ចូល​ប្រទេស​វិញ​ជាច្រើន​ដង​រួច​មក​ហើយដើម្បី​ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​តុលាការ​ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​សុខភាព​ដែល​មិន​អាច​ឲ្យ​លោក​វិល​ចូល​ប្រទេស​វិញ។

កាល​ពី​ដើមខែ​នេះ​ ពី​មន្ទីរពេទ្យ​នៅក្នុង​ទីក្រុងឌូបៃ​ លោក Musharraf បាន​បង្ហាញ​ពី​ភាព​មិនទុក​ចិត្ត​របស់​លោក​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ និង​បាន​និយាយ​ថា​លោក​គឺ​ជា​ជន​រងគ្រោះ។

គណបក្ស​សំខាន់ៗ​នានា​នៅក្នុង​ប្រទេស​បាន​សាទរ​ចំពោះ​ការកាត់ទោស​នេះ​ដែល​ជារបាំង​មួយ​ដ៏​រឹងមាំ​មួយ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃអនាគត។

លោក Bilawal Bhutto Zardari មេដឹកនាំ​គណបក្ស​ពលរដ្ឋ​ប៉ាគីស្ថាន​ និង​ជា​កូន​ប្រុស​របស់​លោកស្រី Benazir Bhutto​ អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​បាន​សរសេរ​បង្ហោះសារ​នៅលើ Twitter ថា «ប្រជាធិបតេយ្យ​គឺ​ជា​ការ​សងសឹក​ដ៏ល្អ​បំផុត​មួយ»៕

XS
SM
MD
LG