ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ចាប់ផ្តើម​ ក្រោម​បរិយាកាស​ស្ងប់ស្ងាត់


អ្នក​គាំទ្រ​​គណបក្ស​ភ្លើង​ទៀន បក់ដៃ​អបអរ​​មុន​ដង្ហែ​ក្បួន​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ (AP)
អ្នក​គាំទ្រ​​គណបក្ស​ភ្លើង​ទៀន បក់ដៃ​អបអរ​​មុន​ដង្ហែ​ក្បួន​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ (AP)

កម្ពុជា​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​សៅរ៍​ទី​២១ ខែ​ឧសភា​នេះ ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ភាព​ស្ងប់ស្ងាត់ ខណៈមាន​គណបក្ស​តិចតួច​ប៉ុណ្ណោះ​បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​ឃោសនា​តាម​មហាវិថីធំៗ​ និង​ដងផ្លូវ​សាធារណៈ​ផ្សេង​ទៀត​។

ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​មេដឹកនាំ​មូលដ្ឋាន​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន ​១៧ ចូលរួម ​និងបេក្ខជន​ឈរ​ឈ្មោះចំនួន​ជាង​ ៨២.៧០០ នាក់ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន ​១.៦៥២។

នៅថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ គេ​សង្កេត​មាន​គណបក្ស​មួយចំនួន​បាន​ចេញ​ឃោសនា​ ក្នុង​នោះ គឺមាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​គ្រប់គ្រង​ប្រទេស​ និង​គណបក្ស​ភ្លើង​ទៀន​ជាដើម។

ដោយ​ឡែក​ គណបក្ស​តូច​ៗ​ខ្លះ​ដែល​ត្រូវចេញ​ឃោសនា​នាថ្ងៃ​សៅរ៍​នេះ​ដែរ​ បាន​សម្រេច​មិន​ធ្វើ​ការ​ហែក្បួន​ទ្រង់​ទ្រាយ​ធំៗ​ ដោយ​បាន​ធ្វើការ​ប្រមូលផ្តុំ​នៅ​តាម​ឃុំ​សង្កាត់​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​តែប៉ុណ្ណោះ​។ ​

សកម្មជន​គណបក្សប្រជាជនកម្ពុជា ធ្វើការហែក្បួនឃោសនារកសំឡេង​ឆ្នោត នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
សកម្មជន​គណបក្សប្រជាជនកម្ពុជា ធ្វើការហែក្បួនឃោសនារកសំឡេង​ឆ្នោត នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​លោក​ហង្ស ពុទ្ធា​ លើកឡើង​ថា ការ​រៀបចំ​បែបផែន​នៃ​ការ​ឃោសនា​គឺ​ធ្វើឡើង​ស្រប​តាម​លទ្ធភាព​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ដែល​អាច​ជា ការ​ដង្ហែ​ក្បួន​ទ្រង់​ទ្រាយធំ ឬ​ទ្រង់​ទ្រាយ​តូច ឬ​ក៏​ត្រឹមតែ​ជួប​ប្រជុំ​ប្រមូល​គ្នា​នៅ​តាម​ទី​តាំង​ណាមួយ​ជាក់​លាក់​ ដើម្បី​ចែក​ខិតបណ្ណ​ឃោសនា​តាម​មូលដ្ឋាន​ជា​ដើម។

ដំណាល​គ្នា​នេះ​ដែរ​ លោក​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​រលូន និង​គ្មាន​ភាពមិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ទេ។

«​គណបក្ស​នយោបាយ​លោក​បាន​ធ្វើ​សកម្មភាព​ឃោសនា ​ប្រកប​ដោយ​ភាព​ចាស់ទុំ ​ដែល​មក​ទល់​ម៉ោង​នេះ​មិន​មាន​ព័ត៌មាន​ស្តី​អំពី​អំពើសកម្ម​ទាំង​ឡាយ​ណា ​ដែល​កើត​មាន​អំឡុង​ពេល​នោះ​ទេ។ អ៊ីចឹង​ អាច​និយាយ​បាន​ថា មួយ​ព្រឹក​នេះ​ គឺ​ការ​ឃោសនា​បោះឆ្នោត​ គឺ​ប្រព្រឹត​ទៅ​បាន​ល្អ​ប្រសើរ​ដោយ​រលូន»។

លោក​ហង្ស ពុទ្ធា បាន​ឱ្យ​ដឹង​ទៀតថា នៅ​រាជធានី​ភ្នំពេញ​ គណបក្ស​នយោបាយ​យ៉ាងតិច​ណាស់បី​បានធ្វើ​ការ​ហែក្បួន​ រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​ភ្លើង​ទៀន ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ លោក​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ គណបក្ស​នយោបាយ​ អ្នកគាំទ្រ និង​ពលរដ្ឋ​ទូទៅ ​រក្សា​ឱ្យ​បាន​នូវ​សណ្តាប់​ធ្នាប់​សង្គម​អំឡុងពេល​ឃោសនា​បោះឆ្នោត​នេះ​ផង​ដែរ។

បើ​តាម​គណៈកម្មការជាតិរៀបចំការ​បោះឆ្នោត​ (គ.ជ.ប) ការ​ឃោសនា​បោះឆ្នោត​មាន​រយៈពេល ១៤​ថ្ងៃ ដែល​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​គ្រប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​ត្រូវ​ចាប់​ផ្តើម​ពី​ម៉ោង ៦ព្រឹក ដល់​ម៉ោង​ ១០​យប់ ​លើកលែង​ចន្លោះ​ម៉ោង​ ១២​ថ្ងៃ​ត្រង់ និង​ម៉ោង ២​ រសៀល។

នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​ គណៈកម្មាការ​ឃុំសង្កាត់​រៀបចំ​ការ​បោះឆ្នោត​ក៏​បាន​រៀបចំ​កំណត់ជា​ទិសដៅ​ ពេលវេលា និង​តំបន់សម្រាប់​ការដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ​ផង​ដែរ។

នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គេ​សង្កេត​ឃើញ​ ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មាន​អ្នកគាំទ្រ​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​ ច្រើន​ជាង​គេ​ ហើយ​បន្ទាប់​មក​គឺ​ក្បួន​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​ជាគណបក្ស​ជំទាស់​ទើប​ដំណើរការ​សាជាថ្មីបាន​ជាង​បួន​ខែ​។ គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានដែល​ជា​គណបក្ស​បង្កើត​ឡើងដោយក្រុមអតីត​មេដឹកនាំអង្គការ​ក្រៅរដ្ឋាភិបាល ក៏​ត្រូវ​បាន​គេសង្កេត​ឃើញ​ចេញ​ឃោសនា​ផងដែរ។ គណបក្ស​នេះ​ បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​នៅសង្កាត់​កោះ​ដាច់​ ខណ្ឌ​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិច (NICFEC) លោក ​សំ គន្ធាមី​ បាន​ឱ្យ​ដឹង​ថា​ លោក​មិនទាន់​កត់ត្រា​បាននូវបញ្ហា «រកាំរកូស» ណា​មួយ​ អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ថ្ងៃ​ដំបូង​នេះ​ទេ​។ លោក​សង្ឃឹម​ថា ដំណើរ​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​ ១៤​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​សៅរ៍​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​បញ្ហាចោទ​ណា​មួយ​កើតឡើង​នោះ​ទេ។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​សង្ឃឹម​ថា មាន​ភាព​រលូន​មិនមាន​បញ្ហា​អី​ធំ​ដុំ​ច្រើន​ទេ។ យើង​សង្ឃឹម​អ៊ីចឹង ព្រោះ​សញ្ញា​ថ្ងៃ​ចាប់​ផ្តើម​ឃើញ​ថា មិនមាន​បញ្ហា​អ្វី​ធំ​ដុំ​នោះ​ទេ។ គេហែក្បួន​រៀង​ខ្លួន​តាម​គណបក្ស ជា​ពិសេស​តាម​លទ្ធភាព​ទៀត​ណា»។

គួរបញ្ជាក់​ផងដែរ​ថា​ នៅ​ថ្ងៃ​ដំបូង​នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​នេះ ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​បាន​សាទរ​នៅ​ពេល​ឃើញ​មាន​ក្បួន​ដង្ហែ​របស់​គណបក្ស​នយោបាយ​នានា ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​បាន​បង្ហាញ​ការ​ខ្វល់ខ្វាយ​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​នោះ​ទេ ដោយ​អ្នក​ខ្លះ​សំអាង​ថា ពួកគេ​រវល់​ផ្តោត​លើ​ការ​ស្វែងរក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ការ​ឃោស​នា​ដែល​កំពុង​ដំណើរ​ការ​នេះ​ ក៏​គ្មានវត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏ធំមួយ​ គឺគណបក្ស​សង្គ្រោះជាតិ​ផងដែរ​។ គណបក្សនេះ ​ធ្លាប់​ឈ្នះ​បាន​អាសនៈក្រុមប្រឹក្សា​ជាង​៥០០០​កាលពី អាណត្តិ​មុន។ ប៉ុន្តែ គណ​បក្ស​ប្រឆាំង​មួយ​នេះ​ ត្រូវ​តុលាការ​កំពូលកម្ពុជា​រំលាយ​ចោល ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរថា​គណបក្ស​នេះ​បានប្រព្រឹត្ត​អំពើក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស៕

XS
SM
MD
LG