នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Jeff Sessions និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោកស្រី Kirstjen Nielsen កាលពីពេលថ្មីៗនេះ មន្ត្រីនានាដែលក្នុងនោះមានទាំងលោក James Clapper អតីតនាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ និងលោក Richard Clarke អតីតមន្ត្រីប្រឆាំងភេរវកម្មប្រចាំសេតវិមានផងដែរ បានសម្ដែងការព្រួយបារម្ភអំពី «ការលើកឡើងមិនត្រឹមត្រូវនិងការមិនដាក់បញ្ចូលនូវព័ត៌មានមួយចំនួន» នៅក្នុងរបាយការណ៍របស់សេតវិមានដែលបានចេញផ្សាយកាលពីខែមករា ឆ្នាំ ២០១៨ កន្លងទៅនេះ និងបានជំរុញរដ្ឋបាលលោក Trump ឲ្យដោះស្រាយចម្ងល់ទាំងនេះ។
អតីតមន្ត្រី ១៨ រូបដែលធ្លាប់បម្រើការទាំងក្នុងរដ្ឋាភិបាលអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានសរសេរនៅក្នុងលិខិតនោះយ៉ាងដូច្នេះថា៖ «ជាទូទៅ របាយការណ៍នេះទំនងជាត្រូវបានបង្កើតឡើងដោយធ្វើឲ្យសាធារណជនយល់ច្រឡំថា ជនអន្តោប្រវេសន៍និងសូម្បីតែសមាជិកក្រុមគ្រួសាររបស់ពួកគេដែលមានសញ្ជាតិអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មភាគច្រើនដែលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលការស្រាវជ្រាវស្ថិតិនិងបទពិសោធរបស់យើងកន្លងមក បានបង្ហាញថា មិនមានការជាប់ទាក់ទងគ្នាណាមួយរវាង «ភាពជាជនបរទេស» និងសកម្មភាពភេរវកម្មក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះទេ»។
របាយការណ៍នេះត្រូវបានចេញផ្សាយដោយក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិ។របាយការណ៍នេះបានឲ្យដឹងថា បុគ្គល ៣ នាក់ក្នុងចំណោម ៤ នាក់ដែលត្រូវបានកាត់ទោសពីបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើភេរវកម្មអន្តរជាតិចាប់តាំងពីមានការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មក គឺជាជនដែលកើតនៅបរទេស។
លោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យចេញរបាយការណ៍នេះឡើងដែលជាផ្នែកមួយនៃបទបញ្ជាហាមឃាត់ការធ្វើដំណើររបស់លោកកាលពីខែមីនា ឆ្នាំ ២០១៧ ដែលបទបញ្ជានោះហាមឃាត់ប្រជាពលរដ្ឋនៃប្រទេសមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេបំផុតចំនួន ៦ ប្រទេសមិនឲ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។ បទបញ្ជាហាមឃាត់ការធ្វើដំណើរនេះបានស្នើឲ្យចេញផ្សាយនូវរបាយការណ៍ជាលើកដំបូងមួយស្ដីពី «ជនបរទេស» នៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់ពីបទល្មើសទាក់ទងនឹងអំពើភេរវកម្មនៅក្នុងសហរដ្ឋអាមេរិក។
តែផ្ទុយទៅវិញ របាយការណ៍នេះបែរជាផ្ដោតទៅលើជនជាប់ចោទផ្នែកភេរវកម្មដែលជា «អ្នកដែលកើតនៅបរទេស» ទៅវិញ ដែលនេះគឺជាផ្នែកដ៏ទូលំទូលាយមួយដែលរួមបញ្ចូលទាំងពលរដ្ឋអាមេរិកដែលកើតនៅបរទេសចំនួន ១៤៨ នាក់ ព្រមទាំងជនសង្ស័យភេរវកម្មដែលជាជនបរទេសដែលត្រូវបានបញ្ជូនមកកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មដែលជនទាំងនោះបានប្រព្រឹត្តនៅឯក្រៅប្រទេសផងដែរ។
របាយការណ៍នេះបានបង្ហាញថា មនុស្ស ៤០២ នាក់ក្នុងចំណោម ៥៤៩ នាក់ដែលត្រូវបានផ្ដន្ទាទោសពីបទចោទប្រកាន់ភេរវកម្មនៅក្នុងសហរដ្ឋអាមេរិករវាងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ និងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ គឺជាអ្នកដែលកើតនៅបរទេស។
ក្រុមអ្នករិះគន់បានរិះគន់របាយការណ៍នេះថា បាននិយាយបំផ្លើសអំពីការគំរាមកំហែងនៃអំពើភេរវកម្មដែលបង្កឡើងដោយជនបរទេស ដោយប្រើពាក្យ «អ្នកកើតនៅបរទេស» ជំនួសឲ្យពាក្យ «ជនបរទេស» ទៅវិញ។
ក្រុមអ្នករិះគន់ទាំងនេះបាននិយាយថា ប្រសិនបើរបាយការណ៍នេះមិនជំនួសពាក្យនេះទេ នោះរបាយការណ៍នេះប្រហែលជានឹងបង្ហាញថា មានករណីផ្ដន្ទាទោសភេរវកម្មតិចជាងពាក់កណ្ដាលតែប៉ុណ្ណោះដែលបានប្រព្រឹត្តិឡើងដោយជនបរទេស។
លោក Matt Olsen អតីតនាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិបានប្រាប់ VOA ថា៖ «អ្វីដែលយើងបានឃើញចេញពីក្រសួងសន្តិសុខមាតុភូមិនេះ គឺជារឿងមិនពិត និងខុសទាំងស្រុង»។ លោក Olsen ដែលជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីដែលបានចុះហត្ថលេខាលើលិខិតនោះ បានអះអាងថា៖ «របាយការណ៍នេះមិនត្រឹមតែខុសទាក់ទិននឹងពាក្យពេចន៍ដែលបានប្រើនោះទេ ប៉ុន្តែវាក៏បង្ហាញពីទិដ្ឋភាពមិនត្រឹមត្រូវមួយអំពីអ្នកដែលទទួលខុសត្រូវចំពោះអំពើភេរវកម្មផងដែរ។
របាយការណ៍នេះគួរតែផ្ដោតលើអ្នកដែលមានគំនិតជ្រុលនិយម មិនមែនលើប្រទេសដែលពួកគេកើតនោះទេ»។ របាយការណ៍នេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្ស ៣ ដាក់ពាក្យបណ្ដឹងជាផ្លូវការ។
អង្គការទាំងនោះគឺអង្គការ Muslim Advocates អង្គការ Protect Democracy និងអង្គការ Brennan Center for Justice ដោយដំបូងបានដាក់ញត្តិស្នើក្រសួងយុត្តិធម៌ និងក្រសួងសន្តិសុខមាតុភូមិឲ្យកែតម្រូវ ឬដករបាយការណ៍នេះចេញ ប៉ុន្តែក្រោយមកបានប្ដឹងក្រសួងទាំងពីរនេះពីបទរំលោភច្បាប់ស្ដីពីគុណភាពព័ត៌មាន ដែលជាច្បាប់មួយតម្រូវឲ្យរបាយការណ៍ដែលចេញដោយរដ្ឋាភិបាលឲ្យបំពេញតាមស្តង់ដារនៃ «អត្ថប្រយោជន៍ ភាពមិនលម្អៀង និងសុចរិតភាព»។
មន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីក្រសួងសន្តិសុខមាតុភូមិបានឆ្លើយតបកាលពីពេលថ្មីៗនេះចំពោះអង្គការទាំងនោះថា គ្មានហេតុផលណាមួយដែលពួកគេត្រូវកែតម្រូវ ឬដករបាយការណ៍នេះចេញនោះទេនៅក្រោមច្បាប់ស្ដីពីគុណភាពព័ត៌មាននេះ។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះបានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ទីភ្នាក់ងារនេះកាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅនេះ ដោយមានការគាំទ្រពីអតីតមន្ត្រីផ្នែកសន្តិសុខនានា។
ដោយហៅរបាយការណ៍នេះថា «នាំឲ្យមានការភ័ន្តច្រឡំ» អតីតមន្ត្រីទាំងនោះបានជំរុញក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌ឲ្យ «ពិចារណាឡើងវិញនូវការឆ្លើយតបរបស់ពួកគេចំពោះចម្ងល់» អំពីរបាយការណ៍នេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។
លោកស្រី Katie Waldman អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ បានបញ្ជាក់តាមរយៈអ៊ីមែលមកថា៖ «យើងមិនអាចមើលលើសកម្មភាពប្រឆាំងភេរវកម្មដោយផ្ដោតលើព្រឹត្តិការណ៍មុនថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០០១ នោះបានទេ។ ក្រសួងសន្តិសុខមាតុភូមិបានប្រើទិន្នន័យប្រវត្តិសាស្ត្រដើម្បីឈានទៅដល់ការវាយតម្លៃនេះ ប៉ុន្តែប្រសិនបើយើងគ្រាន់តែសម្លឹងមើលលើអ្វីដែលពួកភេរវជនបានធ្វើកាលពីអតីតកាល យើងនឹងមិនអាចទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្មនាពេលអនាគតបានទេ»។
លោក Sirine Shebaya មេធាវីជាន់ខ្ពស់នៃអង្គការ Muslim Advocates បាននិយាយថា ក្រសួងទាំងនេះទំនងជានឹងបដិសេធសំណើរបស់ពួកគេម្ដងទៀត។ លោក Sirine Shebaya បាននិយាយយ៉ាងដូច្នេះថា៖ «យើងសង្ឃឹមថា ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងយុត្តិធម៌នឹងពិនិត្យមើលឡើងវិញលើរបាយការណ៍ទាំងនេះ ហើយនឹងកែតម្រូវ ឫក៏ដករបាយការណ៍ទាំងនេះចេញ។
អ្វីដែលទំនងជានឹងកើតឡើងបន្ថែមទៀតនោះគឺថា យើងនឹងរង់ចាំការឆ្លើយតបរបស់ក្រសួងទាំងនោះ។ ហើយប្រសិនបើការឆ្លើយតបរបស់ពួកគេមិនធ្វើឲ្យពួកយើងពេញចិត្តនោះទេ ពួកយើងនឹងប្ដឹងទៅតុលាការម្ដងទៀត»៕
ប្រែសម្រួលដោយ ហេង រស្មី