អតីតអភិបាលក្រុងញូវយ៉ក លោក Michael Bloomberg បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យថា លោកនឹងឈរឈ្មោះជាបេក្ខជនដើម្បីប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Bloomberg បានសរសេរសារលើបណ្ដាញសង្គម Twitter ថា «ខ្ញុំនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីយកជ័យជម្នះលើលោក ដូណាល់ ត្រាំ និងកសាងសហរដ្ឋអាមេរិកឡើងវិញ។ ខ្ញុំជឿថា បទពិសោធន៍ដ៏ពិសេសរបស់ខ្ញុំនៅក្នុងការធ្វើជំនួញនិងការស្នេហាជាតិនឹងជួយឲ្យខ្ញុំទទួលបានជ័យជន្នះ ដើម្បីអាចដឹកនាំប្រទេសនេះបាន»។
លោក Bloomberg គឺជាអតីតសមាជិកគណបក្សសាធារណរដ្ឋ ហើយក្រោយមកក្លាយទៅជាអ្នកឯករាជ្យ ដែលបានគាំទ្រអ្នកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ឥឡូវនេះលោក Bloomberg កំពុងតែចូលរួមជាមួយនឹងសមាជិកគណបក្សប្រជាធិបតេយ្យដ៏ច្រើនដទៃទៀត ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានចំណាយប្រាក់ជាង៣០លានដុល្លារសម្រាប់ធ្វើការផ្សព្វផ្សាយដែលនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនៅទូទាំងប្រទេសចាប់ផ្ដើមពីថ្ងៃអាទិត្យម្សិលមិញនេះទៅ។
លោក Bloomberg គឺជាអតីតអភិបាលក្រុងញូវយ៉កពីឆ្នាំ២០០២ដល់ឆ្នាំ២០១៣ ហើយលោកក៏ធ្លាប់ស្គាល់លោក ត្រាំ ដែលជាអ្នករស់នៅក្នុងទីក្រុងញូវយ៉កដូចគ្នាដែរ។ លោក Bloomberg បានហៅលោក ត្រាំ ថាជាមេដឹកនាំនយោបាយដ៏មានគ្រោះថ្នាក់ និងតែងតែកេងបន្លំខាងជំនួញដើម្បីទទួលបានជោគជ័យ៕