ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ឆាំង សុង អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណ​រដ្ឋ​ខ្មែរ​ មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ


លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះអ្នកជំងឺកម្រិតធ្ងន់។ (រូបថតដោយបណ្តាញសង្គម Chhang Song)
លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ដោយត្រូវសម្រាកព្យាបាលជំងឺក្នុងបន្ទប់សង្គ្រោះអ្នកជំងឺកម្រិតធ្ងន់។ (រូបថតដោយបណ្តាញសង្គម Chhang Song)

លោក ឆាំង សុង អតីត​រដ្ឋមន្ត្រី​ឃោស​នា​ការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គ្រប់​គ្រង​ដោយ​ លន់ នល់ នៅ​មាន​ជីវិត​នៅ​ឡើយ ប៉ុន្តែ​កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ នេះ​ជា​ការ​បញ្ជាក់​របស់​ភរិយា​លោក​គឺ​អ្នកស្រី ស៊ុម សារុន។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណឹង​អំពី​មរណ​ភាព​របស់​លោក ឆាំង សុង ត្រូវ​បានផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​មក

លោក ឆាំង សុង អាយុ​៨២​ឆ្នាំ ជា​សាក្សី​រស់​ដែល​ផ្ដល់​ព័ត៌មាន​ចង​ក្រង​អំពីរបប​សាធារណរដ្ឋខ្មែរ ដែល​គ្រប់គ្រង​ដោយ​ លន់ នល់ និងគាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក ចាប់​ពី​ឆ្នាំ​ ១៩៧០​ ដល់​ឆ្នាំ ១៩៧៥ មុន​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​របប​ខ្មែរ​ក្រហម ដែល​សម្លាប់​មនុស្ស​យ៉ាង​តិច ​១លាន ​៧​សែន​នាក់។

អ្នកស្រី ស៊ុម សារុន ជា​ភរិយា បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ លោក ឆាំង សុង នៅ​មាន​ដង្ហើម​នៅ​ឡើយ ​គិត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។ អ្នកស្រី​បន្ថែម​ថា ​លោក​ត្រូវ​បាន​ប្រកាស​ថា «គ្មានសង្ឃឹម​រស់» ​មួយ​រយៈ​ខ្លី កាល​ពី​ថ្ងៃ​អង្គារ មុន​នឹង​គ្រូពេទ្យ​ព្យាយាម​ជួយ​លោក​ជា​ចុង​ក្រោយ ដោយ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​កម្រិត​ធ្ងន់។

«បើសិន​ជាគាត់មិន​មាន​ម៉ាស៊ីន ​ឬគាត់​មិនមាន​ថ្នាំ​ក៏គាត់​មិន​បាន​រស់​ដែរ​អូន ប៉ុន្តែ​ឥឡូវ​គេ​ធ្វើ​ឱ្យ​អស់​ចិត្ត។ ឥឡូវ​ទៅ​ឬ​នៅ​ស្មើគ្នា។ មិន​ដឹង​ជា​ស្ថាន​ការណ៍​យ៉ាង​ម៉េច​ទៅ​មុខ​ទេ អូន​អើយ​ ប៉ុន្តែ​បន់​ស្រន់​ទេព្ដា​ឱ្យ​ជួយ​គាត់ កុំ​ឱ្យ​គាត់​ទៅ ឱ្យ​គាត់​ចេះ​តែ​ដាក់​ថ្នាំ​បាន​មក​វិញ​ទៅ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ក្មួយ​អើយ មាន​តែ​ពីរ​នាក់​គាត់»។

លោក ឆាំង សុង កំពុង​ប្រឈម​នឹង​ជំងឺ​បេះដូង រលាក​តម្រងនោមនិង​លើស​ឈាម និង​បាន​ចេញ​ចូល​សម្រាកនៅ​មន្ទីរ​ពេទ្យ តាំង​តែ​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា​មក។ នេះ​បើ​យោង​តាម​ភរិយា​របស់​លោក។

លោក​បាន​ជួប​ឧប្បទ្ទវហេតុ​គាំង​បេះ​ដូង និង​ត្រូវ​បាន​បញ្ជូន​ពី​មណ្ឌល​ចាស់​ជរា ​(Nursing Home) មក​សម្រាក​នៅ​មន្ទីរពេទ្យ​ Long Beach Memorial ចាប់​តាំង​តែ​ពី​ថ្ងៃទី​ ១៣ ខែ​ឧសភា​មក។

ក្នុង​កា​រផ្សាយ​ផ្ទាល់​មួយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃ​សុក្រ លោក ឆាំង សុង ត្រូវ​បាន​ឃើញ​ថា​នៅ​មាន​ដង្ហើម ដោយ​មាត់​និង​ច្រមុះ​របស់​លោក​បំពាក់​ដោយ​បំពង់​ឧបករណ៍​ជំនួយ​ដង្ហើម។ យូរៗ​ម្ដង​គេ​ឃើញ​ដៃ​និង​ខ្លួន​ប្រាណ​របស់​លោក​កម្រើក​សន្សឹម​ៗ ប៉ុន្តែ​ភ្នែក​ទាំង​ពីរ​បិទ​ជិត។

លោក ឆាំង សុង ​ធ្លាប់​ជា​មន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​បំពេញ​តួនាទី​ទាំង​ជា​អ្នក​នាំ​ពាក្យ​យោធា​ផង​រដ្ឋមន្ត្រី​ព័ត៌មាន​ផង និង​ជា​មនុស្ស​ជំនិត​នឹង​លោក​សេនា​ប្រមុខ លន់ នល់ ផង។ លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​លោក លន់ នល់ នៅ​ដើម​ខែមេសា ​ឆ្នាំ ១៩៧៥។

អ្នក​នយោបាយ​រូប​នេះ​បាន​វិល​ត្រឡប់​មក​កម្ពុជា​នៅ​អំឡុង​ទសវត្សរ៍​ ១៩៩០​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ទីប្រឹក្សា​លោក ជា ស៊ីម អតីត​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​ ២០១៥ ហើយ​លោក​មួយ​រយៈ​ខ្លី​បាន​ក្លាយ​ជា​សមា​ជិក​ព្រឹទ្ធសភា​ផង​ដែរ៕

XS
SM
MD
LG