វ៉ាស៊ីនតោន — ក្នុងពេលដែលសហរដ្ឋអាមេរិកនិងកម្ពុជាកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ ដែលជាឆ្នាំគម្រប់ខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិកគួរតែលើកលែង ឬបង្វែរបំណុលដែលកម្ពុជាបានជំពាក់ តាំងពីដើមទសវត្សរ៍ ១៩៧០ មក ទៅជាជំនួយ ឬមូលនិធិអប់រំមួយ ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយប្រទេសវៀតណាម កាលពីប្រមាណ ២០ ឆ្នាំមុន។ នេះបើយោងតាមអ្នកវិភាគមួយចំនួន។
ប៉ុន្តែ មន្ត្រីការទូតសហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជាលើកឡើងថា ខណៈដែលសហរដ្ឋអាមេរិកនៅតែចង់ដោះស្រាយបញ្ហាបំណុលជាមួយកម្ពុជា ប្រទេសដែលជំពាក់បំណុលអាមេរិក ត្រូវតែសងបំណុលនោះវិញ។
លោក អ៊ូ វីរៈ ស្ថាបនិកនៃអង្គការវេទិកាអនាគត បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ថា សហរដ្ឋអាមេរិកគួរតែលើកឡើងអំពីបញ្ហាបំណុលនេះ ប៉ុន្តែលោកថា ការលើកឡើងបញ្ហានេះ គួរតែធ្វើតាមរបៀបមួយដែលអាចស្វែងរកដំណោះស្រាយសម្រាប់កម្ពុជា ដែលលោកចាត់ទុកថាជាប្រទេសរងគ្រោះមួយក្នុងតំបន់ឥណ្ឌូចិន នៅសម័យសង្គ្រាមត្រជាក់រវាងមហាអំណាច នាអំឡុងទសវត្សរ៍ ១៩៦០ និង១៩៧០។
«បំណុលនេះគួរតែជជែកមួយ ក្នុងន័យប្រទេសដែលត្រូវបានរងគ្រោះ ហើយគួរតែជជែករកដំណោះស្រាយ ដើម្បីបំបាត់ចោលនូវបំណុល ឬមួយក៏បង្វែបំណុលទៅជាជំនួយមួយណា ដើម្បីភ្ជាប់ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកវិញ»។
លោក អ៊ូ វីរៈ ដែលមានសញ្ជាតិអាមេរិកាំងដែរនោះ បន្ថែមថា៖
«ឧទាហរណ៍ផ្តល់ឲ្យទៅជា Scholarship [អាហារូបករណ៍] ទៅជាជំនួយដើម្បីនិស្សិតកម្ពុជាទៅរៀននៅសហរដ្ឋអាមេរិក ឬក៏ពង្រឹងការសិក្សានៅកម្ពុជានៃប្រជាពលរដ្ឋខ្មែរយើងនិងយុវជនជំនាន់ក្រោយ ទៅលើប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-អាមេរិក អាចជាគន្លឹះមួយល្អ ហើយអាចជាគន្លឹះមួយដែលអាចបង្កឲ្យមានទំនុកចិត្តគ្នាខ្លះ ដើម្បីជំរុញឲ្យទំនាក់ទំនងមានភាពរឹងមាំ គ្រាន់បើជាងពេលបច្ចុប្បន្ន»។
ទោះបីជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិកនិងកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញបន្តិចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក៏ដោយ ក៏បញ្ហាបំណុលដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមចាប់ពីដើមទសវត្សរ៍ ១៩៧០ មកនោះ នៅតែតាមលងទំនាក់ទំនងនៃរដ្ឋាភិបាលប្រទេសទាំងពីរនេះរហូតមកដល់ពេលបច្ចុប្បន្ន។
លោកបណ្ឌិត ឈាង វណ្ណរិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ប្រាប់វីអូអេពីប្រទេសសិង្ហបុរីថា រដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក គួរតែពិចារណាគំរូនៃការដោះស្រាយបំណុលរវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក ក្នុងបរិបទនៃទំនាក់ទំនាក់ទ្វេភាគីកម្ពុជា-អាមេរិកដែរ។
«ទាក់ទងបញ្ហាបំណុលនេះ ភាគីទាំងពីរគួរតែបន្តការចរចា ហើយបង្វែបំណុលហ្នឹងទៅជាជំនួយអភិវឌ្ឍន៍របស់កម្ពុជា។ មានន័យថា រដ្ឋាភិបាលកម្ពុជាអាចសងបំណុលហ្នឹងទៅសហរដ្ឋអាមេរិក ហើយយកបំណុលហ្នឹង ប្រែទៅជាជំនួយអភិវឌ្ឍន៍របស់អាមេរិក មកកម្ពុជាវិញ»។
សហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីជាង ២៧០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០ ដើម្បីទិញស្បៀងនិងកសិផលផ្សេងៗរបស់សហរដ្ឋអាមេរិក។ កម្ចីនេះ ត្រូវបានធ្វើឡើងក្រោមកម្មវិធីមួយឈ្មោះថា Food for Peace ឬ«ស្បៀង សម្រាប់សន្តិភាព»។ នេះបើផ្អែកតាមកាសែត The New York Times។
«តែទោះជាយ៉ាងនេះក្តី ប្រទេសដែលជំពាក់បំណុល គួរតែសងបំណុលនោះ»។
ប៉ុន្តែ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធ មិនព្រមសងបំណុលនេះ ដោយលើកឡើងថា វាជា«បំណុលឈាម» ហើយថា សហរដ្ឋអាមេរិក ក៏បានជំពាក់ «បំណុលសីលធម៌» ចំពោះការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលបានប្រកាសខ្លួនថាជាប្រទេសអព្យាក្រិត្យមួយក្នុងសម័យសង្គ្រាមនោះដែរ។
ការលើកឡើងចុងក្រោយអំពីបញ្ហាបំណុលនេះ គឺធ្វើឡើងដោយលោក ហ៊ុន សែន កាលពីខែមេសាឆ្នាំ២០១៧ ដែលនៅពេលនោះ លោកនាយករដ្ឋមន្ត្រីខ្មែរ ដែលកាន់អំណាចជាង៣ទសវត្សន៍មកហើយនេះ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបចោលបំណុលដែលអូសបន្លាយពេលដ៏យូរនេះ។
រហូតមកដល់ពេលនេះ បើគិតទាំងការប្រាក់ផង បំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិក បានកើនដល់ជាង ៥០០លានដុល្លារហើយ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីអាមេរិកាំង។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ប្រាប់វីអូអេ ក្នុងបទសម្ភាសន៍មួយអំពីទំនាក់ទំនងសហរដ្ឋអាមេរិកនិងកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០ ថា សហរដ្ឋអាមេរិកនៅតែចង់ដោះស្រាយបញ្ហាបំណុលនេះជាមួយកម្ពុជាឲ្យស្រេចបាច់។
«នេះគឺជាបញ្ហាមួយដែលយើងបានព្យាយាមដោះស្រាយរាប់ឆ្នាំមកហើយ ហើយជួនកាលយើងបានវិវត្តទៅមុខខ្លះ ប៉ុន្តែច្បាស់ណាស់នេះគឺជាបញ្ហាមួយដែលយើងចង់ដោះស្រាយឲ្យបានរួចរាល់»។
ឆ្លើយតបទៅនឹងសំណួរថា តើសហរដ្ឋអាមេរិកអាចនឹងពិចារណបង្វែបំណុលនេះទៅជាមូលនិធិអប់រំ ឬជំនួយអភិវឌ្ឍន៍ដែរឬទេនោះ លោកមានប្រសាសន៍ថា៖ «ដើម្បីពិចារណាជម្រើសបែបនេះបាន យើងពិតជាចាំបាច់ត្រូវតែមានការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា»។
លោក Arend Zwartjes បន្ថែមថា៖ «តែទោះជាយ៉ាងនេះក្តី ប្រទេសដែលជំពាក់បំណុល គួរតែសងបំណុលនោះ»។
កាលពីខែធ្នូ ឆ្នាំ២០១៩ ពោលគឺ៣ខែក្រោយពីការមកដល់របស់លោកក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍នៅចុងបញ្ចប់នៃបទសម្ភាសន៍ផ្តាច់មុខមួយជាមួយវីអូអេថា លោកចង់ឃើញចំនួននិស្សិតខ្មែរទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកកើនឡើង ១០ដង។
«ឥឡូវយើងមានពលរដ្ឋកម្ពុជាប្រមាណ ៦០០នាក់ ដែលកំពុងរៀននៅសហរដ្ឋអាមេរិក។ ខ្ញុំចង់ឃើញចំនួន ៦០០០នាក់»។
«ថាតើវាជាកម្ចី ឬជាជំនួយ គ្មានអ្វីជាក់លាក់ទេ។ ហេតុអ្វី? ពីព្រោះសង្គ្រាមនៅវៀតណាមវាធំណាស់! [ជំនួយ] គ្រាន់តែហៀរពីវៀតណាមតែបន្តិចបន្តួច វាគ្រាន់ហើយខ្មែរយើង។ វាគ្មានពាក្យកម្ចីឬស្អីទេ តែបើជំនួយវាមាន»។
វីអូអេមិនអាចស្នើសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេ ដោយអស់លោក បានបង្វែសំណួរទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាវិញ។
លោក គីម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឆ្លើយតបតាមសារ Telegram ថាលោកត្រូវការការបំភ្លឺពីអ្នកបច្ចេកទេសនៃក្រសួងរបស់លោកជាមុនសិន មុននឹងធ្វើអត្ថាធិប្បាយលើបញ្ហាបំណុលនេះបាន។
តែទោះជាយ៉ាងនេះក្តី លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការក្នុងសម័យសាធារណរដ្ឋខ្មែរក្រោមការដឹកនាំរបស់លោក លន់ នល់ បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទីដែលលោកកំពុងរស់នៅបច្ចុប្បន្ននេះថា រដ្ឋាភិបាលកម្ពុជាក្នុងសម័យសាធារណរដ្ឋខ្មែរពិតជាបានទទួលជំនួយមនុស្សធម៌ខ្លះពីសហរដ្ឋអាមេរិកមែន ប៉ុន្តែលោកថា បញ្ហាបំណុលនេះមានលក្ខណៈស្មុគស្មាញ ដោយសារគ្មានឯកសារដែលបង្ហាញឲ្យប្រាកដថា តើបំណុលនេះកើតពីកម្ចី ឬក៏ជាជំនួយដែលសហរដ្ឋអាមេរិក បានផ្តល់ដល់កម្ពុជាតាមរយៈវៀតណាមខាងត្បូង នៅគ្រានោះ។
«ថាតើវាជាកម្ចី ឬជាជំនួយ គ្មានអ្វីជាក់លាក់ទេ។ ហេតុអ្វី? ពីព្រោះសង្គ្រាមនៅវៀតណាមវាធំណាស់! [ជំនួយ] គ្រាន់តែហៀរពីវៀតណាមតែបន្តិចបន្តួច វាគ្រាន់ហើយខ្មែរយើង។ វាគ្មានពាក្យកម្ចីឬស្អីទេ តែបើជំនួយវាមាន»។
តែលោកបន្ថែមថា បើកម្ពុជាពិតជាបានជំពាក់បំណុលដែលកើតពីជំនួយយោធារបស់សហរដ្ឋអាមេរិកនាសម័យកាលនោះមែន កម្ពុជាត្រូវតែសងសហរដ្ឋអាមេរិកវិញ តែលោកថា សំណងនោះ គួរតែត្រូវបង្វែទៅជាជំនួយមនុស្សធម៌វិញ ដោយលោកអះអាងថាកម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះមួយក្នុងសង្គ្រាមឥណ្ឌូចិនប៉ុណ្ណោះ។
សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Richard Nixon ដែលគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូងនិងរដ្ឋាភិបាលលោក លន់ នល់ បានសម្រេចចិត្តជាសម្ងាត់បើកយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងតិច ៥០០០០០តោន ទៅលើប៉ែកខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាម ក្នុងសម័យសង្គ្រាមវៀតណាម ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងនិងសម្ភារសឹកដល់ទ័ពវៀតកុងរបស់វៀតណាមខាងជើង នៅគ្រានោះ។
«កម្ពុជា ខ្ញុំជឿជាក់ថា ទុកបំណុលនេះ ទោះសងឬមិនសង ទុកឲ្យនៅអញ្ចឹង ទុកឲ្យនៅអញ្ចឹង»។
ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះ បានសម្លាប់ពលរដ្ឋខ្មែរអស់រាប់សិបម៉ឺននាក់និងបន្សល់ទុកគ្រាន់មិនទាន់ផ្ទុះជាច្រើន ដែលនៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យពិការប្រជាជនកម្ពុជារហូតមកទល់នឹងសព្វថ្ងៃនេះ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេថា បើកម្ពុជាពិតជាបានជំពាក់បំណុលសហរដ្ឋអាមេរិកមែន នោះកម្ពុជាត្រូវតែសងបំណុលនោះវិញ។
«ទោះបំណុលអាក្រក់ មិនអាក្រក់ក៏ដោយ តែយើងខ្ចីគេ គឺជំពាក់គេហើយ។ អាក្រក់ឬល្អ មិនសំខាន់ទេ អានេះគឺគ្រាន់តែជាភាសានយោបាយទេ។ ប៉ុន្តែ សងគឺត្រូវតែសង។ ឧទាហរណ៍ ខ្ញុំខ្ចីលុយមីក្រូហិរញ្ញវត្ថុមកធ្វើស្រែ ប៉ុន្តែខ្ញុំអត់យកទៅធ្វើស្រែ ទៅលេងបៀរ អាហ្នឹងជារឿងរបស់យើង។អានេះដូចគ្នាអញ្ចឹងដែរ»។
ប៉ុន្តែ លោកបន្ថែមថា ជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីដើមរហូតមកដល់បច្ចុប្បន្ន គឺចង់ឲ្យសហរដ្ឋអាមេរិកបង្វែបំណុលនេះទៅជាជំនួយអភិវឌ្ឍន៍ផ្សេងៗ ឬក៏ទៅជាមូលនិធិអប់រំជួយដល់កម្ពុជាវិញ ដោយសារតែការបំផ្លិចបំផ្លាញដែលសហរដ្ឋអាមេរិក បានបង្កដល់កម្ពុជាក្នុងសម័យសង្គ្រាមវៀតណាមនោះ។
លោកមានប្រសាសន៍ថា បើសហរដ្ឋអាមេរិក មិនពិចារណាតាមការចង់បានរបស់កម្ពុជាទេ នោះបញ្ហាបំណុលនេះ នឹងនៅតែបន្តអូសបន្លាយទៅមុខតទៅទៀត។
«កម្ពុជា ខ្ញុំជឿជាក់ថា ទុកបំណុលនេះ ទោះសងឬមិនសង ទុកឲ្យនៅអញ្ចឹង ទុកឲ្យនៅអញ្ចឹង»។
ក្រុមមន្ត្រីកម្ពុជានិយាយថា កម្ចីដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិក បានកើតឡើងក្នុងស្ថានការណ៍មួយដែលរដ្ឋាភិបាលលោក នល់ នល់ កាន់តែធ្លាក់ដុនដាប ដោយសារអំពើពុករលួយផងនិងដោយសារការវាយសង្គ្រប់កាន់តែខ្លាំងពីក្រុមខ្មែរក្រហមផង។
«ជានិច្ចកាល តែងមានលទ្ធភាពថាបើកម្ពុជាសងបំណុលនេះខ្លះ នោះរដ្ឋបាល[សហរដ្ឋអាមេរិក]មួយដែលរំភើបចិត្ត នឹងបង្វែសំណងនោះទៅជាមូលនិធិសម្រាប់ការអប់រំ ឬគម្រោងស្រដៀងគ្នានៅកម្ពុជា ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយមូលនិធិអប់រំវៀតណាមដូច្នោះដែរ»។
នៅត្រឹមខែមេសា ឆ្នាំ១៩៧៥ សហរដ្ឋអាមេរិក បានដកទាំងជំនួយទាំងមន្ត្រីនិងពលរដ្ឋរបស់ខ្លួន ចេញពីកម្ពុជា នៅមុនពេលក្រុមខ្មែរក្រហមឡើងកាន់អំណាចដឹកនាំប្រទេសកម្ពុជា អស់រយៈពេលជិតបួនឆ្នាំបន្ទាប់ ដោយធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច ១លាន ៧សែននាក់ បានស្លាប់ ដោយសារការកាប់សម្លាប់ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការហួសកម្លាំង។
វីអូអេ មិនអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស និងក្រសួងរតនាគារសហរដ្ឋអាមេរិក ដើម្បីស្នើសុំការអត្ថាធិប្បាយអំពីបញ្ហាបំណុលនេះបាននៅឡើយទេ គិតមកត្រឹមថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
ប៉ុន្តែ មន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កន្លងមកធ្លាប់បានថ្លែងប្រាប់អនុគណៈកម្មការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការបរទេស កាលពីពេលកន្លងទៅថា កម្ពុជាមានលទ្ធភាពសងបំណុលនេះវិញ ហើយថា មានតែសភាសហរដ្ឋអាមេរិកទេ ទើបអាចសម្រេចលុបចោល ឬបង្វែបំណុលដែលកម្ពុជាជំពាក់នេះទៅជាអ្វីផ្សេងបាន។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យរងខាងកិច្ចការទូតនិងកិច្ចការសកលលោកនៃ មហាវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយវីអូអេ ក្នុងពេលថ្មីៗនេះថា ទោះបីជារដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអាចធ្វើអ្វីបានច្រើននៅពេលនេះ ក្នុងគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏លទ្ធភាពនៅមាន ដើម្បីដោះស្រាយបញ្ហាបំណុលនេះដែរ។
«ជានិច្ចកាល តែងមានលទ្ធភាពថាបើកម្ពុជាសងបំណុលនេះខ្លះ នោះរដ្ឋបាល[សហរដ្ឋអាមេរិក]មួយដែលរំភើបចិត្ត នឹងបង្វែសំណងនោះទៅជាមូលនិធិសម្រាប់ការអប់រំ ឬគម្រោងស្រដៀងគ្នានៅកម្ពុជា ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយមូលនិធិអប់រំវៀតណាមដូច្នោះដែរ»។
មូលនិធិអប់រំវៀតណាម គឺជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងតាមច្បាប់ នៅឆ្នាំ២០០០ ក្រោយពីមានការចរចារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវៀតណាម ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតនិងបញ្ញាវន្តវៀតណាមថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា ឲ្យមកសិក្សាផ្នែកវិទ្យាសាស្ត្រក្នុងសហរដ្ឋអាមេរិក។
លោក Sebastian Strangio អ្នកកាសែតនិងអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «Hun Sen's Cambodia» ឬ «ប្រទេសកម្ពុជារបស់លោកហ៊ុន សែន» មើលឃើញថា ស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ហាក់មិនបង្កលក្ខណៈអំណោយផលដល់ការដោះស្រាយបញ្ហាបំណុលនេះទេ។
«ស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា រារាំងលទ្ធភាពដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអាចលើកលែងបំណុល ឬបង្វែបំណុលនោះទៅជាប្រភេទឥណទានអភិវឌ្ឍន៍ផ្សេងៗ ឬដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយវៀតណាម»។
លោកមានប្រសាសន៍បន្ថែមថា មានតែការចូលនិវត្តន៍ឬបញ្ចប់អាណត្តិថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ននេះ ឬក៏ការផ្លាស់ប្តូរជាដុំកំភួន នូវស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកទេ ទើបអាចដោះស្រាយបញ្ហាបំណុលនេះបាន៕