អតីតលេខាផ្ទាល់របស់សម្តេចឪព្រះបាទសម្តេចព្រះនរោត្តម សីហនុ មើលឃើញការខ្វែងគំនិតគ្នារបស់អ្នកនយោបាយខ្មែរ ដែលមិនទាន់អាចរួបរួមគ្នាបានក្នុងការកសាងប្រទេសដែលត្រូវបានជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិកាលពី២៤ឆ្នាំមុន ដើម្បីបញ្ចប់សង្គ្រាមក្នុងស្រុកជាច្រើនទសវត្ស។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា អ្នកនយោបាយខ្មែរបានតែនិយាយអំពីការបង្រួបបង្រួមជាតិ តែធាតុពិតពួកគេមិនបានធ្វើតាមអតីតព្រះមហាក្សត្រខ្មែរនោះទេ។ ប៉ុន្តែអ្នកនយោបាយនៃគណបក្សធំៗពីរដែលមានអាសនៈក្នុងរដ្ឋសភាថ្លែងថា ពួកគេបានគោរពទៅតាមនយោបាយបង្រួបបង្រួមជាតិនេះ។ រីឯអ្នកវិភាគនយោបាយនិយាយថា ការនិយាយរបស់អ្នកនយោបាយគឺមិនពិតនោះទេ។
ក្រោយការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហនុអស់រយៈពេលបីឆ្នាំកន្លងមកនេះ អ្នកនយោបាយខ្មែរនៅតែមិនទាន់អាចរកបាននូវការបង្រួបបង្រួមគ្នាដើម្បីកសាងប្រទេស ដែលធ្លាប់ហែកហួរដោយសង្គ្រាមក្នុងស្រុកនោះទេ។ នេះបើតាមការបញ្ជាក់ពីព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ និងជាអតីតលេខាផ្ទាល់របស់សម្តេចឪព្រះបាទសម្តេចព្រះនរោត្តម សីហនុ មានព្រះបន្ទូលប្រាប់ VOA ថា អ្នកនយោបាយខ្មែរពុំបានធ្វើអ្វីទៅតាមសម្តីរបស់ពួកគេទេ ទាក់ទិននឹងការបង្រួបបង្រួមជាតិ ដែលជាគោលនយោបាយដ៏សំខាន់មួយរបស់អតីតព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ។
«ការបង្រួបបង្រួមជាតិហ្នឹង អ្នកណាក៏និយាយដែរ ខាងគណបក្សកាន់អំណាចក៏និយាយ ខាងគណបក្សប្រឆាំងក៏និយាយ។ អ្នកណាក៏លើកឡើងអំពីការបង្រួបបង្រួមជាតិដែរ ក៏ប៉ុន្តែអំពើ ដែលធ្វើ ពាក្យសម្តីដែលចេញមកមួយៗគឺផ្ទុយពីការអំពាវនាវបង្រួបបង្រួមជាតិ»។
ព្រះអង្គម្ចាស់មានព្រះបន្ទូលបន្តទៀតថា៖
«បើសិនជាយើងចង់បង្រួបបង្រួមជាតិមែនទែន យើងត្រូវតែវិលត្រឡប់មកលើមូលដ្ឋាន ទៅលើគោលការណ៍របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលក្នុងពីរសប្តាហ៍តទៅមុខទៅទៀតហ្នឹងគឺជាខួប២៣តុលាហ្នឹង។ យើងត្រូវតែយកមូលដ្ឋានហ្នឹង ពីព្រោះពេលហ្នឹងខ្មែរគ្រប់ភាគីបានចុះហត្ថលេខា ដើម្បីសម្រុះសម្រួលគ្នា ដើម្បីផ្សះផ្សារជាតិ ដើម្បីបង្រួបបង្រួមជាតិ រួបរួមជាតិ ដើម្បីកសាង ស្ថាបនាព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើងសារជាថ្មី ឲ្យរីកចម្រើន ដូចសម័យសង្គមរាស្រ្តនិយម។ ក៏ប៉ុន្តែឥឡូវ បើសិនជាយើងមើលទៅ មើលទៅផ្ទុយទាំងអស់ ផ្ទុយទាំងអស់ ដោយសារតែអី ដោយសារថា ម្នាក់ៗបោះបង់ចោលនូវស្មារតីរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១»។
សម្តេចឪព្រះបាទនរោត្តមសីហនុគឺជាអ្នកផ្តួចផ្តើមកិច្ចព្រមព្រៀងទីក្រុងបារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលបានធ្វើឲ្យភាគី៤ឈប់បាញ់គ្នា បង្កឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាដើម។
ទោះបីជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទតឃើញថា អ្នកនយោបាយខ្មែរប្រេះឆាគ្នាមិនអាចសម្រេចបាននូវការបង្រួបបង្រួមជាតិក្តី តែលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទីមួយនៃរដ្ឋសភាជាតិ បានថ្លែងកាលពីសប្តាហ៍មុនថា លោកនៅតែយកគម្រូតាមអតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុ។
ថ្លែងទៅកាន់មន្ត្រីនិងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ នៅក្នុងពិធីបុណ្យរំឭកដល់ការសោយទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ នៅឯទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ លោកកឹម សុខាមានប្រសាសន៍ថា៖
«ព្រះករុណា លោកតែងតែប្រើនយោបាយបង្រួបបង្គ្រួមជាតិ ផ្សះផ្សាជាតិ ចង់ឲ្យខ្មែរហ្នឹងគឺរួមគ្នាដោះស្រាយបញ្ហាជាមួយគ្នា។ ដូច្នេះហើយ អាហ្នឹងជាចំណុចមួយដែលល្អ ដែលយើង ឲ្យមេដឹកនាំយើងបន្តឲ្យយកចំណុចល្អៗរបស់ព្រះករុណាសម្តេចសីហនុ ដើម្បីរៀបចំគ្រប់គ្រងប្រទេសរបស់យើង»។
មិនមែនមានតែលោក កឹម សុខាទេ ដែលបានបញ្ជាក់ពីជំហរនយោបាយរបស់លោកក្នុងការដើរតាមរបៀបដឹកនាំរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុនោះ មេដឹកនាំគណបក្សកាន់អំណាចក៏បាននិយាយថា ខ្លួនយកលំនាំតាមការដឹកនាំរបស់អតីតព្រះមហាក្សត្រខ្មែរផងដែរ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា៖
«រហូតមកដល់ពេលនេះ ដោយសារអនុវត្តនយោបាយបង្រួបបង្រួមជាតិហ្នឹងហើយ បានជា បន្តបន្ទាប់មក យើងមាននយោបាយឈ្នះៗ បានប្រទេសបានសន្តិភាពពេញលេញ ហើយមានការឯកភាពជាតិហ្នឹង។ ហើយដូច្នេះវាអត់មានអីខុសប្លែកពីព្រះរាជតម្រិះរបស់ព្រះករុណាទេ តែដោយឡែក គណបក្សផ្សេង ឬអ្នកនយោបាយផ្សេងពីគណបក្សប្រជាជនកម្ពុជា អាហ្នឹងខ្ញុំមិនបានដឹងទេ។ អាស្រ័យលើប្រជាពលរដ្ឋលោកពិចារណាទៅចុះ អ្នកណាដែលបង្កើតបញ្ហា?»
យ៉ាងណាក៏ដោយ លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគនយោបាយខ្មែរ ថ្លែងថា អ្នកនយោបាយខ្មែរមិនដែលធ្វើទៅតាមព្រះរាជបំណងរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក្នុងការបង្រួបបង្រួមជាតិ និងរបៀបដឹកនាំប្រទេសរបស់ព្រះអង្គ ទេ សូម្បីពេលព្រះអង្គនៅមានព្រះជន្ម។
«វាជាការណ៍ពិត អ្នកនយោបាយ ពេលព្រះអង្គនៅរស់ ក៏អ្នកនយោបាយមិនដែលធ្វើតាមព្រះអង្គ អត់មានធ្វើតាមទេ។ ពេលដែលព្រះអង្គចូលទិវង្គតហ្នឹង គ្រាន់តែយកលេសយកងារព្រះអង្គយកមកប្រើប្រាស់ទេ។ តាមពិត អត់មានទេ អត់មានទេ។ តែព្រះអង្គកាលពីមុន ព្រះអង្គធ្វើបាន កាលព្រះអង្គធ្វើជានាយករដ្ឋមន្ត្រី ហើយព្រះមាតារបស់ព្រះអង្គគ្រងរាជ្យ នៅក្នុងអំឡុងពេលលោកកាន់អំណាចហ្នឹង ក្នុងទសវត្សទី៦០ហ្នឹង។ អញ្ចឹងលោកធ្វើអីក៏បានច្រើនដែរ ហើយយើងឃើញថា ភាពដឹកនាំរបស់ព្រះអង្គនៅពេលនោះ ក៏មានលក្ខណៈផ្តាច់ការដែរ មិនមែនចេះតែធ្វើអីបានផ្តេសផ្តាស់ទេ។ យើងមើលប្រវត្តិសាស្រ្ត យើងឃើញហើយ។ យើងឃើញទាំងអស់គ្នាហ្នឹង»។
បើទោះជាអ្នកនយោបាយខ្មែរនៃគណបក្សធំៗទាំងពីរអះអាងថា ពួកគេកំពុងធ្វើនយោបាយដោយឈរលើគោលការណ៍បង្រួមបង្រួមជាតិនេះក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរតែងតែមើលឃើញវិបត្តិជាប់គាំងនយោបាយនៅក្រោយពេលបោះឆ្នោត។ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣នេះ សភាជាតិនៅក្នុងប្រទេសកម្ពុជាបានធ្វើការអនុម័តច្បាប់ជាច្រើន ដោយមានតែសំឡេងក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ តំណាងរាស្ត្រនៃបក្សប្រឆាំងបានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភាអស់រយៈពេលជិតមួយឆ្នាំ។
លើសពីនេះទៅទៀត ក្រោយការបំបែកភាពជាប់គាំងនយោបាយកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ តាមរយៈការចុះកិច្ចព្រមព្រៀងនយោបាយបង្កើតវប្បធម៌សន្ទនានោះ មន្រ្តីនិងសកម្មជននយោបាយនៃគណបក្សប្រឆាំងជាង១០នាក់ត្រូវបានចាប់បញ្ជូនចូលក្នុងពន្ធនាគារវិញ ខណៈដែលតំណាងរាស្រ្តមួយក្រុមនៃគណបក្សប្រឆាំងចាប់ផ្តើមសើរើបញ្ហាព្រំដែនកម្ពុជា និងវៀតណាម។ គេក៏មើលឃើញផងដែរថា អ្នកនយោបាយខ្មែរគ្មានការស្រុះស្រួលគ្នា និងគ្មានការមូលមតិគ្នានៅឡើយលើការប្រើប្រាស់ផែនទីរបស់ប្រទេសកម្ពុជា ដោយកាលពីខែសីហាកន្លងទៅនេះ សមាជិកព្រឹទ្ធសភានៃគណបក្សជំទាស់ម្នាក់ត្រូវបានចាប់ឃុំខ្លួន ក្រោយពីការនិយាយពីផែនទីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានគំរាមចាត់វិធានការក្តៅតាមផ្លូវច្បាប់ចំពោះជនណាដែលនិយាយថា ផែនទីដែលរដ្ឋាភិបាលកម្ពុជាបានប្រើជាផែនទីក្លាយ ឬផែនទីចោរនោះ។
អតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុបានក្លាយជាតួអង្គនយោបាយយ៉ាងសំខាន់បំផុតនៅកម្ពុជា។ ព្រះអង្គបានធ្វើការបង្រួមបង្រួមជាតិ បង្រួមបង្រួមអ្នកនយោបាយ និងផ្តល់ភាពកត់ក្តៅដល់ប្រជារាស្ត្រកម្ពុជា ហើយព្រះអង្គមានព្រះនាមថា ជាព្រះបិតាជាតិ បិតាឯករាជ្យជាតិ។ ព្រះអង្គបានដាក់រាជ្យសម្បត្តិកាលពីឆ្នាំ២០០៤ ហើយបានបើកផ្លូវដល់ព្រះរាជបុត្រាគឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងរាជ្យបន្ត មុនពេលព្រះអង្គសោយទិវង្គត ព្រះជន្ម៨៩ព្រះវស្សានៅក្នុងប្រទេសចិនកាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១២។ ក្រោយការចូលទិវង្គតទៅ ព្រះអង្គទទួលបានគោរមងារជាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕