របាយការណ៍មួយរបស់ព្រឹទ្ធសភាស.រ.អ.បាននិយាយថាទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អ. CIA បានធ្វើទារុណកម្មពួកជនជាប់សង្ស័យថាជាភេរវជននៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១
នៅពេលធ្វើការសាកសូរចម្លើយដែលមិនទទួលស្គាល់ដល់សេចក្តីថ្លែថ្នូររបស់អាមេរិក។
កាលពីថ្ងៃអង្គារ គណៈកម្មាធិការផ្នែកស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាស.រ.អ.បានចេញផ្សាយសេចក្តីរាយការណ៍មួយដែលបាននិយាយថាទីភ្នាក់ងារ CIA បានធ្វើបាបពួកអ្នកទោសដែលពួកគេសង្ស័យថាជាពួកភេរវជនហើយបាននិយាយបំភ័ន្តសភាស.រ.អ.និងប្រជារាស្ត្រអាមេរិកាំងអំពីប្រសិទ្ធភាពនៃបច្ចេកទេសសួរចម្លើយទាំងនេះដែលពួកគេបានប្រើប្រាស់ដោយមានរួមបញ្ចូលការឃុំឃាំងអ្នកទោសនៅក្នុងកន្លែងតូចចង្អៀត ការធ្វើមិនឱ្យទទួលទានដំណេកកើត និងការចាក់ទឹកស្រោចលើក្បាលដែលធ្វើឱ្យដូចការលង់ទឹក។
នៅពេលចេញផ្សាយសេចក្តីរាយការណ៍នេះ លោកស្រី Dianne Feinstein សមាជិកាព្រឹទ្ធសភាស.រ.អ.បានមានប្រសាសន៍ថា"តាមរយៈនិយមន័យជាទូទៅនៃពាក្យនេះ ពួកអ្នកជាប់ឃុំឃាំងដោយទីភ្នាក់ងារ CIA បានត្រូវធ្វើទារុណកម្ម។"
លោកប្រធានាធិបតី Barack Obama បានមានប្រសាសន៍ថាទស្សនៈរបស់លោកគឺថា"វិធីដ៏ឃោរឃៅទាំងនេះមិនមែនគ្រាន់តែមិនត្រឹមត្រូវតាមសេចក្តីថ្លៃថ្នូររបស់យើងជាប្រទេសជាតិមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏មិនបម្រើកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងភេរវកម្មដ៏ទូលំទូលាយរបស់យើងឬផលប្រយោជន៍សន្តិសុខជាតិរបស់យើងទេ។"លោកប្រធានាធិបតីបានមានប្រសាសន៍ថាលោកនឹង"ធ្វើឱ្យប្រាកដប្រជាថាយើងនឹងមិនប្រើវិធីទាំងនោះទៀតទេ"៕