ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមគាំពារសិទ្ធិមនុស្សជំរុញឲ្យមានការកាត់ទោស បន្ទាប់ពីមានរបាយការណ៍ទាក់ទិនរបៀបសួរចម្លើយរបស់ទីភ្នាក់ងារ CIA


លោកស្រី Dianne Feinstein សមាជិកាព្រឹទ្ធ​សភា​មក​ពី​រដ្ឋ Californiaបាន​ហៅ​សកម្មភាព​របស់​ទីភ្នាក់​ងារ CIA ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​តម្លៃរបស់​អាមេរិក។

ពួក​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​ទោស​ពួក​មន្រ្តី​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​វិធី​សួរ​ចម្លើយដោយ​មាន​ការ​ធ្វើ​ទារុណ​កម្ម​របស់​ទី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់ CIA ​លើ​ពួក​ជន​សង្ស័យ​ភេរវកម្ម។

លោក Ben Emmerson ​បេសកជន​ពិ​សេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និង​ការ​ ប្រ​ឆាំងភេរវកម្មរបស់​អង្គការ​សហប្រជាជាតិ ​បាន​និយាយ​ថា ​របាយការណ៍​របស់​ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិកស្តីពី​សកម្មភាព​របស់​ទី​ភ្នាក់​ងារ CIA ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្មថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ តម្រូវ​ឲ្យ​មានការ​ទទួល​ខុសត្រូវ​ខាង​ព្រហ្ម​ទណ្ឌ។

​លោក Kenneth Roth ​នាយក​ប្រតិបត្តិ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ ​បាន​និយាយ​ថា ​ការ​ធ្វើ​ទារុណ​កម្ម ​នឹង​នៅ​តែ​ជា​ជម្រើស​ខាង​នយោបាយ​មួយ​សម្រាប់​ប្រធានា​ធិបតី​នៅ​ពេល​អនាគត ​ប្រសិន​បើ ពួក​មន្រ្តី​ទាំង​នោះ ​មិន​ត្រូវ​បាន​កាត់​ទោស​ទេនោះ។

​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ​បាន​ចេញ​របាយ​ការណ៍​យ៉ាង​វែង​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​និយាយ​ថា ទី​ភ្នាក់​ងារ​ CIA ​បាន​ធ្វើ​បាប​ពួក​អ្នក​ទោស​ក្នុង​អំឡុងពេល​នៃ​ការ​សួរ​ចម្លើយ។ ​គណៈ​កម្មា​ធិការ​នោះ ​ធ្វើ​ការ​ចោទ​ប្រកាន់​ទី​ភ្នាក់​ងារ CIA បាន​បំភ័ន្តសភា​និង​ប្រជា​ពលរដ្ឋ​អាមេរិកាំង​អំពី​ ប្រសិទ្ធ​ភាពនៃ​របៀប​សួរ​ចម្លើយ​ទាំង​នោះ​ដែល​រួមមានការ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ​ការបង្ខំឲ្យដេក​មិន​ឲ្យ​គ្រប់​ និងការចាក់​ទឹក​ពី​លើ​ឲ្យឈ្លក់​ទឹក​ជា​ដើម។

​លោកស្រី Dianne Feinstein សមាជិកាព្រឹទ្ធ​សភា​មក​ពី​រដ្ឋ California ​ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ​បាន​និយាយ​ថា ​នៅ​ក្នុង​អត្ថន័យ​រួម​នៃ​ពាក្យ​ពេជន៍​នោះ ​ពួក​អ្នក​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្រោម​របស់​ទី​ភ្នាក់​ងារ CIA ​ត្រូវ​គេ​ធ្វើ​ទារុណ​កម្ម។លោកស្រី ​បាន​ហៅ​សកម្មភាព​របស់​ទីភ្នាក់​ងារ CIA ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​តម្លៃរបស់​អាមេរិក។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ប្រាប់បណ្តាញ​ទូរទស្សន៍ Univision ផ្សាយ​ជាភាសា​អេស្ប៉ាញថា ​សហរដ្ឋ​អាមេរិក ​បាន​ពាក់​ព័ន្ធ​ជាមួយនឹង​សកម្មភាពព្រៃផ្សៃ​។លោក​ប្រធានា​ធិបតី ​បាន​ហៅ​សកម្មភាព​ទាំង​នេះ​ថា​ជា​កំហុស​ដ៏​ខ្លាំងមួយ​ដែល​មិន​គួរកើត​មាន​ឡើង​ម្តង​ទៀត៕

XS
SM
MD
LG