របាយការណ៍ដែលមានចំណងជើងថា «សារព័ត៌មានឯករាជ្យកំពុងស្ថិតនៅក្នុងភាពមហន្តរាយ» ក្នុងប្រទេសកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃនៅថ្ងៃពុធនេះ បានស្នើឲ្យមានការដោះលែងអតីតអ្នកសារព័ត៌មានអាស៊ីសេរីចំនួនពីរនាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន និងអ្នកថតភាពយន្តឯកសារជនជាតិអូស្ត្រាលីម្នាក់ទៀត គឺលោក James Ricketson ដែលកំពុងជាប់ឃុំក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងពីរផ្សេងគ្នា។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏បានទាមទារឲ្យមានការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកកាសែត The Cambodia Daily ពីររូបទៀតផងដែរ គឺលោក អូន ភាព និងលោក Zsombor Peter ដែលមានសញ្ជាតិកាណាដា។
របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែលសរសេរជាបីភាសាគឺបារាំង អង់គ្លេសនិងខ្មែរដែរនេះ បានចាត់ទុកការចោទប្រកាន់និងឃុំខ្លួនអតីតអ្នកសារព័ត៌មាននិងអ្នកថតភាពយន្តឯកសារទាំង៥រូបនេះ ថាមានលក្ខណៈអយុត្តិធម៌និងគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ដែលជាអតីតអ្នកយកព័ត៌មានអាស៊ីសេរី ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា ដោយពួកគេ ត្រូវបានចោទថាបានបន្តលួចផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយសារតែការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា ឆ្នាំមុន។ ប្រសិនបើត្រូវបានរកឃើញថាមានទោសមែន នោះអ្នកទាំងពីរ អាចប្រឈមមុខជាប់ពន្ធនាគារពី៧ ដល់១៥ឆ្នាំ។
រីឯ លោកJames Ricketson ដែលជាអ្នកថតភាពយន្តឯកសារសញ្ជាតិអូស្ត្រាលី ហើយក៏កំពុងជាប់ឃុំបណ្តោះអាសន្ន រង់ចាំការកាត់ទោសដែរនោះ ត្រូវបានចោទប្រកាន់ពីបទចារកម្ម បន្ទាប់ពីលោកបានបង្ហោះកូនយន្តហោះដ្រូនលើហ្វូងបាតុករគាំទ្រគណបក្សសង្គ្រោះជាតិកាលពីខែមិថុនាឆ្នាំ២០១៧។ លោកក៏ត្រូវប្រឈមមុខ ជាប់ពន្ធនាគារ១០ឆ្នាំដែរ ប្រសិនបើត្រូវរកឃើញថាមានទោសមែននោះ។
ចំនែកឯលោក អូន ភាព និងលោក Zsombor Peter ដែលជាអតីតអ្នកកាសែតឲ្យស្ថាប័ន The Cambodia Daily ដែលបានបង្ខំចិត្តបិទទ្វារ លែងដំណើរការក្នុងប្រទេសកម្ពុជា ដោយសារតែរងសម្ពាធពីរដ្ឋាភិបាលឲ្យបង់ពន្ធជាង៦លានដុល្លារនោះ ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើស នៅពេលដែលអ្នកកាសែតទាំងពីរនាក់ ចុះទៅយកព័ត៌មានអំពីការបោះឆ្នោតឃុំសង្កាត់នៅខេត្តរតនៈគិរីកាលពីឆ្នាំមុន។ ប្រសិនបើត្រូវបានរកឃើញថាមានទោស អ្នកកាសែតទាំងពីរ ក៏ត្រូវប្រឈមមុខ ជាប់ពន្ធនាគារពីរឆ្នាំ។ បច្ចុប្បន្ន អតីតអ្នកកាសែត The Cambodia Daily ទាំងពីរនាក់ បានភៀសខ្លួន ចេញទៅក្រៅប្រទេស ដោយសារតែខ្លាចត្រូវអាជ្ញាធរចាប់ខ្លួនដែរ៕