ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ទីប្រឹក្សា​របស់​អ្នកស្រី Aung San Suu Kyi អំពាវនាវ​ឱ្យ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រដ្ឋ​របស់​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ លោក Sean Turnell ពិភាក្សា​អំពី​កំណែទម្រង់​សេដ្ឋកិច្ច​របស់​អតីត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ NDL នៅ​ក្នុង​បឋកថា​មួយ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៨។ (ISEAS-Yusof Ishak Institute/via Reuters)
រូប​ឯកសារ៖ លោក Sean Turnell ពិភាក្សា​អំពី​កំណែទម្រង់​សេដ្ឋកិច្ច​របស់​អតីត​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ NDL នៅ​ក្នុង​បឋកថា​មួយ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៨។ (ISEAS-Yusof Ishak Institute/via Reuters)

លោក Sean Turnell ដែល​ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​ជនជាតិ​អូស្ត្រាលី គឺ​ជា​ទីប្រឹក្សា​មួយ​រូប​របស់​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​យោធា​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​ឆ្នាំ ២០២១។

លោក​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំ​សម្រាប់​ការ​បំពាន​ច្បាប់​កិច្ចការ​សម្ងាត់​របស់​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ដែល​ជា​បទ​ចោទ​ប្រកាន់​ដែល​លោក​បាន​បដិសេធ។

លោក Turnell ត្រូវ​បាន​អាជ្ញាធរ​មីយ៉ាន់ម៉ា​ដោះលែង​វិញ​ក្រោម «ឆន្ទៈ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ» និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​លើកលែង​ទោស​ជា​ទូទៅ​ចំពោះ​ទណ្ឌិត។ លោក​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អូស្រ្តាលី​វិញ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ឥឡូវ​នេះ លោក Turnell បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ធនាគារ​រដ្ឋ​របស់​មីយ៉ាន់ម៉ា។

វិធានការ​នេះ​នឹង​ធ្វើ​ឱ្យ​អូស្រ្តាលី​ស្រប​តាម​លំនាំ​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ធនាគារ​ពាណិជ្ជកម្ម​បរទេស​មីយ៉ាន់ម៉ា (Myanmar Foreign Trade Bank) និង​ធនាគារ​វិនិយោគ​និង​ពាណិជ្ជ​មីយ៉ាន់ម៉ា (Myanmar Investment and Commercial Bank)។

លោក Turnell បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Australian Broadcasting Corp. ថា អូស្រ្តាលី​គួរ​ដើរ​តាម​គំរូ​របស់​អាជ្ញាធរ​អាមេរិក។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ពួកគេ​ទទួល​ស្គាល់​ថា ឥឡូវ​នេះ​ទណ្ឌកម្ម​លើ​របប​ដឹកនាំ​នៅ​មីយ៉ាន់ម៉ា​មិនមែន​ត្រឹមតែ​បង្ហាញ​អំពី​ការ​មិន​ពេញចិត្ត​និង​ការ​ស្អប់ខ្ពើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​ ថែម​ទាំង​បង្ហាញ​អំពី​ការ​ដាក់​កំហិត​លើ​សមត្ថភាព​របស់​របប​ដឹកនាំ​នេះ​មិន​ឱ្យ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​កំពុង​ធ្វើ​មក​លើ​ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា។ យើង​ត្រូវ​ទទួល​ស្គាល់​ថា​ធនាគារ​គឺ​ជា​អ្វី​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​នេះ ពីព្រោះ​របប​នេះ​ត្រូវការ​រូបិយបណ្ណ​បរទេស ហើយ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ត្រូវការ​ធនាគារ​រដ្ឋ​ទាំង​នេះ»។

មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​ការ​បញ្ចេញ​មតិ​ណា​មួយ​ពី​សំណាក់​មន្រ្តី​រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ឡើយ​ទេ​ជុំវិញ​ការ​អំពាវនាវ​របស់​លោក Turnell ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ធនាគារ​មីយ៉ាន់ម៉ា​នេះ។

ចាប់​តាំង​ពី​យោធា​បាន​ចូល​កាន់​អំណាច​មក មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ស៊ីវិល ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត។ អ្នកស្រី Aung San Suu Kyi កំពុង​ជាប់​ឃុំ​រយៈពេល​វែង​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែង​បន្លំ​ការ​បោះឆ្នោត អំពើ​ពុករលួយ និង​បទល្មើស​ផ្សេង​ទៀត។

កាល​ពី​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​អូស្រ្តាលី​បាន​បញ្ជាក់​ថា ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​និង​បម្រាម​ធ្វើ​ដំណើរ​លើ «បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ទណ្ឌកម្ម​លើ​អង្គភាព​ដែល​ជំរុញ​ឱ្យ​មាន​ការ​គាប​សង្កត់​លើ​ប្រជាពលរដ្ឋ»។

អូស្រ្តាលី​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​បុគ្គល​អ៊ីរ៉ង់ «ដែល​គាប​សង្កត់​លើ​ស្រ្តី​និង​កុមារី» ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មន្រ្តី​ប៉ូលិស​ជាន់ខ្ពស់ មន្រ្តី​ទទួល​បន្ទុក​លើ​ការ​ត្រួត​ពិនិត្យ​ការ​ផ្សព្វផ្សាយ និង​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់​ផង​ដែរ។ វា​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ចាប់តាំង​ពី​ការ​ស្លាប់​របស់​ស្រ្តី​ឈ្មោះ Mahsa Amini បាន​បង្ក​ឱ្យ​មាន​បាតុកម្ម​តវ៉ា​ជា​សាកល​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​ចំនួន ៣ លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ចាប់តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០២២ មក ប៉ុន្តែ​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី​អ្នកស្រី Penny Wong បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ថា ទណ្ឌកម្ម​ចុងក្រោយ​បង្អស់​និង​ការ​ដាក់​បម្រាម​លើ​ការ​ធ្វើ​ដំណើរ​នេះ​គឺ​សំដៅ​លើ «ពួក​ជន​ដែល​គាប​សង្កត់​លើ​ស្រ្តី​និង​កុមារី​នៅ​អ៊ីរ៉ង់»៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG