ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកញឹក ប៊ុនឆៃ​ ​ត្រូវ​រដ្ឋាភិបាល​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា​និង​ដកហូត​អាវុធ


ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ​ផ្តល់​បទសម្ភាសន៍ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​ដក​តំណែង​ និង​អាវុធ​របស់​លោក​នេះ​គឺ​ ធ្វើ​ឡើង​ភ្លាមៗ​ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ចោទ​ប្រកាន់​ថា​ លោក​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ក្នុង​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ដើម​ខែ​មិថុនា​នេះ។

អតីត​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​ធ្លាប់​ស្មោះត្រង់​នឹង​គណបក្ស​រាជានិយម​ហ៊្វុន ស៊ីនប៉ិច ​គឺ​ លោក​ ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ខ្លួន​ ដើម្បី​ប្រគល់​អាវុធ​ ​និង​ដកហូត​ក្រុម​អង្គរក្ស​ការពារ​ជា​បន្ទាន់​ ក្រោយ​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​បញ្ចប់​តំណែង​របស់​លោក​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​តាម​ការ​ស្នើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន។​

ការ​ដក​តំណែង​ និង​អាវុធ​របស់​លោក​នេះ​គឺ​ ធ្វើ​ឡើង​ភ្លាមៗ​ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ចោទ​ប្រកាន់​ថា​ លោក​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ក្នុង​ពេល​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ដើម​ខែ​មិថុនា​នេះ។​

នៅ​មុន​ការ​បោះឆ្នោត​នោះ​ ​លោក​ ញឹក ប៊ុនឆៃ​ ​បាន​ទូរស័ព្ទ​ទាក់ទង​លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ការស្នើ​ឲ្យ​អ្នក​គាំទ្រ​បក្ស​ខ្មែរ​រួបរួមជាតិ​បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​ នៅ​ក្នុង​ឃុំ​ដែល​បក្ស​ខ្មែរ​រួបរួម​ជាតិ​មិន​មាន​លទ្ធភាព​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

«គាត់​គ្រាន់​តែ​និយាយ​ជាមួយ​ខ្ញុំ​ គាត់​ថា​ គាត់​ឲ្យ​ឃុំ​ណា​ ដែល​អត់​មាន​បេក្ខជន​គាត់​ហ្នឹង​ អ្នក​ដែល​គាំ​ទ្រ​គាត់​ហ្នឹង​ ឲ្យ​បោះឆ្នោត​ឲ្យ​សង្គ្រោះជាតិ​ហ្នឹង​ហើយ​ ព្រោះ​ខ្ញុំ​វា​មិន​ចាប់​អារម្មណ៍​ ព្រោះ​ដោយ​សារ​បើ​គាត់​មាន​អ្នកគាំទ្រ​ គាត់​ដាក់​បេក្ខជន​បាន​ហើយ។​ ខ្ញុំ​វា​មាន​ទៅស្អី​ អាហ្នឹង ​ហ្នឹង។ បើគាត់​ដាក់​បេក្ខជន​របស់​គាត់​អត់​បាន​ផង​ តើ​គាត់​មាន​អ្នក​គាំទ្រ​ឯណា​ អាហ្នឹង​និយាយ​ឲ្យ​ស្រួល​ស្តាប់​ណ៎ា។​ ខ្ញុំៗ​ វា​អត់​ចាប់​អារម្មណ៍ អត់​យក​ចិត្ត​ទុកដាក់​រឿងហ្នឹង​ទេ​ណ៎ា»។

រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

ទោះ​ជា​មិន​មាន​ការ​ពិភាក្សា​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​ លោក​ អេង​ ឆៃអ៊ាង​ បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​ ស្វាគមន៍​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​មក​រួបរួម​ជាមួយ​គណបក្ស​ប្រឆាំង​ ដែល​ជា​គោល​ការណ៍​មួយ​របស់​គណបក្ស​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​ អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖​

​«គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​យើង​ចង់​រួបរួម​ខ្មែរ​អ្នក​សេ្នហា​ជាតិ​ អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​ហ្នឹង ហ្នឹង​ហើយ​ យើង​អត់​មាន​ អត់​មាន​បដិសេធ​ទេ​ ដែលថា​ គណ​បក្ស​ណា​ក៏ដោយ​ ដែល​ចង់​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​យើង​ស្វាគមន៍»។

គេ​សង្កេត​ឃើញ​ថា ​ក្រោយ​ពេល​លោក​ ​ញឹក ប៊ុនឆៃ​ ​ទាក់ទង​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដូច្នេះ​ ​លោក​ ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​គេ​ដកហូត​មុខ​តំណែង​និង​អាវុធ​ ព្រម​ទាំង​អង្គរក្ស​ការពារ​ផងដែរ។

យោងតាម​លិខិត​កោះ​អញ្ជើញ​លោក​ ​ញឹក ប៊ុនឆៃ​ ​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ជួន សុវណ្ណ​ ​ស្នងការ​ក្រុង​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​៧​ ​ខែមិថុនា​ ឆ្នាំ​ ២០១៧​ ឱ្យ​ដឹង​ថា​ ​លោក​ ​ញឹក ប៊ុនឆៃ​ ​បាន​ទៅ​បំភ្លឺ​នៅ​សាលា​ខេត្ត​បន្ទាយ​មានជ័យ​ ​ថា​ ​លោក​មាន​អាវុធខ្លី​ចំនួន​ ​១០​ដើម​ និង​អាវុធ​វែង​ចំនួន​១៦ដើម។​

លិខិត​ដដែល​ ​ដែល​ VOA ​ទទួល​ ​បាន​រៀបរាប់​ថា​ លោក​ ញឹក ប៊ុនឆៃ​ ​បាន​ប្រគល់​ជូន​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចំនួន​១០ដើម​ និង​បាន​ប្រគល់​អាវុធ​វែង​មួយ​ដើម​ ជូន​លោក​ ​ចៅ ភិរុណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ក្រសួង​ការពារជាតិ ​រួចរាល់​ហើយ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ជួន សុវណ្ណ​ ​បាន​ក៏​បញ្ជាក់​ក្នុង​លិខិត​ដដែល​ថា​ លោក​ ញឹក ប៊ុនឆៃ​ ​ត្រូវ​ប្រគល់​អាវុធ​ ចំនួន​១៥ដើម​ផ្សេងទៀត​ ​នៅ​ពេល​លោក​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

VOA​ ​មិន​អាច​ទាក់​ទង​លោក​ ជួន សុវណ្ណ​ បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ដោយ​ទូរស័ព្ទលោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​ VOA ​ក៏​ពុំអាច​ទាក់ទង​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ដើម្បី​សុំ​ក្តី​អធិប្បាយ​ផង​ដែរ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
ស្នាក់ការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​កោះហៅ​លោក​ ញឹក ប៊ុនឆៃ​ កើត​មាន​ឡើង​ ក្រោយ​អតីត​មេទ័ព​ស្មោះស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ រូប​នេះ​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​នរោត្តម​ សីហមុនី ​បញ្ចប់​តំណែង​លោក​ ញឹក ប៊ុនឆៃ​ ពី​ទីប្រក្សា​ប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋមន្ត្រី។ ព្រះរាជក្រិត្យ​របស់​ព្រះ​បាទសម្តេច​នរោត្តម​ សីហមុនី ​ចុះ​ព្រះហស្ថ​លេខា​ថ្ងៃទី៥​ ខែ​មិថុនា​ មិន​បាន​ផ្តល់​ហេតុផល​នៃ​ការ​បញ្ចប់​តំណែង​នេះ​ទេ។​

VOA​ ​ព្យាយាម​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ ញឹក​ ប៊ុនឆៃ​ នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​។ ឯលោក​ ទុំ សំបុល​ អតីត​មន្ត្រី​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ក៏​មិន​អាច​បញ្ជាក់​បាន​អំពី​ព័ត៌មាន​ដែល​ថា​ លោក​ ញឹក​ ប៊ុន​ឆៃ​ ប្រុង​រំលាយ​បក្ស​របស់​លោក​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ។​

យ៉ាងណា​ក៏​ដោយ​ ថ្លែងប្រាប់​ ​VOA ​កាលពី​សប្តាហ៍​មុន​ ​ក្រោយ​ការ​ដកហូត​តំណែង​របស់​លោក លោក​ ញឹក ប៊ុនឆៃ​ ថា ​លោក​មិនមាន​គំនិត​ក្នុង​ចូលរួម​ជា​មួយ​គណបក្ស​ជំទាស់​នោះ​ទេ ​ហើយ​នោះ​គ្រាន់​តែ​ជា​ការ​ភាន់​ច្រឡំ​តែ​ប៉ុណ្ណោះ។​ ​លោក​ ញឹក ប៊ុនឆៃ​ក៏​បាន​ឱ្យ​ VOA ដឹង​ផង​ដែរ​ថា​ មានការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់អាវុធ​ព័ទ្ធ​ផ្ទះ​លោក​ ​ក្នុង​សង្កាត់​ជ្រោយចង្វារ​រយៈពេល​បី​ថ្ងៃ​ផង​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​ទី៣​ ​រហូតដល់​ល្ងាច​ថ្ងៃ​ទី៦​ ​ដោយ​មាន​កម្លាំង​ប៉ូលិស​ កង​រាជ​អាវុធហត្ថ​ និង​ទាហាន​ជាដើម ​ ​ក៏​ប៉ុន្តែ​លោក​មិន​បាន​រៀបរាប់​លម្អិត​ពី​ហេតុការណ៍​នោះ​ទេ។​

លោក​ ​ញឹក ប៊ុនឆៃ​ ធ្លាប់​ដឹកនាំ​កម្លំាងទ័ព​ដែល​ស្មោះត្រង់​នឹង​គណ​បក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាលពី​ឆ្នាំ​ ១៩៩៧​ ​ដែល​គេ​ពណ៌នា​ថា​ ជា​រដ្ឋ​ប្រហារ​យោធា​កណ្តាលក្រុង​ភ្នំពេញ។​ ឧត្តមសេនីយ៍​ និង​ពលទាហាន​ជាច្រើននាក់​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បានស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ហើយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ ​ក៏​បាត់បង់​តំណែង​ជា​សហ​នាយក​រដ្ឋ​មន្ត្រី​ទីមួយ​ ខណៈដែល​ លោក​ ហ៊ុន សែន​ បានបន្ត​កាន់​តំណែង​ជា​សហ​នាយករដ្ឋ​មន្ត្រី​ទីពីរ។​

លោក​ ​មាស​ នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ ប្រសិន​បើ​លោក​ ​ញឹក ប៊ុនឆៃ​ ចង់​ចូលរួម​ក្នុង​នាម​ជា​បុគ្គល​ឯករាជ្យ​ ដែល​មិន​រណប​នឹង​បក្ស​នយោបាយ​ណា​ផ្សេង​ ជា​ពិសេស​នោះ​គឺ​បក្ស​ប្រជាជន​កម្ពុជា។​

អ្នកវិភាគ​រូប​នេះ​ពន្យល់​ថា​ លោក​ ញឹក ប៊ុនឆៃ​ ​គួរ​លាឈប់​ពី​ប្រធាន​គណ​បក្ស​ខ្មែរ​រួបរួមជាតិ​ ​ដើម្បី​បញ្ចៀស​ការ​ចោទប្រកាន់​ដែល​អាច​ធ្វើ​មក​លើ​បក្ស​ប្រឆាំង​ ថា​កំពុង​គៀគរ​ កម្លាំង​ជា​អតីត​កងទ័ព។ លោក មាស នី​ ​ថា ​ការ​ចូល​រួម​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ក្នុង​បក្ស​ប្រឆាំង​ អាច​ជា​គ្រោះ​កាច​មួយ​ដល់​បក្ស​ប្រឆាំង​ ដែល​បាន​បន្ត​កើន​សំឡេង​ក្នុងការ​បោះឆ្នោត​ពីរ​លើក​ចុងក្រោយនៅ​ឆ្នាំ​២០១៣​ សម្រាប់​ការ​បោះឆ្នោត​ជាតិ និង​ឆ្នាំ​ ២០១៧​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។​

«បើ​សិន​ជា​គណបក្ស​រួបរួម​ជាតិ​នេះ​ ជា​គណបក្ស​មួយ​ដែល​មាន​ឯករាជ្យ​ពិតប្រាកដ​ ប៉ុន្តែ​គាត់​ដើរ​ចូល​ទៅ​ក្នុង​សង្គ្រោះ​ជាតិ​ ដោយ​មាន​វត្តមាន​ឯកឧត្តម ​ញឹក​ ប៊ុនឆៃ​ ក្នុងហ្នឹង​ផង។​ ​វានឹង​អាច​នាំ​គ្រោះ​មក​ឲ្យ​សង្គ្រោះ​ជាតិ​ ដោយ​គណបក្ស​ប្រជាជន​អាច​ចោទប្រកាន់​ថា​ គណបក្ស​សង្គ្រោះជាតិ​ កំពុង​តែ​ធ្វើការ​គៀងគរ​កម្លាំង​ដែល​មាន​កង​ទ័ព​នៅ​ពីក្រោយ​ខ្នង។ ​អីចឹង​ទៅ​ ហើយ​វា​ងាយស្រួល​នៅ​ក្នុង​ការ​រុញ​ឲ្យ​ស្ថានភាព​វាចូល​ទៅ​ដូច​ឆ្នាំ​ ១៩៩៧ ទៀត»។​

លោក​ ញឹក ប៊ុនឆៃ​ ​ត្រូវគេ​ដឹង​ថា​ ធ្លាប់​បាន​បំបែក​ភាពទាល់​ច្រក​ខាង​នយោបាយ​ កាលពី​ជាង​ ១០​ឆ្នាំ​មុន​ ក្នុង​នាម​លោក​ ជា​អនុប្រធាន​សភា​ទីពីរ​ ហើយ​ក្នុង​គ្រា​ដែល​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច​បាន​បន្ត​បាត់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ៕

(លោក​ សុខ ខេមរា នៃ VOA រាយការណ៍​បន្ថែម​)

XS
SM
MD
LG