អង្គការសហប្រជាជាតិបានតែងតាំងអ្នកស្រី មីស្យែល បាស្យេឡេ (Michelle Bachelet) ជាឧត្តមស្នងការសិទ្ធិមនុស្សជំនួសលោក ហ្សេអ៊ីដ រ៉ាអាដ អាល់ហ៊ូសសេន ដែលអាណត្តិរបស់លោកនឹងបញ្ចប់ទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា (OHCHR)។
តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែសីហា និងដែល VOA បានទទួលកាលពីល្ងាចថ្ងៃចន្ទ ឲ្យដឹងថា ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកហ្សេអ៊ីដ រ៉ាអាដ អាល់ហ៊ូសសេន (Zeid Ra’ad Al Hussein) បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការជ្រើសរើសអ្នកស្រី មីស្យែល ឲ្យជំនួសរូបលោក។ ការតែងតាំងអ្នកស្រី មីស្យែល ត្រូវបានធ្វើឡើង ដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
លោក ហ្សេអ៊ីដ រ៉ាអាដ អាល់ហ៊ូសសេន ត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះការតែងតាំងលោកស្រី មីស្យែល បាស្យេឡេ ជាឧត្តមស្នងការថ្មីរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សថ្មី»។
លោកបានបន្ថែមថា៖
«លោកស្រីមានគុណសម្បត្តិគ្រប់សព្វទាំងអស់ ដូចជាភាពក្លាហាន ការតាំងចិត្តខ្ពស់ បំណងប្រាថា្ន និងឆន្ទៈមោះមុត ចំពោះសិទ្ធិមនុស្សដែលនឹងធ្វើឲ្យអ្នកស្រីក្លាយជាឧត្តមស្នងការមួយរូបដ៏ជោគជ័យ។ ការិយាល័យសិទ្ធិមនុស្សអ.ស.ប ទន្ទឹងរង់ចាំទទួលស្វាគមន៍លោកស្រី និងបំពេញការងារក្រោមការដឹកនាំ របស់លោកស្រី នៅក្នុងភារកិច្ចលើកស្ទួយ និងការពារសិទ្ធិមនុស្សទាំងអស់សម្រាប់ជនគ្រប់រូប និងនៅគ្រប់ទីកន្លែង»។
លោក ហ្សេអ៊ីដ រ៉ាអាដ អាល់ហ៊ូសសេន ប្រធានឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលនឹងចាកចេញទៅ ធ្លាប់បានបង្ហាញពីក្តីបារម្ភជាបន្តបន្ទាប់អំពីការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ការរំលាយចោលគណបក្សប្រឆាំង និងចុងក្រោយនេះ គឺការបោះឆ្នោត ដែលរងការរិះគន់ពីប្រទេសនៅបស្ចិមលោក និងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិថា ជាការបោះឆ្នោតក្លែងក្លាយក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ និងអាចធ្វើឲ្យពលរដ្ឋខ្មែរជួបផលវិបាកបន្ថែមទៀត នៅពេលខាងមុខ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក យល់ថា អ្នកមកកាន់តួនាទីជាប្រធានសិទ្ធិមនុស្សថ្មី របស់អ.ស.បនេះ នឹងបន្តឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដូចអ្នកដែលកាន់តួនាទីចាស់នោះដែរ។ ក៏ប៉ុន្តែលោកបារម្ភថា រដ្ឋាភិបាលកម្ពុជា នៅតែមិនទទួលយកមតិរិះគន់ឬអនុសាសន៍នានាដើម្បីឲ្យធ្វើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈប្រសើរឡើងវិញ។
«យើងគិតថា កិច្ចការងារ ឬក៏តួនាទីរបស់អង្គការសហប្រជាជាតិ គឺគេមានគោលនយោបាយក្នុងការអនុវត្តហ្នឹង គឺដូចៗគ្នាទេ។ សំខាន់គឺ រដ្ឋាភិបាលទេ ដែលជាអ្នកប្រទេសសាមីហ្នឹងទទួលយក អ្នកដែលគាត់បានដាក់មកហ្នឹង ទទួលយកនូវអនុសាសន៍ ដែលគេបានរកឃើញហ្នឹង ឬអត់។ អាហ្នឹងគឺជាចំណុចដែលសំខាន់បាទ»។
ក្នុងពេលមានការផ្លាស់ប្តូរអ្នកកាន់ការងារសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនេះ ប្រទេសកម្ពុជា ក៏ត្រូវបានអ្នកសង្កេតការណ៍សិទ្ធិមនុស្សអន្តរជាតិ អះអាងថា កំពុងឈានទៅរករបបដឹកនាំប្រទេសដោយមានគណបក្សតែមួយ បន្ទាប់ពីការបោះឆ្នោតមួយ ដែលមិនមានវត្តមានគណបក្សប្រឆាំងសំខាន់មួយគឺគណបក្សសង្គ្រោះជាតិ។
តាមលទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងនាំមុខគណបក្សនយោបាយនានាដែលបានចូលរួមការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោកស៊ឹង សែនករុណា ថ្លែងថា បញ្ហាសង្គមជាច្រើនអាចនឹងត្រូវបានគេមិនអើពើ ពេលដែលសំឡេងប្រឆាំងត្រូវបានគេលុបបំបាត់ចោលនៅសភាជាតិនោះ។
«សភាយើងឃើញហើយ សភាកន្លងមក មានការលើកឡើងបញ្ហាហ្នឹងផង នៅតែមិនមានការដោះស្រាយ។ ចុះទម្រាំ មានសភាតែបក្សតែមួយនោះ ហើយគ្មានជំទាស់ គ្មានអ្នកហ៊ាន បញ្ចេញមតិយោបល់ក្នុងសភា តើមានបញ្ហាអីខ្លះដែលគេត្រូវបានលើកទៅជជែក លើករកដំណោះស្រាយក្រៅពីការលើកបញ្ហាហើយ លើករឿងរ៉ាវទាំងអស់ហ្នឹងហើយ គឺមានការឯកភាពដោយគ្មានការជជែកដេញដោលហ្នឹង»។
សេចក្តីប្រកាសដែលចេញផ្សាយដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ឲ្យដឹងបន្តថា អ្នកស្រី បាស្យេឡេ ទើបបញ្ចប់ការងារជាប្រធានាធិបតីនៃប្រទេសស៊ីលី (ពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១០ និងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨)។
អ្នកស្រីគឺជានាយកប្រតិបត្តិដំបូងគេបង្អស់របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN-women) នៅក្នុងរយៈពេលពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៣។ អ្នកស្រីក៏ធ្លាប់បម្រើការងារជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។ អាណត្តិតំណែងរបស់អ្នកស្រីជាឧត្តមស្នងការទី៧ នឹងមានរយៈពេល៤ឆ្នាំ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច មានប្រសាសន៍ប្រាប់ VOA ថា ការផ្លាស់ប្តូរតំណែងរបស់មន្ត្រីអង្គការសហប្រជាជាតិ គឺជានីតិវិធីសាមញ្ញមួយរបស់អង្គការសហប្រជាជាតិ។ លោកថា រដ្ឋាភិបាលប្រទេសកម្ពុជា នឹងដើរតាមគោលការណ៍ដែលកំណត់ដោយរដ្ឋាភិបាល ពោលគឺរដ្ឋាភិបាល នៅលើកដម្កើងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សដដែល។
«ទោះបីថា អង្គការសហប្រជាជាតិ លោកផ្លាស់ប្តូរមន្ត្រីណាក៏ដោយ ក៏គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា មិនប្រែប្រួលទៅតាមសមាសភាពមន្ត្រី ដែលបានផ្លាស់ប្តូរនោះទេបាទ»។
នៅពេល VOA សួរលោថា តើនឹងមានសំឡេងពហុបក្សយ៉ាងដូចម្តេចបើមានតែគណបក្សប្រជាជនក្នុងសភាជាតិនោះ លោកសុខ ឥសានមានប្រសាសន៍ថា៖
«បានសេចក្តីថា ប្រជាធិបតេយ្យនៅកម្ពុជា វាអាស្រ័យទៅលើប្រជាជនកម្ពុជា។ បានសេចក្តីថា យើងមើលឃើញហើយថា ប្រជាពលរដ្ឋកម្ពុជាមិនត្រូវការ អតីតបក្សប្រឆាំង ដែលគេហៅថា កំពុងតែមានសក្តានុពល ឬបានមានសក្តានុពលទេ ពីព្រោះមិនបានបម្រើផលប្រយោជន៍អីដល់ប្រទេសជាតិ និងប្រជាជនទេ។ វាមានតែធ្វើយកជើងរាទឹក ហើយធ្វើឧបសគ្គនានា ដល់ការរីកចម្រើនរបស់ប្រទេសជាតិ»។
លោកហ្សេអ៊ីដ រ៉ាអាដ អាល់ហ៊ូសសេន ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចូលកាន់តំណែងតាំងពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៤។ ក្នុងពេលបំពេញតួនាទីរបស់លោកជាឧត្តមស្នងការអង្គការសហប្រជាជាតិ មន្ត្រីសិទ្ធិមនុស្សរូបនេះ តែងតែបានបង្ហាញពីក្តីបារម្ភរបស់លោក ពាក់ព័ន្ធនឹងដំណើរធាក់ថយក្រោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅពេលរដ្ឋាភិបាលប្រទេសនេះត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា បានបើកយុទ្ធនាការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រុមអង្គការសង្គមស៊ីវិល និងការរំលាយចោលគណបក្សប្រឆាំង កាលពីឆ្នាំ២០១៧ ដែលបានធ្វើឲ្យគណបក្សនេះ បាត់ពីបញ្ជីឈ្មោះក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅ៕