គំរូទំនើបផ្លូវសូត្របុរាណរបស់ប្រទេសចិន អាចនាំប្រាក់ជាង១លានលានដុល្លារសម្រាប់ការវិនិយោគទុនហេដ្ឋារចនាសម្ព័ន្ធផ្លូវពាណិជ្ជកម្មដែលកាត់តាមទីផ្សារកំពុងងើបឡើងនៅក្នុងប្រទេសរាប់សិបទូទាំងតំបន់អាស៊ី អាហ្វ្រិក និងអឺរ៉ុប។
ផ្លូវពាណិជ្ជកម្មហៅថា«ខ្សែក្រវាត់មួយ ផ្លូវមួយ»ឬ(OBOR)លាតសន្ធឹងពីប្រទេសចិនទៅដល់ទីក្រុងឡុងដ៍ ហើយទៅដល់ទ្វីបអាហ្វ្រិក មានបំណងធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ចិនហើយនឹងប្រទេសជាច្រើននៅតាមបណ្តោយផ្លូវពាណិជ្ជកម្មនោះ ដោយការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួលឡើងនិងមានការចំណាយតោច។
ប៉ុន្តែ រហូតមកទល់ពេលនេះ ផ្លូវ ផ្លូវរទេះភ្លើង បំពង់បង្ហូរប្រេង កំពង់ផែ ទូរគមនាគមន៍ ហើយនឹងគម្រោងផ្សេងៗទៀតផ្តល់ឱកាសដ៏សំខាន់ដល់ក្រុមហ៊ុនចិននិងមិនផ្តល់ឱកាសច្រើនសម្រាប់ក្រុមហ៊ុនមកពីខាងក្រៅទេ។
លោក Derek Scissors អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន American Enterprise និយាយថា «ចិននឹងទទួលបានគម្រោងសំខាន់ៗទាំងនោះស្ទើរតែទាំងអស់»។
លោក Tom Miller អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «សុបិន្តអាស៊ីរបស់ចិន៖ ការស្ថាបនាចក្រភពនៅតាមបណ្តោយផ្លូវសូត្រថ្មី» និយាយថា ធនាគារចិនកំពុងផ្តល់ហិរញ្ញវត្ថុដល់ការងារទាំងនោះភាគច្រើនដោយមានគោលដៅនាំចេញបច្ចេកវិទ្យារបស់ចិននិងបង្កើតតម្រូវការថ្មីសម្រាប់ផលិតផលចិន។ លោក Miller មានប្រសាសន៍ទៀតថា ប្រទេសនានាដែលប្រើប្រាស់បច្ចេកវិទ្យាចិនទំនងកាន់តែខ្លាំងឡើងនឹងទិញផលិតផលចិននៅពេលអនាគត ហើយនឹងធ្វើការដើម្បីជំរុញឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Lourdes Casanova នៃសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិកជាអ្នកជំនាញការខាងទីផ្សាររបស់ប្រទេសមានសេដ្ឋកិច្ចកំពុងងើបឡើងនិយាយថា ចិនកំពុងប្រើប្រាស់ការវិនិយោគទុនទាំងនោះដើម្បីឲ្យបានសម្រេចអំណាចយុទ្ធសាស្រ្តនោះ៕