មេដឹកនាំប្រទេសហ្វីលីពីន លោក Rodrigo Duterte ថ្លែងថា ប្រធានាធីបតីចិន លោក ស៊ី ជីនពីង បានគំរាមធ្វើសង្គ្រាម ប្រសិនបើហ្វីលីពីនចាប់ផ្តើមខួងយកប្រេងនៅក្នុងផ្នែកមួយនៃដែនសមុទ្រដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។
លោកប្រធានាធិបតី Duterte បានថ្លែងកាលពីថ្ងៃសុក្រនៅក្នុងទីក្រុងម៉ានីលថា លោក ស៊ី បានព្រមានដល់លោកយ៉ាងមុតមាំប៉ុន្តែបែបរាក់ទាក់ នៅពេលដែលពួកគេបានជួបគ្នានៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី៥ខែឧសភា។ ប្រមុខរដ្ឋហ្វីលីពីនរូបនេះបាននិយាយថា លោកបានប្រាប់ដល់លោក ស៊ី វិញថា ប្រទេសជាកោះរបស់លោក គ្រោងនឹងអនុវត្តសាលក្រមតុលាការអាជ្ញាកណ្តាលអន្តរជាតិ និងចាប់ផ្តើមស្វែងរកប្រេងនៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជាទ្រព្យសម្បត្តិរបស់ខ្លួនផ្តាច់មុខ។
លោក Duterte បាននិយាយថា លោកបានប្រាប់ដល់លោកប្រធានាធិបតីចិនថា «យើងគ្រោងនឹងខួងយកប្រេងនៅទីនោះ។ ប្រសិនបើវាជារបស់អ្នក នេះគឺគ្រាន់តែជាគំនិតរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែគំនិតរបស់ខ្ញុំគឺថា ខ្ញុំអាចខួងយកប្រេងបាន ប្រសិនបើមានប្រេងនៅក្នុងផែនដីនេះ ពីព្រោះវាជារបស់យើងទាំងអស់គ្នា។
សុន្ទរកថារបស់លោក Duterte កាលពីថ្ងៃសុក្រ ហាក់ដូចជាមានគោលបំណងបំបិទមាត់អ្នករិះគន់ក្នុងស្រុក ដែលបានចោទប្រកាន់លោកថាបរាជ័យក្នុងការដាក់សំពាធទៅលើជម្លោះដែនសមុទ្រ។
លោក Duterte បានបន្តទៀតថា «ការឆ្លើយតបរបស់គាត់មកលើរូបខ្ញុំគឺថា៖ យើងគឺជាមិត្តភក្តិ។ យើងមិនចង់បង្កជម្លោះជាមួយអ្នកនោះទេ។ យើងចង់រក្សាទំនាក់ទំនងកក់ក្តៅនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែប្រសិនបើអ្នកបង្ខំបញ្ហានេះ យើងនឹងមានសង្គ្រាម»៕