ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្រាប់​អ្នក​ខ្លះ​តុលាការ​ខ្មែរ​ក្រហ​ម​មិន​សូវ​មាន​ប្រយោជន៍

  • អ៊ឹម សុធារិទ្ធ

ពលរដ្ឋ​កម្ពុជា​តម្រង់​​ជួរ​នៅ​ច្រក​ចូល​សាល​សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​មុន​សវនាការ​កាត់​ទោស​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ខៀវ សំផន និង​ នួន ជា កាល​ពី​ថ្ងៃ​​ពុធ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៤។

សាលាក្តីខ្មែរ​ក្រហម​ដែល​ត្រូវ​បានគាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កំពុង​ប្រឈមនឹងការ​រិះគន់កាន់​តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​គិត​ថា​ សាលាក្តី​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។ ដំណើរការ​យឺ​តយ៉ាវ​នេះ​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​អ្នករស់រាន​មាន​ជីវិតពី​របប​ខ្មែរ​ក្រហម​។ រហូត​មក​ដល់​ពេល​នេះ​មាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​គឺ​សមមិត្ត​ឌុចត្រូវ​បាន​ប្រកាស​សាលក្រម​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ ហើយ​នៅ​សល់​តែ​មេដឹកនាំ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវទទួល​ការកាត់​ទោស។ ជន​ជាប់​ចោទ​ពីរ​នាក់​នោះគឺ នួន ជា មេ​មនោគមន៍​វិជ្ជានៃ​របប​ខ្មែរក្រហម និង​អតី​ត​ប្រមុខរដ្ឋ​ ខៀវ សំផន។ ខណៈ​ដំណើរ​ការ​សាលាក្តី​កំពុង​បង្កើន​ល្បឿន​ទៅ​កាន់​គោលដៅ​ចុង​ក្រោយ​របស់​ខ្លួន សាលាក្តីនេះ​រង​ការ​រិះគន់​ក៏​កាន់​តែ​កើន​ឡើង​ដែរ។

នួន​ ជា ដែល​មាន​អាយុ​៨៧ឆ្នាំ និង​ខៀវ​ សំផន​ អាយុ​៨២ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​បាន​ឆ្លង​កាត់​វគ្គទី​១​នៃ​ការ​កាត់​ទោស​ដែល​មាន​ពីរ​វគ្គ​ពី​បទ​ឧក្រិដ្ឋកម្ម​នៃ​របប​ដែលខ្លួនកាន់​កាប់។ សាលក្រម​នៃ​វគ្គ​ទី​១​ត្រូវ​បាន​រំពឹង​ថានឹង​ត្រូវ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​សវនាការ​បឋម​នៃវគ្គ​ទី២​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៣០​ខែ​កក្កដា​នេះ។

អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពី​ការ​កាត់​ក្តី​នេះ​ត្រូវ​បាន​បញ្ចប់​ គឺ​មិន​ទាន់​មាន​នរណា​ដឹង​នៅ​ឡើយ ហើយ​អ្នក​ឃ្លាំមើល​ព្យាករណ៍​ថា វា​ជា​ទី​បញ្ចប់​នៃ​តុលាការ​កូន​កាត់​មួយ​នេះ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​ការ​រិះគន់​នានា​ពី​បទ​គ្រប់គ្រង​មិន​ល្អ​អំពើ​ពុករលួយ​ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ចាប់​តាំង​ពី​តុលាការ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៦។

ខែ្មរ​អាមេរិកាំង​ លោក ស៊ីវ ស៊ីចាន់ អតីត​ឯអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ថា តុលាការ​នេះ​បរាជ័យ​ក្នុង​ការ​រកយុត្តិធម៌​ឲ្យជនរងគ្រោះ​នៃ​របបខ្មែរ​ក្រហម។ លោក​ថា តុលាការ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ជា​ថវិកា​ភាគច្រើន​ដោយ​អន្តរជាតិ​នេះ​ក្លាយ​ជា​ «និមិត្តរូប​នៃ​អយុត្តិធម៌» និង​ជា​ «ការ​ទះ​កំភ្លៀង​ជនរងគ្រោះ»។ លោក ស៊ីចាន់​ មាន​ប្រសាសន៍​ថា តុលាការ​គួរ​មាន​ការ​កាត់​ទោស​ប្រហារជីវិត​មេដឹកនាំ​នៃ​របប​ដ៏​សែន​យង់​ឃ្នង​មួយ​នេះ។

«ប្រសិន​បើ​គេ​សម្លាប់​ម្តាយ​ខ្ញុំ មិត្តភក្តិខ្ញុំ ញាតិ​ជិតខាង​ខ្ញុំ ប្រជាពលរដ្ឋ​ខ្ញុំ​ជិត​២លាន​នាក់ ខ្ញុំ​ចង់​ឃើញ​គេ​ស្លាប់។ ប្រសិន​បើ​គ្មាន​ទោស​ប្រហារ​ជីវិត​ទេ​នោះ ​នឹង​គ្មាន​យុត្តិធម៌​ទេ​សម្រាប់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ»។

ប៉ុន្តែ​លោក​បណ្ឌិត​ ក្រេក អេតចេសាន់ (Craig Etcheson) អតីត​អ្នក​ស៊ើប​អង្កេត​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​នា​ពេល​ថ្មីៗ​នេះ​ថា ទោស​ប្រហារ​ជីវិត​មិន​អាច​ទៅរួច​ទេ។

«អ្នក​ដែល​ចង់​ឃើញ​ទោសប្រហារ​ជីវិតដាក់​ចេញ​ដោយ​សាលាក្តី​ខ្មែរ​ក្រហម គួរ​ផ្តោត​លើ​កិច្ច​ប្រឹង​ប្រែង​របស់​គេ​លើ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​រារាំង​មិន​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នេះ»។

ឌុច ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ដោយសារតួនាទី​របស់​គាត់​ជា​អ្នក​គ្រប់​គ្រង​មន្ទីរឃុំឃាំង​ទួលស្លែង ជា​ទី​ដែល​សួរ​ចម្លើយអ្នក​ដែល​ត្រូវ​បាន​ចោទ​ថា​ខ្មាំង​របស់​អង្គការ ​ដោយ​ធ្វើ​ទារុណកម្ម​ឲ្យ​សារភាព​ហើយ​ក្រោយ​មក​សម្លាប់​ចោល។ មេដឹកនាំ​ជរា​ពីរ​នាក់​ទៀត​គឺ​ អៀង សារី​ និង​អៀង ធីរិទ្ធ មិន​ត្រូវ​បាន​កាត់​ទោស​ទេ​ដោយសារ​ អៀង សារី ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​របប​នេះ​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​សាលាក្តី ហើយ​ប្រពន្ធ​របស់​គាត់ អៀង ធីរិទ្ធ ដែល​ជា​អតីត​រដ្ឋមន្រ្តី​សង្គមកិច្ច​ត្រូវ​បាន​រកឃើញ​ថា​មាន​ជំងឺ​ខួរក្បាល​វង្វេង​វង្វាន់​មិន​អាច​កាត់​ទោស​បាន។

ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត គឺ​បណ្ឌិត អ៊ា សុផល ជា​សាស្រ្តាចារ្យ និងជាអ្នក​និពន្ធ​ មាន​ប្រសាសន៍​ថា សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​ឲ្យ​មនុស្សជាច្រើ​ន​អស់សង្ឃឹម​ដោយ​សារ​ដំណើរ​ការ​យឺត​យ៉ាវ​របស់​សាលាក្តីនេះ។ ទោស​របស់​ឌុច ដំបូង​គឺ​ជាប់​គុក​ចំនួន​៣០ឆ្នាំ​រួច​ចញ្ចុះ​មក​ត្រឹម​១៩​ឆ្នាំ ដែល​ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ទោះ​បី​ជា​ក្រោយ​មក​សាលាក្តី​សម្រេច​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​ដោយ។ បណ្ឌិត​ អ៊ា​ សុផល​ បន្ត​ថា ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ អំពើ​ពុករលួយ ក្លាយ​ជា​ផ្នែក​នៃ​ដំណើរ​ការ​តុលាការ​នេះ ដែល​នាំ​ឲ្យមាន​ការ​អស់​សង្ឃឹម​ សូម្បី​តែ​នៅ​ក្នុង​រឿងក្តី​របស់​ឌុច។

«ខ្ញុំ​គិត​ថា គ្មាន​ជន​កម្ពុជា​ណា​ម្នាក់​ដែល​ប្រហែល​ជា​គិត​ថា ដំណើរ​ការ​នេះ​សមរម្យ និង​មាន​លទ្ធផល​ល្អ​នោះ​ទេ។ ពិត​ណាស់​ថា សហគមន៍​អន្តរជាតិ​យល់​ថា សាលាក្តី​នេះ​មាន​លទ្ធផល​ល្អ។ ដោយ​ហេតុ​ថា ទី​បំផុត​គាត់​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស។ ​ទីបំផុត​គាត់​ជាប់​គុក។ ប៉ុន្តែ​សម្រាប់​ជន​កម្ពុជា​ជា​ច្រើន​ ដំណើរការ​នេះ​ប្រៀប​បាន​ទៅ​នឹង​យក​អំបិល​ទៅ​ត្រដុស​លើ​ដំបៅ​អញ្ចឹង»។​

លោក ស៊ីវ ស៊ីចាន់ មាន​ប្រសាសន៍​ថា តុលាការ​នេះ​ប្រើ​ពេល​អស់​ច្រើន ហើយ​អស់​លុយ​ក៏​ច្រើន​ដែរ។

«សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​នេះ តើ​អ្នក​ចង់​ដឹង​ទេ​ថា ដោយ​ប្រើ​បា្រក់​ទាំង​នេះ អ្នក​អាច​បង្ហាត់​បាន​គ្រូ​ប៉ុន្មាន​នាក់ គ្រូ​ពេទ្យ​ប៉ុន្មាន​នាក់ សង់​បាន​សាលារៀន​ប៉ុន្មាន និង​មន្ទីរពេទ្យ​បាន​ប៉ុន្មាន? ការ​ដែល​ចាយ​លុយ​អស់​ប៉ុណ្ណឹង​ដើម្បី​នាំ​អ្នក​ទាំង​នោះ​ទៅ​តុលាការ​កាត់​ទោស​ដោយ​អយុត្តិធម៌នោះ​ គឺ​ជា​ការ​ខាត​បង់​ធនធាន​អត់​ប្រយោជន៍»។

ប៉ុន្តែ​លោក​បណ្ឌិត​ ក្រេក អេតចេសាន់ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា តុលាការ​ត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​រាប់​លាន​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ខ្មែរ​ក្រហម​ពេល​គេ​កាន់​អំណាច។

«គោល​ដៅ​ចម្បង​របស់​សាលាក្តី​ខ្មែរ​ក្រហម​គឺ​បង្ហាញ​ឲ្យ​ជន​កម្ពុជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដឹង​ថា តើ​ច្បាប់​មាន​ប្រសិទ្ធិភាព​យ៉ាង​ណា​នៅ​ក្នុង​បរិបទ​ត្រឹមត្រូវ។ ជន​ជាប់​ចោទ​មាន​សិទ្ធិ​ច្រើន​ ហើយ​គេ​ប្រើសិទ្ធិ​ទាំង​អស់​នេះ។ ដូច្នេះ​ត្រូវ​ការ​ពេល​ច្រើន​ណាស់»។

បណ្ឌិត​ អេចេសាន់​ បាន​មាន​ប្រសាសន៍​ថា សាលាក្តី​នេះ មួយ​ផ្នែក​គឺ​ជា​ការ​ពិសោធ​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​ថាតើ​ធ្វើ​យ៉ាង​ម៉េច​អាច​សម្រច​បាន​យុត្តិធម៌​អន្តរជាតិ​ដោយ​ប្រើ​លុយ​តិច។ បណ្ឌិត​ ក្រេក អេចេសាន់ ថា សាលាក្តី​ខ្មែរ​ក្រហម​ចំណាយ​លុយ​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំណាយ​នៃ​តុលាការ​អន្តរជាតិ​នានា។

«២រយលាន​ដុល្លារ​ហាក់​ដូច​ជា​ច្រើន​ណាស់​សម្រាប់​អ្នក និង​ខ្ញុំ ប៉ុន្តែ​ប្រសិន​បើ​អ្នក​គិត​អំពី​ជន​រងគ្រោះនៃ​របប​ប៉ុល ពត ជាង​២លាន​នាក់​ ​២រយលាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​តុលាការ​ខ្មែរ​ក្រហម​អាច​គិត​ទៅ​មាន​ន័យ​ថា ត្រូវ​ធ្វើ​វិនិយោគ​១០០​ដុល្លារ​សម្រាប់​ជន​រងគ្រោះម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ខ្មែរ​ក្រហម។ ខ្ញុំ​យល់​ថា ១០០​ដុល្លារ​សម្រាប់​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ម្នាក់មិន​ថ្លៃ​ពេក​ទេ»។

មក​ដល់​ពេល​នេះ​ សាលាក្តី​ខ្មែរ​ក្រហម​ចេញ​ដីកា​កោះ​ហៅ​បាន​តែ​ប្រាំ​ប៉ុណ្ណោះ​ ហើយ​ទី​បំផុត​កាត់​ទោស​តែ​បីនាក់។ បើ​ធ្វើ​ការ​ប្រៀប​ធៀប តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​យូហ្គោស្លាវី ចេញ​ដីកា​កោះហៅ​ចំនួន​១៦១ តុលាការ​នៅ​រវ៉ាន់ដា​ចេញ ដីកា​ចំនួន​៩៥ និង​តុលាការ​នៅ​សេរ៉ាលីអូន ចេញ​ដីកា​បាន​ចំនួន​២២៕

XS
SM
MD
LG