ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​អាស៊ាន​យឺតយ៉ាវ​ក្នុង​ការ​ជួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម

  • គង់ សុឋានរិទ្ធ

​កាលពី​ថ្ងៃ​ទី​៩​ខែ​កក្កដា​នេះ​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ផ្តល់​ថវិកា​ជំនួយ​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ភាគី​ជាតិ​ក្នុង​សាលា​ក្តី​ខ្មែរក្រហម។

អ្នក​ជំនាញផ្នែក​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជាបាន​ស្តី​បន្ទោស​ប្រទេស​ជា​សមា​ជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​ថា​អាស៊ាន​ថា​មិន​អើ​ពើ​ក្នុង​ការ​ចូលរួម​វិភាគ​ទាន​សម្រាប់​ដំណើរការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម។

​កាលពី​ថ្ងៃ​ទី​៩​ខែ​កក្កដា​នេះ​ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​ផ្តល់​ថវិកា​ជំនួយ​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ភាគី​ជាតិ​ក្នុង​សាលា​ក្តី​ខ្មែរក្រហម។ ​ជំនួយ​នេះ​ធ្វើ​ឲ្យ​មាន​ប្រទេស​សមាជិក​សមាគម​អាស៊ាន​តែ​ពីរ​ប៉ុណ្ណោះដែល​បាន​ផ្តល់​ថវិកា​តិច​តួច​ដល់​ការ​គាំទ្រ​ការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ក្នុង​នោះ​ប្រទេស​ថៃ​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ជាង​២ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ពេល​មុននេះ។

លោក​ ឆាំង​ យុ​ នាយក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ដោយ​ឯកសារនៃ​ឧក្រិដ្ឋកម្ម​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​យ៉ាងច្រើន។ លោក​មាន​ប្រសាសន៍​ថា​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ការ​រើស​អើង​ចំពោះ​អំពើ​ឧក្រិដ្ឋ​កម្ម​នៅ​កម្ពុជា​ដែល​បាន​កើត​ឡើង​កាល​ពី​៤០​ឆ្នាំ​មុន​នោះ​ហើយ​បណ្តា​ប្រទេស​សមា​ជិក​អាស៊ាន​មិន​បាន​គោរព​ពេញ​លេញ​ដល់សន្ធិ​សញ្ញា​សិទ្ធិមនុស្ស​ជា​សាកល​ព្រម​ទាំង ​«វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​អាស៊ាន​ចូល​ជា​ប្រជាជាតិ​តែ​មួយ​ដោយ​សារ​តែ​បើ​សិន​យើង​មិន​យល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ហើយ​យើង​នឹង​មានមនុស្ស​២លាន​នាក់​ស្លាប់​នៅ​ស្រុក​ខ្មែរ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ជា​តំបន់​របស់​យើងហើយ​អាស៊ាន​មិន​អើ​ពើ។​

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិតថា​ការ​ច្របាច់​បញ្ចូល​អាស៊ាន​តែ​ផ្នែក​សេដ្ឋ​កិច្ច​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​និង​មាន​ដំណើរ​ការ​ទៅ​មិន​រលូន»។

លោកឆាំង យុ ​យល់​ថា​បញ្ហា​ខ្មែរក្រហម​មិនមែន​អតីតកាល​ទេ​ប៉ុន្តែ​វា​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​បន្សល់​ទុក​នូវ​កេរិ៍​តំណែល​រហូត​ដល់​ពេល​បច្ចុប្បន្ន។

​«ប្រទេស​អាស៊ាន​មិន​មែន​មិនឃើញ​ទេ។​ប៉ុន្តែ​នៅ​កៀក​(ប្រទេសកម្ពុជា)​ហើយ​ឮ​ទៀត។ អញ្ចឹង​សំណួរ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​អាស៊ាន​មិន​ចូលរួម​(ក្នុង​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម)? ហេតុ​អ្វី​បាន​ជា​ចំណាយ​ពេល​ដប់​ឆ្នាំ​ទើប​តែ​មាន​ប្រទេស​ចំនួន​ពីរ?​(ផ្តល់វិភាគ​ទាន)។​មិន​មែន​ថា​បញ្ហាសិទ្ធិ​មនុស្ស​ជា​បញ្ហា​របស់​ពួកលោក​ខាង​លិច​ទេ។​អាស៊ាន​គួរ​តែ​បង្ហាញ​ជំហរ​ទទួល​ស្គាល់។​ហើយ​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​តុលាការ​គឺជា​សក្ខី​កម្ម​មួយ​ដែល​អាស៊ាន​បង្ហាញ​អំពី​ការ​ទទួល​ស្គាល់​រឿង​ដែល​បាន​កើត​ឡើង»។

​សាលាក្តី​ខ្មែរក្រហម​ចាប់​ផ្តើម​ដំណើរការ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០០៦​មក​ម្ល៉េះ​ពោល​គឺមានរយៈ​ពេល​ជាង​ប្រាំបី​ឆ្នាំហើយ។មាន​ជនជាប់​ចោទ​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០១​និង​សំណុំរឿង​០០២។​ប៉ុន្តែជនជាប់​ចោទ​ម្នាក់​គឺ​អៀង សារី ​បាន​ស្លាប់​នៅ​ពេល​ដែល​ការ​កាត់​ទោស​កំពុង​ដំណើរការ​និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ ​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយសារ​បញ្ហា​ជំងឺ​វង្វេង​វង្វាន់​ធ្ងន់​ធ្ងរ។​

​សាលាក្តី​ខ្មែរក្រហម​តែងតែ​ជួប​នូវ​ចំណោទ​ថវិកា​សម្រាប់​ដំណើរ​ការ​ជា​ប្រចាំ។​ប៉ុន្តែ​ប្រទេស​ដែល​ផ្តល់​វិភាគ​ទាន​គាំទ្រ​ដល់​ដំណើរ​ការ​កាត់​ទោស​នេះ​ភាគច្រើន​គឺជា​ប្រទេស​លោក​ខាងលិច​មាន​ដូចជា​បារាំង​ អូស្រ្តាលី ​អាល្លឺម៉ង់​ បារាំង ​សហរដ្ឋ​អាមេរិក ​ស៊ុយអែត ​និង​ប្រទេសជប៉ុនគឺជា​អ្នក​ផ្តល់​មូល​និធិ​ច្រើន​ជាងគេ​សម្រាប់​ការកាត់ទោស​អតីតមេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​និង​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ខ្មែរក្រហម។

លោកនេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ឲ្យដឹង​ថា​សាលាក្តី​ខ្មែរក្រហម​ធ្លាប់បាន​ធ្វើ​សំណើ​ដល់​ប្រទេស​ចំនួន​ប្រាំ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​ដប់។​ប្រទេស​ទាំង​ប្រាំ​នោះ​រួម​មាន​ប្រទេស​ថៃ ​សិង្ហបុរី ​ម៉ាឡេស៊ី ​ប្រ៊ុយណេ​និង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​បាន​បន្ថែម​ថា៖ «ការចូលរួម​គាំ​ទ្រ​ផ្នែក​ថវិកា​យើង​មិនសូវ​មាន​ច្រើន​ប៉ុន្មាន​ទេ។​ប៉ុន្តែ​ការ​គាំទ្រដល់​កម្លាំងចិត្ត​និងគាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត​មានចំនួន​ច្រើន»។

​លោក Muhsinin Dolisada​លេខាទី១នៃ​ស្ថាន​ទូត​ឥណ្ឌូណេស៊ី​លើក​ឡើង​ថា​រដ្ឋា​ភិបាល​របស់​លោក​កំពុង​ពិចារណា​អំពី​សំណើ​នេះ​ដែរ​ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី។

លោក​បញ្ជាក់​ថា៖​«បញ្ហា​នេះ​កំពុង​ស្ថិត​ក្រោម​ការពិចារណា​ហើយ​សាលាក្តី​ខ្មែរក្រហម​បាន​ស្នើ​ដល់​ប្រទេស​សមា​ជិក​អាស៊ាន​មួយ​ចំនួនឲ្យ​ចូល​រួម​ផ្តល់​វិភាគ​ទាន។ប្រហែលជា​ប្រទេស​មួយ​ចំនួន​កំពុង​តែ​ពិចារណាពី​ព្រោះ​ថាបញ្ហានេះ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ថវិកា​ វា​មិនមែន​ជា​ការងាយ​ក្នុង​ការ​ធ្វើ​សេចក្តី​ប្តេជ្ញា​ចិត្ត​នោះ​ទេ»។

​នៅពេល​ដែល​ប្រទេស​អាស៊ាន​ចំនួន​ពីរប៉ុណ្ណោះ​ទើប​តែបាន​ផ្តល់​នូវ​ប្រាក់ជំនួយ​ដល់​ដំណើរ​ការ​កាត់​ទោស​ខ្មែរក្រហម​បាន​ជាង​៧ម៉ឺន​ដុល្លារ​អាមេរិក​ សាលាក្តី​ខ្មែរក្រហម​បាន​ប្រើ​ប្រាស់​ថវិកា​ជំនួយ​អស់​ចំនួន​២០៤,៦​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើយ​ចាប់​តាំងពី​ដំណើរ​ការដំបូង​រហូត​ដល់ឆ្នាំ​២០១៣។​ក្នុង​នោះ​សហគមន៍​អន្តរជាតិ​បាន​ផ្តល់ជំនួយ​រហូត​ដល់​១៥៥​លាន​ដុល្លារ​អាមេរិក​និង​ភាគី​កម្ពុជា​ដែលជា​សមាជិក​អាស៊ាន​ផង​និង​ជា​ម្ចាស់​ប្រទេស​ផងបាន​ដាក់ទុន​វិភាគទាន​របស់​ខ្លួន​ចំនួន​៤៩,៥​លាន​ដុល្លារ។ ក្នុង​នោះ​ជប៉ុនបាន​ផ្តល់​ប្រាក់ជំនួយ​រហូត​ដល់៨០,៩លាន​ដុល្លារ​គឺ​ជា​ម្ចាស់​ជំនួយ​ធំជាង​គេ​បំផុត​សម្រាប់​សាលាក្តី​ខ្មែរក្រហម​និង​សហរដ្ឋ​អាមេរិក​ឈរ​នៅ​លំដាប់​លេខ​បី​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ដោយ​បាន​ផ្តល់​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ​ចំនួន​១៨,៦​លាន​ដុល្លារ។

លោកបណ្ឌិត ​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​និង​ជា​អ្នក​តាមដាន​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ក៏​បាន​កត់​សម្គាល់​ដូចគ្នា​ទៅ​នឹង​លោក​ឆាំង យុ​ដែរ។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​មាន​ប្រសាសន៍​ថា​ការ​កាត់ទោស​អតីតមេដឹកនាំ​ខ្មែរក្រហម​គឺ​ជា​ដំណើរ​ការ​យ៉ាង​រសើប​មួយ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ ហើយ​បញ្ហា​ខ្មែរក្រហម​គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ច្រើន​ជាង​បញ្ហា​អាស៊ាន​ទាំងមូល។ នេះ​បើ​ឈរ​លើ​គោល​ការណ៍​នៃគោល​នយោ​បាយ​របស់​អាស៊ាន។

អ្នកឃ្លាំមើល​តុលាការ​ដដែល​បាន​លើក​ឧទាហរណ៍នៃការ​ប្រយុទ្ធ​គ្នា​ដោយ​ទំនាស់​សាសនា​នៅ​ក្នុង​ប្រទេស​ភូមា​ដោយ​មានការព្យាបាទ​ជនជាតិ​ដើមភាគតិច​ រួម​ទាំង​ការបញ្ជូនពលករ​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃដោយ​បង្ខំ​ជាដើម ​រួមទាំង​អំពើ​ហិង្សា​នៅ​ប្រទេស​ឥណ្ឌូណេស៊ីពាក់ព័ន្ធ​នឹង​ការ​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង​សុទ្ធសឹង​មិន​មាន​ប្រទេស​សមាជិក​អាស៊ាន​ណាមួយ​បញ្ចេញ​ប្រតិកម្ម​នោះ​ទេ។

លោក​ឡៅ ម៉ុងហៃ​បាន​បន្ថែម​ថា៖ «រឿងនេះ​ពាក់​ព័ន្ធ​ជាទូទៅ​គឺ​សិទ្ធិមនុស្ស​ម្ល៉ោះ​ហើយ​នេះ​ជារឿង​រសើប​នៅ​ក្នុង​សមាគមន៍​នេះ។ ​ទី​២​គេ​មាន​គោលការណ៍​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​ប្រទេស​នានា។​ហើយ​គេ​ទុកថា​រឿង​នេះ​ជារឿង​ផ្ទៃ​ក្នុង​កម្ពុជា។ ​ម្ល៉ោះ​ហើយ​គេ​ទុក​ដូច្នេះ​ទៅ។

មន្ត្រីទូត​ជាច្រើន​ដូចជាមន្ត្រី​ទូត​ប្រ៊ុយណេ​ ទូតហ្វ៊ីលីពីន ​សិង្ហបុរី​និង​មន្ត្រី​ទូត​ម៉ាឡេស៊ី​ជាដើម​បាន​បដិសេធ​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​លើ​ការចូលរួម​វិភាគទាន​របស់​ប្រទេស​សមាជិក​អាស៊ាន​លើ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​នេះ៕

XS
SM
MD
LG