ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​មេ​គុក​ទួល​ស្លែង​អាច​នឹង​ទៅ​ឆ្លើយ​ក្នុង​សំណុំរឿង​០០២​វគ្គ​ពីរ

  • គង់ សុឋានរិទ្ធ

កាំង​ ហ្កិចអៀវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ផ្តល់​សក្ខីកម្ម​​ក្នុងការកាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី​១​ម្តង​ហើយ។ ​ក្នុង​ពេល​នោះ​ឌុច ​បាន​បង្ហាញ​ថា​នួន ជា ​ជា​អ្នក​មាន​អំណាច​ត្រួត​ពិនិត្យ​និង​ចាត់ចែង​លើ​គុក​ទួល​ស្លែង។

មន្ទីរ​សន្តិសុខ​ស២១ ​ឬ​គុក​ទួល​ស្លែង​នឹង​ត្រូវ​ដាក់ក្នុង​របៀប​វារៈ​នៃការ​កាត់​ទោស​សំណុំ​រឿង​០០២​វគ្គ​ទី​២​ដែល​គេរំពឹងថា​ ឌុច ​ដែល​ជា​អតីត​ប្រធាន​គុក​ដ៏​ប្រល័យ​នេះ​អាច​នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ផ្តល់​សក្ខីកម្ម​ជាថ្មី​ម្តង​ទៀត។

មាន​អ្នក​ទោស​គុក​ទួល​ស្លែង​យ៉ាង​តិច​១២.៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​និង​បន្ទាប់​មក​ត្រូវ​យក​ទៅ​សម្លាប់​ចោល​ក្នុង​នោះ​ក៏​មាន​ជនជាតិ​បរទេស​ផងដែរ។​

កាំង​ ហ្កិចអៀវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ធ្លាប់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ផ្តល់​សក្ខីកម្មក្នុងការកាត់​ទោស​សំណុំរឿង​០០២​វគ្គ​ទី​១​ម្តង​ហើយ។ ​ក្នុង​ពេល​នោះ​ឌុច ​បាន​បង្ហាញ​ថា​នួន ជា ​ជា​អ្នក​មាន​អំណាច​ត្រួត​ពិនិត្យ​និង​ចាត់ចែង​លើ​គុក​ទួល​ស្លែង។

នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​ខៀវ សំផន ​អតីត​ប្រមុខរដ្ឋ​គឺជា​ជនជាប់​ចោទ​តែ​ពីរ​នាក់​គត់​ដែល​កំពុង​ស្ថិត​ក្រោម​ការកាត់ទោស។

​លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ឲ្យដឹង​ថា​មន្ទីរ​សន្តិសុខ​ស ២១ ​ឬគុក​ទួល​ស្លែង​នេះ​ជា​មន្ទីរ​សន្តិសុខ​មួយ​ក្នុង​ចំណោម​មន្ទីរ​សន្តិសុខ​ចំនួន​បួន​ដែលស្ថិត​ក្នុង​វិសាល​ភាព​នៃ​ការ​កាត់​ទោស​សំណុំរឿង​ទី​២វគ្គ​ទី​២នេះ។

លោក​បន្ថែម​ថា៖

«ក្នុង​ករណី​ចាំបាច់​នៅ​ក្នុង​សំណុំរឿង​០០២​វគ្គ​២​នេះ​ឌុច​ អាច​នឹង​ត្រូវគេ​កោះ​ហៅ​មកផ្តល់​សក្ខី​កម្ម​បន្ថែម​ទៀត។ ​ក៏​ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ​អាស្រ័យ​ទៅ​លើ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​លោក​នឹង​ធ្វើ​ការ​ពិនិត្យ»។

យោង​តាម​អនុស្សារណៈ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​សាលា​ក្តី​ខ្មែរក្រហម​ ការិយាល័យ​សហព្រះរាជអាជ្ញា​បាន​ស្នើ​ឲ្យ​មាន​ការជំនុំ​ជម្រះ​លើ​មន្ទីរសន្តិសុខ​ចំនួន​បួន​គឺ​មន្ទីរ​សន្តិសុខ​ស ២១ ​មន្ទីរ​សន្តិសុខ​ក្រាំងតាំចាន់ ​មន្ទីរ​សន្តិសុខ​អូរកន្សែង​និង​មន្ទីរ​សន្តិសុខ​ភ្នំក្រោល។

មនុស្ស​ជាច្រើន​ម៉ឺននាក់​ត្រូវ​បាន​ចាប់​យក​មក​ដាក់​គុក​និង​សម្លាប់​ចោល​ក្នុង​គុក​ទាំង​បួន​នេះ។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​និង​ជា​អ្នក​តាមដាន​ដំណើរការ​កាត់ទោស​ខ្មែរក្រហម​យ៉ាង​យក​ចិត្ត​ទុកដាក់​មួយ​រូប​មាន​ប្រសាសន៍​ថា ​ការ​ដាក់​បរិបថ​គុកទួល​ស្លែង​និង​គុក​ដទៃ​ទៀត​ក្នុង​ការ​កាត់ទោស​ជំហាន​ទី២​នេះ​ជា​ការ​បំពេញ​បន្ថែម​ក្នុង​ការ​បើក​កកាយ​ភស្តុតាង​លើ​ឧក្រិដ្ឋកម្ម​កន្លង​មក។

«អ្នកសិក្សា​ស្រាវជ្រាវ​ គេ​ថា​អត់​គ្រប់​គ្រាន់​ទេ​ក្នុង​ការយក​តែ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​គុក​ទួល​ស្លែង​នេះ​ព្រោះ​ថា​នៅ​កន្លែង​ដទៃ​ឧ​ក្រិដ្ឋកម្ម​ក៏ច្រើន​និង​ឃោរឃៅ​ណាស់​ដែរ។​ដូច្នេះ​ជា​ការសមហេតុ​ផល​ហើយ​ដើម្បីឲ្យ​មាន​ភស្តុតាង​កាន់​តែ​ច្បាស់លាស់​ថែម​ទៀត​នូវ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​របស់​របប​ខ្មែរ​ក្រហម»។

ការកាត់ទោស​សំណុំរឿង​ទី២​វគ្គ​ទី​២​ត្រូវគេជឿ​ថា​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​ក្នុង​ដំណើរ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​កម្ពុជា​ដែល​ត្រូវ​បានសម្លាប់​និង​បាន​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

ហើយ​សវនាការ​បឋម​ដើម្បី​រៀប​ចំ​ការកាត់ទោស​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែកក្កដា​នេះ​ហើយ​គឺជា​សវនាការ​ដែល​នឹង​ផ្តោត​ការ​ពិភាក្សា​លើ​បញ្ហា​សំណង​សម្រាប់​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី បញ្ហា​អង្គច្បាប់​នានា​ និងការកំណត់​លំដាប់​នៃ​ដំណើរការ​នីតិវិធី​ជំនុំជម្រះ​ក្តី៕

XS
SM
MD
LG