ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រថយន្ត​​ Rolls Royce ​ចូល​ទី​ផ្សារ​នៅ​កម្ពុជា​ ជួប​ប្រតិកម្ម​ចម្រុះ


អ្នក​បង្ហាញ​ម៉ូដ​ឈរ​ថត​ក្បែរ​រថយន្ត Rolls-Royce Wraith មួយ​គ្រឿង​ក្នុង​អំឡុង​ពិធី​សម្ពោធ​ការ​បើក​លក់​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​ឧសភា ឆ្នាំ​២០១៤។
Rolls-Royce ​ដែល​ជា​ប្រភេទ​រថយន្ត​ដ៏​ថ្លៃ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក ​បានមក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ។​

ក្រុម​ហ៊ុន​ HGB​ Group​ Co., Ltd ​ដែល​ទទួល​សិទ្ធិ​នាំ​រថយន្ត​របស់​ប្រទេស​អង់គ្លេស​នេះ​ពី​ក្រុមហ៊ុន​ Rolls-Royce​ Moto​r Cars ចូល​មក​កម្ពុជា​ បាន​បើក​សម្ពោធ​ការ​លក់​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយ​មាន​រថយន្ត​ចំនួន​បួន​គ្រឿង​ដែល​មាន​ប្រភេទ​ផ្សេងៗ​គ្នា។​

រថ​យន្ត​ប្រភេទ​ Rolls-Royce ​នេះមាន​តម្លៃ​ទាប​បំផុត​ចាប់​ពី​៤៥​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ។​

លោក​ ប៉ូល​ ហារីស​ (Paul Harris) ​នាយក​ប្រចាំ​តំបន់​អាស៊ី​បាស៊ីហិ្វក​នៃ​ក្រុមហ៊ុន ​Rolls-Royce Moto​r Cars​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុននេះ​នាំ​ចូល​រថយន្តត្រឹម​តែ​បួន​ប្រភេទ​តែ​ប៉ុណ្ណោះ​សម្រាប់​ការ​ដាក់​តាំងលក់​នៅ​កម្ពុជា។​

ទោះជា​យ៉ាងណា​ ​រថយន្ត​ដ៏​ទំនើប​នេះ​ហាក់​ដូចជាបាន​បើក​ទ្វារ​លក់​ក្នុង​ខណៈ​ដែលជីវភាព​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជា​ទូទៅ​នៅ​មាន​កម្រិត​អន់​ថយ​នៅ​ឡើយ។​

ឆ្លើយ​តប​នឹង​កង្វល់​នេះ​ លោក​ ប៉ូល​ ហារីស​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Rolls-Royce​ Moto​r Cars ​បា​ន​កំណត់​គោល​ដៅ​អតិថិជនដែលជា​សហ​គ្រិនទទួល​បាន​ជោគជ័យ​ក្នុង​វិស័យជំនួញ​ និង​ក្រុម​អ្នក​មាន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ។

«កម្ពុជា​ជា​ប្រទេស​ ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័យ​ ហើយ​យើង​មាន​កិត្តិយស​ជា​ផ្នែក​មួយ​នៃ​ការ​រីកចម្រើន​នេះ។​ ជាមួយ​ដៃគូរបស់​យើង​នៅ​កម្ពុជា​ យើង​សង្ឃឹម​ថា ​អតិថិជន​កម្ពុជា​នឹង​គាំទ្រ​រថយន្ត Rolls-Royce យ៉ាង​ខ្លាំង ​ដោយ​ហេតុ​ថា​ យើង​បាន​លក់​រថយន្ត​របស់​យើង​ច្រើន​គ្រឿង​មក​ហើយ​ដល់​កម្ពុជា»។​

រថយន្ត​ Rolls-Royce ត្រូវ​ផលិត​ដំបូង​នៅ​ឆ្នាំ១៩០៦​ នៅ​ក្នុង​ចក្រភព​អង់គ្លេស។​ បច្ចុប្បន្ន ​Rolls-Royce​ Motor Cars ​ក៏​ល្បី​ល្បាញ​ខាង​ផលិត​ម៉ាស៊ីន​យន្ត​ហោះ​ប្រតិកម្ម​ទំនើបៗផង​ដែរ។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​ដ៏​ក្រី​ក្រ​មួយ​ក្នុង​ពិភពលោក។​ ហើយ​អំពើ​ពុក​រលួយ​ត្រូវ​គេ​រិះ​គន់​ជា​ចំហ​ និង​ជា​ប្រចាំ។​ អំពើ​ខុស​ច្បាប់​នេះធ្វើ​ឲ្យ​ស្រទាប់​ជីវភាព​ប្រជាពល​រដ្ឋ​កម្ពុជាមាន​គម្លាត​ខ្លាំង។​

យោង​តាម​របាយ​ការណ៍​របស់​វិទ្យាស្ថានបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភវិឌ្ឍន៍​កម្ពុជា ​(CDRI)​ ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤​ បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ឆ្នាំ​២០០៤​រហូត​ដល់​ឆ្នាំ​២០១៣​ កម្រិត​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី​៥៣%​មក​ត្រឹម​២០%។​

ការ​កាត់​បន្ថយ​ឆាប់​រហ័ស​នេះ​គឺ​ដោយសារ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​អត្រា​កំណើន​ខ្ពស់​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០៤​រហូត​ដល់​ឆ្នាំ​២០១១​ ជា​មធ្យម​សេដ្ឋកិច្ច​កម្ពុជា​ស្នើ​នឹង​៧,៨%។​ ​របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ភាគ​ច្រើន​នៃ​គ្រួសារ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ងើប​ផុត​ពីបន្ទាត់​ក្រីក្រ ប៉ុន្តែ​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ក្រីក្រ​នៅ​ឡើយ។ ​អ្នក​ទាំង​នោះ​មានប្រាក់​ចំណូល​ជា​មធ្យម​ប្រែប្រួល​ពី​ចន្លោះ​១,២៥​ទៅ​២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។​

ទោះ​បី​ជា​យ៉ាងណាក្តី ​ថ្លែង​ក្នុងពិធី​សម្ពោធន៍​ការ​ផ្តល់​សិទ្ធិ​លក់​រថយន្ត​ Rolls-Royce​ នៅ​ថ្ងៃ​ដដែល​នេះ លោក​ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហ​កម្ម​ និង​សិប្បកម្ម​ មាន​ប្រសាសន៍​ថា​ ​ស្ថិរភាព​នៃ​កំណើន​សេដ្ឋ​កិច្ច​ដ៏​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយនឹង​ការ​ងើប​ឡើង​នៃ​ក្រុម​អ្នក​ដែល​មាន​ជីវភាព​លើស​កម្រិត​មធ្យម​ និង​អ្នក​មាន​ខ្លាំង​នឹង​ក្លាយ​ជាទីផ្សារ​របស់​ក្រុមហ៊ុន​ឡាន​ទំនើបៗ​ ដូច​ Rolls-Royce។​

«យើង​ឃើញ​ថា ​អ្នក​មាន​មធ្យម​ហ្នឹង​គឺ​កើត​មាន​ច្រើន​ហើយ​នៅ​កម្ពុជា​យើង។​ អញ្ចឹង​បាន​ជា​មាន​រថយន្ត​ប្រណិត​ផ្សេងៗ​មាន​គេ​ជិះ​ច្រើន​នៅ​កម្ពុជា។​ ប៉ុន្តែ​រថយន្ត​មហា​ប្រណិត​ដូច ​Rolls-Royce ហ្នឹង​គឺអត់​សូវ​មាន​ទេ។​ នៅ​ពេល​យើង​ទាញ​ប្រជា​ពលរដ្ឋ​ចេញពី​ភាព​ក្រីក្រ​កាន់តែ​លឿន​ អ្នក​មាន​ថ្នាក់​កណ្តាល​កាន់​តែ​ធំ​ អ្នក​មាន​ខ្លាំង​ហ្នឹង​ក៏មាន​ច្រើន​ដែរ​ ឬ​អ្នក​មាន​ធំមែន​ទែន​ហ្នឹង​ រថយន្ត​ហ្នឹង​គឺ​ត្រូវ​គាត់​ហើយ»។​ ​

លោក​ ចាន់​ សុផល អ្នក​នាំពាក្យ​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ មិន​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​មក​បណ្តាក់​ទុក​រកស៊ី​របស់​ក្រុមហ៊ុន​រថយន្ត​ Rolls-Royce​ Moto​r Cars ​នៅ​កម្ពុជា​ទេ។

អ្នក​សេដ្ឋកិច្ច​រូប​នេះ​ថ្លែង​ថា ​តាម​អ្វី​ដែល​លោក​សង្កេត ​ឃើញ​មាន​ក្រុម​អ្នក​មាន​មួយ​ចំនួន​តូច ​ដែល​មាន​ប្រាក់​ដ៏ច្រើននឹង​អាច​ក្លាយ​ជា​អតិថិជន​របស់​ក្រុម​ហ៊ុន​ម៉ូដ​ឡាន​ទំនើបៗ។​

«ខ្ញុំ​ជឿ​ថា ​ក្រុមហ៊ុន​នីមួយៗ​មុន​នឹង​គេ​មក​បោះ​ទីផ្សារ​ ឬ​ទីតាំង​នៅ​ស្រុក​យើង​ គេ​សុទ្ធ​តែ​មាន​ការ​សិក្សា​អំពី​តម្រូវ​ការ​ច្បាស់លាល់​ហើយ។ ​គេ​មិន​មែន​ចេះ​តែធ្វើ​ជំនួញ​ដោយ​មិន​បាន​សិក្សា​នោះ​ទេ»។​

បច្ចុប្បន្នមាន​ក្រុមហ៊ុន​រថ​យន្តម៉ាក​ទំនើបៗ​ ល្បីៗជាច្រើន​បានសម្លឹង​រក​អតិថិជន​នៅ​កម្ពុជា ​ដូច​ជា​រថយន្ត​ Mercedes​ របស់​ប្រទេស​អាល្លឺម៉ង់ ​រថយន្ត​ Chevrolate, Escalate ​និង​រថយន្ត​ Ford​ របស់​សហរដ្ឋ​អាមេរិក។ ​ក្រៅ​ពី​នោះ​ក៏មាន​រថយន្ត​ប្រភេទ​ Land Rover ​របស់​ប្រទេស​អង់គ្លេស​និង​រថយន្ត​ Toyota ​និង​រថយន្ត​ម៉ាក​ Mazda​ របស់​ប្រទេស​ជប៉ុន​ជា​ដើម។​

លោក​កែម​ ឡី​ ​អ្នក​វិភាគ​សង្គម​ឯករាជ្យ​ បានលើក​ឡើង​ពី​មូលហេតុ៣​យ៉ាង​សំខាន់ៗ​ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្រេច​នំា​យក​ប្រភេទ​ម៉ូដ​ឡាន​ល្បីៗតម្លៃ​ខ្ពស់​កប់​ពពក​មក​លក់​នៅ​ប្រទេស​កម្ពុជា​ ដែល​មាន​ពលរដ្ឋ​ជាង​៨៥%​ ជា​អ្នក​ក្រីក្រ។​

សម្រាប់​រូប​លោក ​កំណើន​នៃ​អ្នក​វិយោគទុន​មក​ពី​ប្រទេស​ចិន​ កូរ៉េ​ និង​ប្រទេស​ដទៃ ដែល​ជា​អ្នក​មាន​ មន្ត្រី​ និង​អ្នក​មាន​អំណាច​ស្រុក​ខ្មែរ​ ឈ្មួញ​ដែល​មាន​បាន​ពី​ការ​រកស៊ី​ និង​មួយ​ចំនួន​ទៀត​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ដោយសារ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ បាន​ក្លាយ​ជា​គោល​ដៅ​របស់​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​ទាំង​នោះ។

«របាយ​ការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ​២០១៣បង្ហាះ​ថា​ អ្នក​ដែល​ក្រ​ និង​អ្នក​ដែល​រងគ្រោះ​បូកបញ្ជូល​គ្នា​ទៅ​ អ្នក​ហ្នឹង​រក​បាន​តិចជាង​២,៣​ (ដុល្លារ)​ មាន​រហូត​ដល់​១១,១​លាន​នាក់​ ប្រហែល​៨៥%។​ អញ្ចឹងអ្នក​មាន​ដែល​មាន​គ្នា​១៥%​ហ្នឹង​មាន​លទ្ធភាព​ទិញ។​ អ្នក​ហ្នឹង​មាន​ឱកាស​ច្រើន ឱកាស​មិន​ត្រឹមតែ​រក​ស៊ី​ត្រឹមត្រូវ​ទេ​គឺ​ថា ​ទៅ​តោង​យក​ផល​ប្រយោជន៍​របស់​ជាតិ»។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា ​ការ​នាំ​ចូល​រថយន្ត​ និង​យាន​ជំនិះ​ផ្សេងៗស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់ទី​៥​នៃ​ទំនិញ​ដែល​នាំ​ចូល​ច្រើន​ជាង​គេ​ ទាំង​១០​មក​កាន់​ប្រទេស​កម្ពុជា។​

ក្នុង​ឆ្នាំ​២០១១​ ទឹកប្រាក់​សរុប​ក្នុង​ការ​នាំ​ចូល​រថយន្ត និង​យាន​ជំនិះ​ផ្សេងៗ​មាន​ប្រហែល​ជិត​២៧២​លាន​ដុល្លារ។ ប្រទេស​ជប៉ុន​ អាមេរិក​ និង​កូរ៉េ​ខាងត្បួងគឺ​ជា​ប្រទេស​ដែលនាំរថយន្ត​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ៕
XS
SM
MD
LG